ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំទទួលបានការគាំទ្រខ្ពស់ ក្រោយកិច្ចព្រមព្រៀងសន្តិភាពជាមួយតាលីបង់​

ចែករំលែក៖

បរទេស៖ ការដែលរដ្ឋាភិបាល អាមេរិក ដឹកនាំដោយប្រធានាធិបតីដូណាល់ ត្រាំ យលព្រមចុះកិច្ចព្រមព្រៀងជាមួយក្រុមតាលីបង់ ក្រោយពិភាក្សាអូសបន្លាយជាច្រើនឆ្នាំកន្លងមក​ បង្ហាញឲ្យឃើញថានេះជាយុទ្ធសាស្ត្រ ដើម្បីស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោត តែប៉ុណ្ណោះ ។ ពេលនេះ​លោកត្រាំមានពន្ទុះកាន់តែខ្ពស់ តាមរយៈកិច្ចព្រមព្រៀងនោះ ។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ​​ រវាងអាមេរិកនិងតាលីបង់ ដែលទើបតែបានចុះហត្ថលេខា កាលពីថ្ងៃទី​២៩ខែមីនា នៅប្រទេសកាតា គ្រាន់តែជាការចាប់ផ្តើម​តែប៉ុណ្ណោះ ដោយនៅផ្លូវវេងឆ្ងាយខាងមុខទៀត ទើបអាចនាំមកនៅសន្តិភាពពិតប្រាកដ។

ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀង មាន៤ទំព័រ  ប៉ុន្តែមានចំណុចពីរដែលគួឲ្យចាប់អារម្មណ៍បំផុត  ទីមួយ គឺអាមេរិក​ត្រូវតែដកទាហានទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល​១៤ខែ​​ ប្រសិនបើតាលីបង់ធានាដល់សន្តិសុខដល់ទាហានអាមេរិក ។ទីពីរគឺ កិច្ចព្រមព្រៀង ជាមូលដ្ឋានដើម្បីឲ្យកិច្ចពិភាក្សា រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ បន្តពិភាក្សាគ្នា ឆ្ពោះទៅកាន់សន្តិសភាព​។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែលអាមេរិកចុះកិច្ចព្រមព្រៀង ជាមួយក្រុមតាលីបង់នោះ ជាយុទ្ធសាស្ត្ររបស់លោកត្រាំ ក្នុងការទាក់ទាញពលរដ្ឋអាមេរិកគាំទ្រ សម្រាប់ការបោះឆ្នោត នៅខែវិច្ឆិកាឆ្នាំ​២០២០ តែប៉ុណ្ណោះ។

លោកត្រាំទទួលបានពន្ទុះខ្ពស់ សម្រាប់ការបោះឆ្នោត ដែលជាក្តីសង្ឃឹមជួយឲ្យលោកជាប់ឆ្នោតបន្ថែមមួយអាណត្តិទៀត។ កាលពីការដឹកនាំរបស់អតីតប្រធានាធិបតីអូបាម៉ា ក៏ដូចគ្នា​នោះដែរ នៅពេលជិតដល់ការបោះឆ្នោត គឺមានព្រឹត្តិការណ៍នយោបាយធំមួយកើតឡើងដើម្បី ទាក់ទាញ ពលរដ្ឋគាំទ្រ ក្នុងពេលនោះ គឺការសម្លាប់ មេដឹកនាំអាលកៃដា លោកអូស្មា ប៊ីនឡាឌីន

នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) និង​ប្រមុខ​ដឹកនាំនយោបាយ​តាលីបង់ លោក អាប់ឌុល ហ្កានី បារ៉ាដារ (Abdul Ghani Baradar) បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​សៅរ៍​ ទី ២៩ កុម្ភៈ ២០២០ នៅ​ទីក្រុង​ដូហា ប្រទេស​កាតា។ ស្រប​តាម​កិច្ចព្រមព្រៀង និង​ប្រសិន​បើ​ពួក​តាលីបង់​គោរព​កិច្ចសន្យាបាន សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ដក​កងទ័ព​ទាំង​ស្រុង​ចេញ​ពី​ប្រទេសអាហ្វហ្កានីស្ថាន ក្នុង​រយៈ​ពេល​១៤​ខែ។ ចំណែក​ការចរចា​សន្តិភាព​អន្តរអាហ្វហ្កានីស្ថាន នឹង​អាច​ចាប់​ផ្តើម នៅ​សប្តាហ៍​ខាង​មុខ។

បន្ទាប់​ពី​ចំណាយ​ពេល​ចរចា​គ្នា​អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ ​អ្នក​ចរចា​នៃ​​អតីត​ភាគី​ជា​គូសត្រូវ​ទាំង​ពីរ ​បានចាប់​ដៃ​គ្នា និង​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ​ក្រោម​វត្តមាន​របស់​លោកប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក និង​តំណាង​មក​ពី​ជាង​៣០​ប្រទេស តែ​គ្មាន​តំណាង​មក​ពី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថានម្នាក់​ទេ។

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​នឹង​ដកកងទ័ព​ចេញឱ្យ​អស់​​ពី​អាហ្វហ្កានីស្ថាន ក្នុង​រយៈ​ពេល​​១៤​ខែ” ប្រសិន​បើ​តាលីបង់​​គោរព​តាម​ពាក្យ​សន្យា​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង ដែល​ចុះ​ហត្ថលេខា ​នៅ​ថ្ងៃសៅរ៍ទី ២៩​កុម្ភៈ​ឆ្នាំ​២០២០ នៅ​ទីក្រុង​ដូហា ប្រទេស​កាតា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​អាមេរិក​និង​តាលីបង់។

ក្នុង​រវាង​១៣៥​ថ្ងៃ​ខាង​មុខ រាប់​គិត​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ទៅ អាមេរិក​នឹងចាប់​ផ្តើម​ដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន ពី​១៣០០០​នាក់ ឱ្យ​មក​នៅ​ត្រឹម​ ៨៦០០​នាក់។ កងទ័ព​ពាក់កណ្តាលទៀត​ នឹង​ត្រូវ​អាមេរិក​ព្រមទាំង​សម្ព័ន្ធ​មិត្ត ដក​ចេញ​ឱ្យ​អស់​ នៅ​រវាង​១៤​ខែទៀត។ នេះ​បើ​តាម​ការ​លម្អិត​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍។ ភាគី​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា ផ្តោះ​ប្តូរ​អ្នក​ទោស​ដែល​មាន​ចំនួន​ដល់រាប់​​ពាន់​នាក់​។

ចំណែក​ខាង​តាលីបង់​វិញ ពួក​គេ​ត្រូវ​​ថែរក្សា​ការពារ​ប្រទេស​អាហ្វហ្កានីស្ថាន កុំ​ឱ្យ​ក្លាយ​ជា​ជម្រក​របស់​ពួក​ភេរវនិយម​ និងមិន​បង្ក​សកម្មភាព​បែប​ភេរវនិយម​។ លោក​ប្រមុខ​ការទូត​អាមេរិក​បាន​ថែម​ទាំង​ជំរុញ​ដោយ​ចំៗ​ឱ្យ​ពួក​តាលីបង់​ ផ្តាច់​ទំនាក់ទំនង​​ជាមួយ​អង្គការ​ភេរវនិយម​អាល់កៃដា​តែ​ម្តង។ ជា​ចុងក្រោយ​ ពួកតាលីបង់​បាន​សន្យា​​​បើក​កិច្ចចរចា​ដោយ​ពិតៗ​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែល​គេ​ធ្លាប់​បដិសេធ​មិននិយាយ​ចូល​ពី​មុន​មក។ ការចរចា​អន្តរអាហ្វហ្កានីស្ថាន ទំនង​ជា​នឹង​ត្រូវ​ចាប់​ផ្តើម​នៅថ្ងៃ​ទី ១០​មីនា ២០២០ នៅ​ទីក្រុង​អូស្លូ​ ប្រទេស​ន័រវែស។ នេះ​បើ​តាម​ខ្លឹមសារ​ចែង​ក្នុង​កិច្ចព្រមព្រៀង។

​សូម​បញ្ជាក់​ថា​ កិច្ចព្រមព្រៀង​អាមេរិក​-តាលីបង់នេះ​ មិនមែន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​អាហ្វហ្កានីស្ថាន​ទេ តែ​ជា​ការ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការចរចា​សន្តិភាព​។ ហេតុដូច្នេះ​ហើយ​បាន​ជា​ គ្រាន់​តែឮ​សេចក្តី​ប្រកាស​ចុះហត្ថលេខា​ភ្លាម លោក ម៉ាក អេស្ពែរ (Mark Esper) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និងដែល​ទើប​​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ដែរ​ជាមួយ​រដ្ឋាភិបាល​ក្រុង​កាប៊ូល បាន​ព្រមាន​ថា ​ប្រសិន​បើ​តាលីបង់​មិន​គោរព​តាម​កិច្ចព្រមព្រៀង​ទេ នោះ​តាលីបង់​នឹង​គ្មាន​សំណាង​អា​ចមក​អង្គុយ​ក្បែរ​ជន​អាហ្វហ្កានីស្ថានដូច​គ្នា និង​ស្តារ​អនាគត​ប្រទេស​បាន​ឡើយ។

គឺ​មាន​តែ​អាហ្វហ្កានីស្ថាន​ ផ្ទាល់​ខ្លួន​ឯង និង​តែគ្នា​​ឯងទេ ដែល​ត្រូវ​រក​ដំណោះស្រាយ​នយោបាយ​បញ្ចប់​សង្គ្រាមផ្ទៃក្នុង​ ដែល​អូសបន្លាយ​ពេល​អស់​ជាង​៤០​ឆ្នាំ៕ ម៉ែវ សាធី


ចែករំលែក៖