ក្រសួងរតនាគារអាមេរិក បានប្រកាសការដាក់ទណ្ឌកម្មទៅលើលោក Ahmad Jannati ជាមនុស្សដ៏មានឥទ្ធិពលម្នាក់ មានតួនាទីជារដ្ឋលេខាធិការ នៃក្រុមប្រឹក្សាឆ្មាំការពារ និងលោក Mohammad Yazdi សមាជិក នៃក្រុមប្រឹក្សានេះ។ ក្រៅពីមន្រ្ដីអ៊ីរ៉ង់ដ៏មានឥទ្ធិពលទាំង២នាក់ខាងលើនេះ ក៏មានសមាជិក នៃគណៈកម្មាធិការបោះឆ្នោតជាន់ខ្ពស់ចំនួន៣រូបផ្សេងទៀត បានរងនូវទណ្ឌកម្មរបស់អាមេរិក ផងដែរ រួមមាន លោក Abbas Ali Kadkhodaei លោក Siamak Rahpeyk និងលោក Mohammad Moghadam ។
លោក Steven Mnuchin រដ្ឋមន្រ្ដីក្រសួងរតនាគារអាមេរិក បានថ្លែងថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងមិនអត់ធ្មត់ដល់មេដឹកនាំ នៃរបបគ្រប់គ្រងអ៊ីរ៉ង់ ចំពោះការរារាំងនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់ ដែលមិនបានអនុញ្ញាតឲ្យពួកគេជ្រើសរើសមេដឹកនាំ ដែលពួកគេចង់បាន។
លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា ជំហរដ៏រឹងមាំរបស់អាមេរិក នឹងបន្ដគាំទ្រដល់ប្រជាពលរដ្ឋអ៊ីរ៉ង់ ដែលចង់បាននូវលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសរបស់ពួកគេ។ រីឯលោក Jannati ជាបព្វជិតអ៊ិស្លាមដ៏មានឥទ្ធិពល បានត្រួតពិនិត្យការដកសិទ្ធិបេក្ខជនជាង ៩០០០នាក់ ក្នុងចំណោម ១៤០០០នាក់ ចេញការបោះឆ្នោតជ្រើសរើសសមាជិកសភា ចំនួន២៩០រូប កាលពីថ្ងៃទី២០ ខែកុម្ភៈ។
ជាមួយគ្នានេះដែរ លោក Brian Hook តំណាងពិសេសរបស់អាមេរិកប្រចាំនៅប្រទេសអ៊ីរ៉ង់ ក៏បានហៅរបបគ្រប់គ្រងអ៊ីរ៉ង់ថា « ម៉ាហ្វីយ៉ា»ដោយលោក អត្ថាធិប្បាយពីការខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការក្លែងបន្លំដាក់បេក្ខជន ក្នុងការបោះឆ្នោត កាលពីថ្ងៃទី២០ ខែកុម្ភៈ។
ភាពតានតឹង រវាងអាមេរិក និង អ៊ីរ៉ង់ បានកើតឡើង ក្រោយពេលោក ដូណាល់ ត្រាំ បញ្ជាឲ្យវាយប្រហារដោយយន្ដហោះគ្មានមនុស្សបើកបរ សម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោកឧត្ដមសេនីយ៍ Qassem Soleimani និងមនុស្សជំនិតរបស់លោក នៅជិតអាកាសយានដ្ឋានអន្ដរជាតិទីក្រុងបាដាដ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ក្រោយហេតុការណ៍ខាងលើនេះរំលងបាន៥ថ្ងៃ អ៊ីរ៉ង់ក៏បានវាយប្រហារសងសឹកទៅលើមូលដ្ឋានចំនួន២កន្លែងរបស់កងទ័ពអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់។
នៅក្នុងវាយប្រហារសងសឹករបស់អ៊ីរ៉ង់នោះ លោក ដូណាល់ ត្រាំ បានឆ្លើយភ្លាមៗថា កងទ័ពអាមេរិក មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ប៉ុន្ដែក្រោយមក មន្ទីរបញ្ចកោណរបស់អាមេរិក បានប្រកាសថា កងទ័ពរបស់ខ្លួន របួសខួរក្បាល ជាង១០០នាក់៕