ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសលោកជំទាវញ៉ែម មរកត ត្រូវ តុលាការកែប្រែបទចោទប្រកាន់ ក្នុងសំណុំ រឿងប៉ុនប៉ងបាញ់សម្លាប់ នៅក្លិបលុច្សសារី

ចែករំលែក៖

ភ្នំពេញ ៖ សំណុំរឿងប៉ុនប៉ងបាញ់ សម្លាប់ នៅក្លិបលុច្សសារី កាលពីចុងខែ ឧសភា ឆ្នាំ២០១៩ ដែលបង្កឡើងដោយ ឈ្មោះ រិន សុបញ្ញា ជាកូនប្រុសរបស់លោក ស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជ ធានីភ្នំពេញ សម្រេចបិទការស៊ើបសួរនិង បញ្ជូនទៅជំនុំជម្រះហើយ កាលពីខែមករា ឆ្នាំ២០២០ ថ្មីៗនេះ ។

ប៉ុន្តែអ្វីដែលជាចំណុចសំខាន់គឺ ចៅ​ក្រមស៊ើបសួរបានសម្រេចចេញដីកា ដំណោះស្រាយ ដោយកែប្រែបទចោទ ប្រកាន់លើជនជាប់ចោទឈ្មោះ រិន សុបញ្ញា ពីបទ “ប៉ុនប៉ងឃាតកម្ម” តាម មាត្រា២៧ និង មាត្រា១៩៩ នៃក្រម ព្រហ្មទណ្ឌ ដែលជាបទឧក្រិដ្ឋ មកជាបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” តាមមាត្រា២៨១នៃក្រមព្រហ្ម ទណ្ឌ វិញ ដែលជាបទមជ្ឈិម ។

បញ្ហានេះ ធ្វើឲ្យជនរងគ្រោះផ្ទុះ ប្រតិកម្មយ៉ាងខ្លាំងក្លា ដោយបានប្តឹងទៅ សាលាឧទ្ធរណ៍ ជំទាស់នឹងដីកាដំណោះ ស្រាយរបស់ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងឧទ្ធរណ៍ ដែលកាសែតនគរវត្តទើបទទួលបាននៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បង្ហាញថា ឈ្មោះ សុខ នុន អាយុ៣៨ឆ្នាំ មានលោក លឹម សូលីតា ជាមេធាវីតំណាងដោយ អាណត្តិ បានប្តឹងឧទ្ធរណ៍លើដីកាដំណោះ ស្រាយ សម្រេចបញ្ជូនសំណុំរឿងទៅជំនុំ ជម្រះ លេខ០៨២ “ធ” ដ.ដ ចុះថ្ងៃទី៨ ខែ មករា ឆ្នាំ២០២០ ។

តាមពាក្យបណ្តឹងឧទ្ធរណ៍ នេះបានរៀប រាប់អំពីអង្គហេតុថា កាលពីថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០១៩ លោក សុខ នុន បាន​ទៅលេងកម្សាន្ត​នៅក្លិបលុច្សសារី ក្នុង​សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ ពេលទៅ​ដល់និងអង្គុយលេងមួយសន្ទុះ ស្រាប់តែ​ឃើញប្អូនប្រុសលោក គឺ ឈ្មោះ ពេជ្រ បាន​ដើរចេញពីបន្ទប់ទឹកមក ក្នុងសភាព​បែកមាត់ឈាមច្រមុះ ហើយប្អូនប្រុសបាន​ប្រាប់ថា “មានគេវាយគាត់” ។

បន្ទាប់មកឈ្មោះ សុខ នុន និង ឈ្មោះ នឹម លីណា ហៅ អារីយ៉ា បានដើរទៅសួរ នាំ ។ ឈ្មោះ អារីយ៉ា បានដើរទៅដល់មុខ បន្ទប់ទឹក ក៏បានស្រែកសួរថា “មានរឿងអ្វី ម៉េចមិននិយាយជាមួយខ្ញុំសិន? ហេតុអ្វី​បានជាវាយមិត្តប្រុសខ្ញុំ(ពេជ្រ)?” ។ ពេល​ ​នោះឈ្មោះ សុខ នុន បានដើរសំដៅទៅរក​ឈ្មោះ រិន​ សុបញ្ញា ហើយបានសួរថា “ហេតុ​អ្វី បានជាវាយប្អូនអញ?”។ ភ្លាម​នោះ ឈ្មោះ រិន សុបញ្ញា បានតបថា “ឯង​ចង់ម៉េចៗ?” រួចឈ្មោះ រិន សុបញ្ញា បានដកកាំភ្លើងបាញ់ សំដៅមកឈ្មោះ សុខ នុន និង អារីយ៉ា ចំនួន៣គ្រាប់បណ្ដាល ឲ្យរបួសចំជើងខាងស្តាំរបស់ឈ្មោះ អារីយ៉ា ។ បន្ទាប់មកសន្តិសុខក៏ចាប់ខ្លួនឈ្មោះ រិន សុបញ្ញា បានភ្លាមៗ ប៉ុន្តែក្រោយ មកក្រុមសន្តិសុខទាំងនោះក៏បានលែងជនជាប់ចោទទៅវិញផងដែរ ព្រោះដឹងថាជា​កូន​អ្នក​មានអំណាច ម្នាក់ ។ ក្រោយពីមានហេតុការណ៍ខាងលើនេះកើតឡើងក្រុមអ្នកសារព័ត៌មានជាច្រើន បាននាំគ្នាផ្សព្វផ្សាយរហូតម្តាយជនជាប់ចោទ សម្រេចនាំកូន​ប្រុស​របស់ខ្លួន មកប្រគល់ឲ្យសមត្ថកិច្ច​តែម្តង ។

យោងតាមពាក្យបណ្តឹងឧទ្ធរណ៍ដដែល​ នេះ បានបង្ហាញអំពីអង្គច្បាប់ថា យោង​តាម​មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បទ​ឃាតកម្ម គឺ ជាអំពើសម្លាប់មនុស្សដោយ​ចេតនា ដោយប្រើអាវុធ ឬ មិនប្រើអាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។

យោងតាមអង្គហេតុនិងអង្គច្បាប់ជាក់ស្តែង អាចសន្និដ្ឋានបានថា ឈ្មោះ រិន សុបញ្ញា ដែលបានប្រព្រឹត្តខាងលើ គឺ ជាអំពើមួយដែលមានចេតនាធ្វើឲ្យលោក សុខ នុន និងអារីយ៉ា បាត់បង់ជីវិត ដោយនៅក្នុងការប្រព្រឹត្តបទល្មើសរបស់ឈ្មោះ រិន សុបញ្ញា គឺមានចេតនាទុច្ចរិតនិងប្រើប្រាស់អាវុធ (កាំភ្លើង) ធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះ បង្ហើបប្រាប់កាសែតនគរវត្តថា ក្រោយកើត​ហេតុ ជនបង្កបានគេចខ្លួន រហូតថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ម្តាយរបស់ជនល្មើស បាននាំខ្លួនជនបង្ក ទៅឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ លុះនៅថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនជនល្មើសទៅ តុលាការ ដោយ លោកស្រី ស៊ឺ វណ្ណនី ជាព្រះរាជអាជ្ញារង បានចោទប្រកាន់ជន​ល្មើសពីបទ ប៉ុនប៉ងឃាតកម្ម តាមមាត្រា​២៧ និង​ម​ាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលជាបទល្មើសឧក្រិដ្ឋ និងស្នើសុំឲ្យ​ឃុំ​ខ្លួន ។ បន្ទាប់មកចៅក្រមស៊ើបសួរ បាន សម្រេចឃុំខ្លួននិងបញ្ជូនទៅពន្ធនាគាររាជធានីភ្នំពេញPJ ។ ប៉ុន្តែជននេះត្រូវបាន តុលាការអនុញ្ញាតឲ្យនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀត ក្រោមហេតុផលថាឈឺ រហូតដល់បច្ចុប្បន្ន។

សំណុំរឿងប្តឹងទៅសាលាឧទ្ធរណ៍ លេខ៥៣ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយបើកការជំនុំជម្រះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយពុំបានជូនដំណឹងទៅ មេធាវីរបស់ជនរងគ្រោះទាំងពីរ និងជនរង គ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី។ រីឯសាលា ដំបូងរាជធានីភ្នំពេញវិញ លើករឿងយក មកជំនុំជម្រះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ទាំងដែលរឿងនេះគឺជនរងគ្រោះកំពុងប្តឹងឧទ្ធរណ៍ទៅនឹងការសម្រេចកែប្រែបទចោទ ហើយសាលាឧទ្ធរណ៍មិន ទាន់សម្រេចក្តីយ៉ាងណានៅឡើយ ប៉ុន្តែ មេធាវីដើមបណ្តឹងស្នើសុំលើកពេលដោយហេតុថាសាលាឧទ្ធរណ៍មិនទាន់សម្រេចក្តីករណីខាងលើ ។

សូមបញ្ជាក់ថា ក្រោយជំនុំជំម្រះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ សាលាឧទ្ធរណ៍ ប្រកាសសាលដីកាភ្លាម ដោយជនរងគ្រោះ យល់ថា ហាក់មានការរៀបចំ ទុកជាមុុនព្រោះមានភាពមិនប្រក្រតីដោយសារជំនុំ ជម្រះមិនជូនដំណឹងទៅដើមបណ្តឹង និង មេធាវី ហើយសម្រេចភ្លាមៗ ដោយប្រើ ពេលតែមួយសប្តាហ៍ គិតពីថ្ងៃដែលសាលាឧទ្ធរណ៍ទទួលសំណុំរឿងពីសាលាដំបូង។

បន្ទាប់ពីប្រកាសសាលដីកាភ្លាមៗទាំងមិនបានជូនដំណឹងមកដើមបណ្តឹង និង មេធាវីកាពារក្តីនោះ ជនរងគ្រោះក៏ដូចជាដើមបណ្តឹងរដ្ឋប្បវេណីទាំងពីរបានប្តឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត ដោយ តុលាការហាក់មិនដឹង ឬ ធ្វើមិនដឹង ទាំងដែលជនរងគ្រោះ ក៏ដូចជាសាក្សី ដែលនៅកន្លែងកើតហេតុបានឆ្លើយ ចំពោះមុខតុលាការថា សកម្មភាពរបស់ ជនល្មើសគឺមានចេតនាសម្លាប់ជនរង គ្រោះ ដោយដកកាំភ្លើងបាញ់សំដៅមក ជនរងគ្រោះក្នុងចម្ងាយប្រហែល៥ម៉ែត្រ ក្នុងមណ្ឌលកម្សាន្ត បែរជាបុគ្គលនេះយក អាវុធចូល ហើយថែមទាំងបានបញ្ចូល គ្រាប់រួចជាស្រេច គឺ បានបញ្ជាក់ថាជន ល្មើសមានចេតនាសម្លាប់មនុស្សរួចជា ស្រេច។

ជនរងគ្រោះ សំណូមពរដល់តុលាការកំពូលគួរតែចោទប្រកាន់ពីបទល្មើសប៉ុន ប៉ងឃាតកម្ម កាន់កាប់ ប្រើប្រាស់អាវុធខុស ច្បាប់ ដោយជនរងគ្រោះបានស្នើសុំលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយធ្វើអន្តរាគមន៍​រកយុត្តិធម៌ ដើម្បីជៀសវាងមជ្ឈដ្ឋានទូទៅវាយតម្លៃថា កូនអ្នកមាន កូនអ្នកធំ អ្នក​មានអំណាច អាចរួចផុតពីសំណាញ់ច្បាប់ និង លុបបំបាត់វប្បធម៌និទណ្ឌភាព ក្នុង​សង្គមខ្មែរ៕ ស តារ៉ា

 


ចែករំលែក៖