ខេត្ដព្រះសីហនុ៖ ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបរិវេណ បុរីគុជអាស៊ី របស់ លោកឧកញ៉ា ខូវ សម្បត្តិ ស្ថិតក្នុងភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងប្រមាណ១០និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គរ។
សមត្ថកិច្ចប៉ូលិសរដ្ឋបាលសង្កាត់លេខ៣ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ Niu Shuangsuo ភេទប្រុស អាយុ៥១ ឆ្នាំ ជនជាតិចិន មានមុខរបរបម្រើការងារ ផ្នែក សាងសង់ ស្នាក់នៅក្នុងតំបន់កើតហេតុ នេះតែម្ដង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បើតាមសមត្ថកិច្ច ប៉ូលិស ការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ក្រោយពីធ្វើការពិនិត្យជាក់ស្តែង ទៅលើសព បានបញ្ជាក់ថា នៅលើ ខ្លួនប្រាណ សពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ជាមួយគ្នានេះ សមត្ថកិច្ចប៉ូលិស បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការវេចខ្ចប់ នាំយកទៅរក្សាទុករង់ចាំ សាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ឆ្លាប សមុទ្រ

