ខេត្តបាត់ដំបង: មិនមែនជាការលេងសៀកស្អីនោះទេ ការពិតរថយន្តមួយគ្រឿងដែលក្រឡាប់ផ្ងារជើងឡើងលើវិលខ្ញាល់ដូចកន្តេះឡង់ក្នុងចានដែកនេះ គឺជាការធ្វេសប្រហែសរបស់អ្នកបើកបរមានភាពស្រវឹងខ្លាំង បើកទៅបុកខឿនផ្លូវបង្កគ្រោះថ្នាក់ខ្លួនឯងតែប៉ុណ្ណោះ ។ តែសកម្មភាពនេះចាត់ទុកជាសំណាងដែរដែលអ្នកបើកបរមានភាពស្រវឹងខ្លាំងនេះបានត្រឹមរងរបួស ចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ហើយអ្នកឃើញហេតុការណ៍នេះក៏ព្រលឹងនៅចុងសក់មិនតិចដែរ ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចផ្លូវបំបែកចូលសាកលវិទ្យាល័យគ្រប់គ្រប់ និងសេដ្ឋកិច្ច (UME) ភូមិរំចេក៤ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលចរាចរក្រុងបាត់ដំបងបានឲ្យដឺងថា រថយន្តមួយគ្រឿងដែលក្រឡាប់ផ្ងារជើងឡើងលើ ដូចគេលេងសៀកនេះម៉ាកហុងដា RAV4 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ បាត់ដំបង 2A-4186។ អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនីងអាសយដ្ឋាននោះទេ ព្រោះក្រោយកើតហេតុបានលូនចេញពីក្នុងរថយន្តហើយគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ គ្រោះថ្នាក់ចរាចរណ៍នេះធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវព្រឺឆ្អឹងគ្រប់គ្នាកាលបើបានឃើញទិដ្ឋភាពក្រឡាប់រថយន្តទាំងកំរោលប្រៀបបានគេលេងសៀកបែបនេះ ។
សាក្សីបានឲ្យដឹងថា រថយន្តនេះបានបោះពួយយ៉ាងលឿន ដោយអ្នកបើកបរមានភាពស្រវឹងខ្លាំងធ្វើដំណើរពីលិចទៅកើតហើយក៏រេចង្កូតប៉ះខឿនថ្នល់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ មនុស្សរងរបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែករថយន្ត ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕ សហការី