ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក វូ ដឹក ដាម (Vu Duc Dam)នៅថ្ងៃទី២៥ ខែកុម្ភៈ បានប្រកាសថា វៀតណាមបានយកឈ្នះក្នុងសមរភូមិដំបូង ក្នុងសង្គ្រាមប្រឆាំង វីរុស កូវីដ-១៩ ។ ជាមួយគ្នានោះលោកក៏បានអំពាវនាវ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងរាលដាល។
វៀតណាម មានករណីឆ្លងវីរុសកូវីដ-១៩ ចំនួន១៦នាក់ ប៉ុន្តែក្រុមគ្រូពេទ្យវៀតណាម បានព្យាបាលជាសះស្បើយ១៥ នាក់ឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ។ នៅថ្ងៃទី២៥ខែកុម្ភៈ អ្នកជំងឺចុងក្រោយនឹងត្រូវចាកចេញពីមន្ទីពេទ្យត្រឡប់ទៅផ្ទះវិញ ក្រោយការធ្វើតេស្តជាច្រើនលើករកមិនឃើញវីរុសកូវីដ-១៩ឡើយ។
លោក Nguyen Thanh Hai អគ្គនាយកនៃមន្ទីសុខាភិបាលខេត្ត Vinh Phuc បានបញ្ជាក់ថា អ្នកជំងឺទី១៦ នឹងត្រូវចាកចេញពីមន្ទីពេទ្យនៅថ្ងៃនេះ។ អ្នកជំងឺចុងក្រោយនេះបានធ្វើតេស្តពីរលើកមកហើយដោយរកមិនឃើញមានវីរុសកូវីដ-១៩ នោះឡើយ។
នេះជារឿងមួយដ៏ល្អប្រសើរបំផុត ដែលវៀតណាមព្យបាលជាសះស្បើយទាំងអស់ អ្នកជំងឺឆ្លងវីរុសកូវីដ-១៩ ។ បច្ចុប្បន្នពិភបលោកទាំងមូល មានករណីឆ្លងរាលដាលកាន់តែខ្លាំង ពិសេសគឺនៅក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ីរ៉ង់ មានករណីឆ្លងវីរុសច្រើនជាងគេ បង្អស់សម្រាប់ប្រទេស ក្រៅពី ចិន ។
ក្រៅពីវៀតណាម ប្រទេសជាច្រើន ក៏បានព្យាបាលអ្នកជំងឺជាសះស្បើយជាបន្តបន្ទាប់ ពិសេសគឺប្រទេសចិន ដែលមានអ្នកជំងឺ ចាកចេញពីមន្ទីពេទ្យកាន់តែច្រើន។ ចំនួនអ្នកស្លាប់និងអ្នកឆ្លងនៅចិន ធ្លាក់ទាប់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២សប្តាហ៍កន្លងមក៕