ខេត្ដសៀមរាប៖ អនុប្រធានសាខាក្រុមហ៊ុនធានារ៉ាប់រងប្រចាំខេត្តសៀមរាប មួយរូប បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងឯកជនមួយ ក្នុងក្រុមទី១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
មន្រ្តីនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ចំណាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអនុប្រធានទី១សាខាក្រុមហ៊ុនធានារ៉ាប់រងឯកជនមួយប្រចាំខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងហើយធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះបានចង.កសម្លាប់ខ្លួននឹងខ្សែនីឡុងជាប់នឹងដំបូលផ្ទះបាយផុតជើងពីឥដ្ឋការ៉ូក្រាលប្រវែងជាងកន្លះម៉ែត្រ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតប្រាកដមែន មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ។ ទោះជាមូលហេតុដែលបណ្តាលឲ្យជនរងគ្រោះធ្វើអត្តឃាតនោះ សមត្ថកិច្ចជំនាញមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយក៏ដោយ។ ក៏ប៉ុន្តែបុរសរូបនោះបានបន្សល់ទុកនូវលិខិតសរសេរផ្ទាល់ដៃ១សន្លឹក បញ្ជាក់ពីកំហុសការងាររបស់ខ្លួន និងសុំទោសក្រុមគ្រួសារ ក៏ដូចសហការីធ្វើការជាមួយគ្នា ខណៈខ្លួនបានយកថវិការបស់ក្រុមហ៊ុនដែលប្រមូលបានពីអតិថិជនមកប្រើប្រាស់សប្បាយខ្លួនឯង និងបានផ្តាំឲ្យយកសពទៅធ្វើបុណ្យនៅខេត្តព្រៃវែងផង៕ សហការី