ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយ៉ូតាព្រូសពន្លះគូទរថយន្តហាយឡែនឌ័រខ្ទេចទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យបើករថយន្តងោកមួយភាំងជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតដឹកសណ្តែងបណ្ណោះពេញទំហឹងបណ្ដាលឲ្យសណ្ដែករាយប៉ាយពេញផ្លូវរថយន្តខ្ទេចទាំងសងខាងសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី ២ ខែមីនាឆ្នាំ ២០២០នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AK-7984ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យងោកមួយភាំងជ្រុលទៅបុករថយន្តហាយឡែនឌ័រដឹកសណ្ដែកបណ្ដុះមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AM-4900បើកបរដោយបុរសម្នាក់នៅខាងមុខពីក្រោយពេញទំហឹងបណ្តាលឲ្យជ្រុះសណ្តែករាយពេញផ្លូវចំណែករថយន្តខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ  ចំណែករថយន្ត តូយ៉ូតាព្រូសខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរកចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ​

ចែករំលែក៖