ព័ត៌មានទាន់ហេតុការណ៍៖

ដើមខែមីនា សមត្ថកិច្ចចុះបង្ក្រាបគំនរឈើប្រណិត រាប់រយសន្លឹកគេសង្ស័យថា ព្រោះចចារមិនត្រូវគ្នា

ចែករំលែក៖

 

ខេត្តស្ទឹងត្រែង៖ គំនរឈើប្រណិតបួនគំនររាប់រយសន្លឹកដែលក្រុមឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុក នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែងជាយខេត្តស្ទឹងត្រែង សង្ស័យនិយាយមិនត្រូវគ្នា ទើបធ្វើឲ្យមានការចុះធ្វើការបង្ក្រាបដោយរឹបអូសតែម្តងនៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ ត្រង់ចំណុចជិតគល់ស្ពាន ភូមិរំដេងក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

តាមការឲ្យដឹងពីម្ចាស់ចំការស្វាយចន្ទីឈ្មោះយាយ ឡាក់ រស់នៅភូមិខាងលើ បានបង្ហើបប្រាប់នៅល្ងាចថ្ងៃទី១ ខែមីនានេះថា ឈើដែលគេដឹកយកមកលាក់ទុកនៅក្នុងចម្ការស្វាយចន្ទីរបស់គាត់ ម្ចាស់ឈើមានឈ្មោះ ស្នា បានដឹកយកមកផ្ញើទុកដោយឲ្យតំម្លៃក្នុង១ខែ ១៥មឺុនរៀល តែរយៈពេល៣ខែទៅហើយនៅមិនទាន់ឃើញលុយមួយរយខ្មែរទេ។

គាត់បានបន្តថាម្ចាស់ឈើដែលមានឈ្មោះស្នា រូបនេះគេបានប្រាប់គាត់ថា នៅកំពុងតែរងចាំរត់ការច្បាប់ ដើម្បីសុំធ្វើរោងសិប្បកម្មកែឆ្នៃឈើ។ក៏ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់រត់ច្បាប់បានផងស្រាប់តែត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ដោយរឹបអូសដឹកជញ្ជូនឈើយកអស់គ្មានសល់ ។

លោកឈួន ឈិត (ហៅក្រូច) នាយរងប៉ុស្តិ៍ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានប្រាប់នៅល្ងាចថ្ងៃទី១ ខែមីនានេះថា ឈើដែលចុះបង្ក្រាបហើយរឹបអូសឈើដែលលាក់ទុកនៅក្នុងចំណុចខាងលើនោះ លោកបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ រួចអស់ហើយ ចំណែកម្ចាស់ឈើជាប់ពាក់ព័ន្ធមានឈ្មោះស្នា រូបនេះ ខាងជំនាញរដ្ឋបាលព្រៃឈើ គេមានចំណាត់ការយ៉ាងណានោះ វាជារឿងខាងមន្ត្រីជំនាញមេព្រៃ។

លោកនាយរងប៉ុស្តិ៍បានបញ្ជាក់ថាឈើដែលរឹបអូសប្រគល់ឲ្យទៅជំនាញនោះជាប្រភេទឈើគគី មានមុខកាត់ចាប់២តឹករហូតដល់៤តឹកនិងមានប្រវែង២ម៉ែត្រ ហើយលោកបានរាប់ចំនួនឈើនៅចំពោះមុខកូនចៅរបស់លោកនោះមានចំនួន២២៦សន្លឹក។

ជុំវិញរឿងនេះលោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី១ ខែមីនានេះថា ចំពោះឈើដែលបង្ក្រាបហើយរឹបអូសបាននៅចំណុចខាងលើនោះ នៅមិនទាន់បានធ្វើការវាស់វែង ឲ្យដឹងចំនួនម៉ែត្រគូបនៅឡើយទេ ។

លោកបានបញ្ជាក់ថា ចំពោះអ្នកពាក់ព័ន្ធកាប់បំផ្លាញផលអនុផលព្រៃឈើ ដែលបង្ក្រាបរឹបអូសបាននេះ នៅពេលកម្លាំងកូនចៅរបស់លោកទៅដល់ គឺបានសន្សល់ទុកតែវត្ថុតាង តែប៉ុណ្ណោះ ឥឡូវបានដឹកជញ្ជូនឈើទាំងនោះយកមករក្សាទុក្ខ នៅរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ហើយនិងបន្តការតាមដានស្រាវជ្រាវរកឈ្មោះម្ចាស់ឈើ ឲ្យចូលខ្លួនមកដោះស្រាយ និងបង់ផាកពិន័យអន្តរកាលទៅតាមច្បាប់នៃរដ្ឋបាលព្រៃឈើ ដោយទុក្ខរយៈពេលឲ្យមួយខែ បើមិនឃើញចូលខ្លួនមកដោះស្រាយទេ លោកនិងកសាងសុំណុំរឿងបន្ត បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់។

គួរំលឹកថា:គំនរឈើជាច្រើន សរុបជាង២រយសន្លឹកខាងលើ ត្រូវប្រជាពលរដ្ឋដាក់ការសង្ស័យថា: ប្រហែលជាចចារគ្នាមិនត្រូវទេដឹង ទើបឈានដល់បង្ក្រាបដូច្នេះ ព្រោះពួកគាត់ភាគច្រើន តែងតែឃើញសមត្ថកិច្ចទាំងនោះ ពួគគេមុននឹងបង្ក្រាបគេច្រើនតែនិយាយគ្នា ឬចចារថ្លៃមុនសិនតើអាចទទួលយកបានទេ បើមិនបានឬមិនត្រូវថ្លៃគ្នា បើមិនត្រូវទើបឈានដល់បង្រ្កាប តែបើកន្លែងណានិយាយត្រូវគ្នា គេទៅហួស ឬអ្នកធ្លាប់ស្គាល់គ្នាបានបាយទឹក គេមើលរំលងធ្វើជាបិតភ្នែកម្ខាង បើកភ្នែកម្ខាងហើយ។

ដោយ មាស សុផាត


 


ចែករំលែក៖