ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងចក្រ៤គ្រឿងត្រូវសមត្ថកិច្ចព្រំដែនឃាត់ទុក និងជនជាតិវៀតណាម៥នាក់ ត្រូវបណ្តេញទៅប្រទេសកំណើតវិញ​

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ គ្រឿងចក្រត្រាក់ទ័រឈូសឆាយដីចំនួន៤គ្រឿងដែលគេសង្ស័យថា គ្មានឯកសារនាំចូលមកប្រទេសកម្ពុជា ក្នុងបំណងឈូសឆាយដីព្រៃនោះ ត្រូវបានកម្លាំងនគរបាលវរៈកាពារព្រំដែន៦២១ ឃាត់ទុកបណ្តោះអាសន្ន ចាត់ការតាមច្បាប់មនុស្ស៥នាក់ ត្រូវបណ្តេញចេញទៅប្រទេសកំណើតវិញ ។

ការឃាត់គ្រឿងចក្រដែលនាំចូលគ្មានឯកសារនោះ កម្លាំងវរៈកាពារព្រំដែនបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចជិតប៉ុស្តិ៍កង់រ៉ូឡង់ នាស្រុកអូរាំង ខេត្តមណ្ឌលគិរី ។

តាមប្រភពពីសហគមន៍ជនជាតិដើមភាគតិចឃុំដាក់ដាំថា គេបានឃើញគ្រឿងចក្រចំនួន៤គ្រឿង និងរថយន្ត២គ្រឿង រួមទាំងជនជាតិវៀតណាម៦នាក់ផងដែរ បានលួចចូលមកទឹកដីសហគមន៍សមូហភាព ជនជាតិដើម ភូមិពូឡេះ ឃុំដាក់ដាំ ជិតប៉ុស្តិ៍កង់រ៉ូឡង់ ដោយគ្មានមូលហេតុ និងច្បាប់ត្រឹមត្រូវ តែត្រូវសហគមន៍តាមទាន់ ។

ប្រភពពីសហគមន៍បន្តថា ក្រុមនេះ អ្នកមានអំណាចជាឧកញ៉ា ដែលពូកែទិញដីក្នុងឃុំដាក់ដាំជាអ្នកឲ្យយគ្រឿងចក្រនោះចូលមកដើម្បីឈូសដីព្រៃតំបន់ការពារនោះ។ ដោយសារមានការជំរុញពីសហគមន៍នៅទីនោះ ទើបក្រុមនគរបាលចំនួន៣រថយន្តចុះមកធ្វើអន្តរាគមន៍ និងឃាត់ទុកនៅប៉ុស្តិ៍កង់រ៉ូឡង់នោះតែម្តងទៅ ។

ករណីនេះឧត្តមសេនីយ៍ទោ​ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ក្រុមអ្នកកាសែតថា ជនជាតិវៀតណាមទាំង៥នាក់ នឹងត្រូវបញ្ដេញចេញទៅវិញភ្លាម ព្រោះពួកគាត់គ្មានលិខិតឆ្លងដែនត្រឹមត្រូវ ។ ឯគ្រឿងចក្រចំនួនទាំង៤គ្រឿង សមត្ថកិច្ចជំនាញ និងត្រួតពិនិត្យលើឯកសារពាក់ព័ន្ធ និងប្រគល់ឲ្យមន្ត្រីគយចាត់ការបន្តទៀត ។

លោកស្នងការបន្តថា គ្រឿងចក្រនេះ ត្រូវបានគេចល័តមកពីខេត្តរតនៈគិរី ចំណែកជនជាតិវៀតណាមខាងលើ ក៏ឆ្លង់ដែនចូលទឹកដីកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តរតនៈគិរីដែរ ។

គ្រឿងចក្រទាំងនេះគេយកមកបម្រុងធ្វើសកម្មភាពឆូសឆាយដីព្រៃឲ្យក្រុមហ៊ុន មីហ្គាហ្វើស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងមន្ត្រីជំនាញឬប្រធានមន្ទីរកសិកម្មឡើយ ។

បន្ទាប់ពីមានករណីនេះលោក កែវ សុភក័ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថា ក៏មានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃសីមា មន្រ្តីកងរាជអាវុធហត្ថលើផ្ឌៃប្រទេស និងមន្រ្តីនគរបាលនៃស្នងការដ្ឋាន ខេត្តមណ្ឌលគិរី បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលចូលមកកាប់រានដីព្រៃយកជាកម្មសិទ្ធិ ចំណុចភ្នំស្រឡៅ ក្នុងស្រុកអូរាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈនោះដែរ ។

លោកថា ជនសង្ស័យមានឈ្មោះ សុខ ជា ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូត្រែង ឃុំ ដាក់ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច ក៏បានដកហូតវត្ថុតាងរួមមាន៖ រណារយន្តចំនួន០១ គ្រឿង កាំបិតចំនួន ០១ដើម​ ហើយជនសង្ស័យក៏ត្រូវបានបញ្ជូនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីកសាងសំណុំរឿងទៅតាមច្បាប់ ៕ ជីវ័ន្ត


ចែករំលែក៖