ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធីថ្នាក់ទី៩ ចំនួន ២.៤១១​នាក់ ចូលរួមកម្មវិធី បង្កើនចំណេះដឹងទូទៅ តាមរយៈការសិក្សា “ទស្សនទានព្រះពុទ្ធសាសនា”

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធ​​កម្មវិធី “ទស្សនទានព្រះពុទ្ធសាសនា” ជូនដល់សិស្ស ថ្នាក់ទី៩ ចំនួន ២.៤១១នាក់ ដែលមកពី ២០សាខានៃសាលាប៊ែលធី អន្តរជាតិ ដែលមាន ព្រះគ្រូ ខៀវ ម៉ាលីន ព្រះលេខាធិការអនុគណខណ្ឌចំការមន​​និងជាព្រះលេខាធិការវត្តមហាមន្ត្រី ជាធម្មកថិកនិមន្តមកសម្តែងធម៌នាពេលនេះ។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថា៖ ដើម្បីពង្រឹងគុណភាពអប់រំសម្រាប់សិស្សចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ក៏ដូចជា ដើម្បីឲ្យប្អូនៗ សិស្សានុសិស្សទទួលបានចំណេះដឹងបន្ថែមទៀត សាលា ក៏បានបង្កើត និងបញ្ចូលកម្មវិធី សំខាន់ៗ ទាំង៨ ​ រួមមាន៖

១-កម្មវិធីបង្កើនចំណេះដឹងទូទៅ (ក-សិស្សថ្នាក់ទី៩ សិក្សាពីទស្សនទានព្រះពុទ្ធសាសនា ខ-ថ្នាក់ទី១០

សិក្សាពីសុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក គ-ថ្នាក់ទី១១ សិក្សាពីការយល់ដឹងពីគ្រឿង

ញៀន និងជម្ងឺអេដស៍ និង ឃ-ថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម)

២-កម្មវិធីពង្រឹងស្មារតី(ក-កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ ខ-កម្មវិធីប្រកួតប្រជែងនិយាយ

ភាសាអង់គ្លេស និង គ-វេទិកាជជែកពិភាក្សាជាសាធារណៈ)

៣-កម្មវិធីទស្សនកិច្ចសិក្សា(តាមតំបន់ទេសចរណ៍ និង តំបន់ប្រវត្តិសាស្រ្តនានា ទាំងក្នុង និងក្រៅប្រទេស)

៤-កម្មវិធិសិក្សាតាមទូរទស្សន៍(សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ)

៥-កម្មវិធីប្រឡងសំណេរ(សិស្សចេះស្ទាត់ក្នងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ)

៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា(សិស្សមានភាពស្ទាត់ និងមានភាពរហ័សក្នុងការគិតលេខ)

៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ(ផ្តល់ឱ្យសិស្សបានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដែលមានតាំងពីកំណើត)

៨-កម្មវិធីកីឡា(សិស្សទទួលបានសុខភាពល្អ មានមេត្រីភាព និងសាមគ្គីភាព)

ហើយសាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ផងដែរ។

ក្នុងឱកាសនោះផងដែរ ព្រះគ្រូ ខៀវ ម៉ាលីន បានមានសង្ឃដីកាថា៖ ព្រះតេជគុណ និមន្តមកសម្តែងធម៌នាពេលនេះ ដើម្បីឲ្យសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ បានយល់ដឹងពីព្រះធម៌ និងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបញ្ជ្រាបព្រះពុទ្ធឱវាទដល់សិស្សានុសិស្សឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស មានកតញ្ញូកតវេទិតាធម៌ចំពោះមាតាបិតា ដែលបានចិញ្ចឹមបីបាច់ថែរក្សា ពិសេសអប់រំពង្រឹងសីលធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមឲ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ​ អំពើអនាចារ ការរំលោភសេពសន្ថវៈ យល់ដឹងពីបញ្ហាសុខភាព និងជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើង។ ជាពិសេស យុវជន យុវនារី កុមារា កុមារី ឲ្យប្រព្រឹត្តតែអំពើល្អ និងខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទៅថ្ងៃអនាគត ៕ អរុណរះ


ចែករំលែក៖