នៅក្នុងខែកុម្ភៈ នេះថៃប្រឈមនឹងការវាយប្រហារ បំផ្ទុះគ្រាប់បែក ឬបាញ់ប្រហារជាច្រើនកើតឡើង ក្នុងនោះ មានការបាញ់ប្រហារនៅទីក្រុងបាងកក បង្កឡើងដោយទាហានម្នាក់ បណ្តាលឲ្យមានអ្នកស្លាប់ ២៩នាក់ កាលពីថ្ងៃទី៨ ខែកុម្ភៈ។ ក្រោយមក១០ថ្ងៃក៏មានករណីបាញ់ប្រហារនៅក្នុងផ្សារទំនើប ប៉ុន្តែ ជាករណីបុគ្គល ។ ការបាញ់ប្រហារទាំងនោះធ្វើឲ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំង ។
នៅពេលនេះ មានការបំផ្ទុះគ្រាប់បែក នៅក្នុងខេត្ត សុងក្លា(Songkhla)ភាគខាងត្បូង ប្រទេសថៃ បណ្តាលឲ្យមនុស្ស ១០នាក់រងរបួស។ មន្ត្រីសន្តិសុខថៃបានប្រកាសថា ការបំផ្ទុះគ្រាប់បែកគឺជាស្នាដៃរបស់ក្រុមឧទ្ទាមនៅតំបន់ភាគខាងត្បូង។
កម្លាំងប៉ូលិសថៃបានបញ្ជូនទៅកាន់ ទីតាំងផ្ទុះគ្រាប់បែកជាបន្ទាន់ស្ថិតនៅក្នុងតំបន់ Saba Yoi ក្នុងខេត្តសុងក្លា ។
ការបំផ្ទុះគ្រាប់បែកខាងលើកើតឡើងក្រោយពេលដែល កម្លាំងទាហានថៃ បានប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាម នៅតំបន់ព្រៃភ្នំ ក្នុងខេត្ត ណារ៉ាធីវ៉ាត បណ្តាលឲ្យខ្មាន់កាំភ្លើងក្រុមឧទ្ទាម៥នាក់ ស្លាប់ ។ ការបំផ្ទុះគ្រាប់បែកលើកនេះអាចជាការសងសឹងពីក្រុងឧទ្ទាម។
លោក Pramote Prom-in មេបញ្ជាការកម្លាំងទាហានថៃប្រចាំនៅតំបន់ភាគខាងត្បូង បានឲ្យដឹងថា ក្រុមឧទ្ទាម អាចនឹងសងសឹក ដោយវាយប្រហារក្នុងតំបន់ជាច្រើននៅបណ្តាខេត្តភាគខាងត្បូង ។
ចាប់តាំងពីឆ្នាំ២០០៤មក ក្រុមឧទ្ទាមអ៊ីស្លាមទាមទារស្វ័យភាពខេត្តចំនួន៣នៅក្នុងប្រទេសថៃ គឺខេត្ត យ៉ាឡា ប៉ាតានី និង ណារ៉ាធីវ៉ាត បានបង្ករឲ្យមានការប៉ះទង្គិចគ្នា ជាមួយកម្លាំងទាហានរដ្ឋាភិបាល បណ្តាលឲ្យមនុស្ស ៧ពាន់នាក់ស្លាប់ តាំងពីពេលនោះមក៕