ព័ត៌មានទាន់ហេតុការណ៍៖

លូនចូលក្រោមរថយន្តចាំមើលប្តី ចូលបន្ទប់សង្សារឡើងឋានសួគ៌ អស់ជាច្រើនម៉ោង ផ្អើលឆុរ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ ដឹងថាប្តីលួចទៅបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីថ្មី ដែលជួលបន្ទប់ក្បែរគ្នា ហើយនាងបានលូនចូលក្រោមរថយន្តចាំមើលប្តី មានស្រីអស់ជាច្រើនម៉ោង រហូតទ្រាំមិនបានក៏ស្ទុះចេញមកចាប់នាងជាស្រីស្នេហ៍បោចសក់ឈ្លោះប្រកែកគ្នាផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ជួល ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជាប្តីឈ្មោះ យុំ សីហា អាយុ ២៦ឆ្នាំ ជាកម្មករលីសែង និងមានប្រពន្ធឈ្មោះ កុត ដានី អាយុ ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១០៧ ក្បែរបន្ទប់ជួលកើតហេតុ មានស្រុកកំណើត ភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ រីឯនារីដែលគេចោទថាជាសាហាវស្មន់ឈ្មោះ នៅ ស្រីអូន អាយុ ៣៤ឆ្នាំ មានប្តីរួចទៅហើយព្រមទាំងមានកូន ២នាក់ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ។

ប្រភពដដែលបន្តថា យោងតាមដំណើររឿង គឺមុនពេលកើតហេតុ បុរសជាប្ដី បានត្រឡប់មកពីធ្វើការជាកម្មករ លីសែង ហើយក៏នាំបងប្អូនផឹកនៅក្បែរផ្ទះ បន្ទាប់ពីផឹករួចបុរសរូបនោះ លួចចូលទៅក្នុងបន្ទប់ស្រីស្នេហ៍របស់ខ្លួន ដែលកន្លងមកធ្លាប់មានទំនាក់ទំនងស្នេហា លួចលាក់ជាយូរមកហើយ ខណៈនោះស្ត្រីជាប្រពន្ធតាមទាន់ក៏ឈ្លោះប្រកែកគ្នាផ្អើលតែម្តង ។

តាមប្រភពពីស្រ្តីជាប្រពន្ធ បានឲ្យដឹងថា នាងតាមដានប្តីលួចទាក់ទងគ្នាជាមួយស្រីថ្មី ដែលជាអ្នកស្នាក់ក្បែរគ្នា ជាយូរមកហើយ ដោយនៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ មុនពេលកើតហេតុ នាងបានលូនចូលក្រោមរថយន្តពួនសំងំចាំមើលប្តី លួចមានស្រីអស់ជាច្រើនម៉ោង បន្ទាប់ពីកម្មវិធីផឹកស៊ីជាមួយអ្នកជិតខាងត្រូវបានបញ្ចប់ ដោយឃើញប្តីចូលទៅក្នុងបន្ទប់លេខ១២០ នោះភ្លាមគាត់ក៏ស្ទុះឡើងហៅបងប្អូនទៅចាប់ប្តីកំហូចជាក់ស្តែងតែម្ដង ។

ស្រ្តីជាប្រពន្ធបន្ថថា នាងនឹងប្តីបានរៀបការពេញច្បាប់ អស់រយៈពេលប្រមាណជាង ១០ឆ្នាំ មកហើយ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ និងមានចំណងស្នេហ៍បានកូន២នាក់ កូនស្រីបងអាយុ ៦ឆ្នាំ និងកូនប្រុសប្អូនអាយុ ១ឆ្នាំ ១ខែ ។ ដោយរយៈពេលប្រមាណជា ២ខែមកនេះ ការរស់នៅដូចជាមិនចុះសម្រុងគ្នា ហើយមិននឹកស្មានថា ប្តីលួចមានស្រីថ្មី ដែលជាអ្នកជិតខាងនិងធ្លាប់ផឹកស៊ីជាមួយគ្នាបែបនេះសោះ ។

ចំណែកបុរសជាប្តី បានប្រាប់ឲ្យដឹងដែរថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយស្ត្រីខាងលើ រយៈពេលប្រមាណកន្លះខែមកហើយ ។ ដោយ ៣ថ្ងៃមុន ឈ្មោះស្រីអូន ដែលជាសង្សារ ក៏មានទំនាស់គ្នាជាមួយប្តី ហើយប្តីក៏បានលក់ម៉ូតូចែកគ្នា និងនាំកូនទៅស្រុកអស់ ឃើញដូច្នេះខ្លួនក៏បានចូលទៅក្នុងបន្ទប់ជួបសួរនាំសង្សារថា បើលែងលះគ្នា សុខចិត្តរស់នៅជាមួយខ្លួនទេ? ស្រាប់តែពេលនោះស្រ្តីជាប្រពន្ធចេញមកស្ទុះទៅចាប់សង្សារខ្លួនបោចសក់ស្រែកឆោឡោតែម្តង ។

ដោយឡែកបើតាមសម្តីនារីដែលជាស្រីស្នេហ៍ បានបញ្ជាក់ថា នាងទើបតែឈ្លោះលែងលះគ្នាជាប្តីរបស់ខ្លួន ទើបតែបាន៣ថ្ងៃតែប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃកើតហេតុឈ្មោះ យុំ សីហា ចូលទៅក្នុងបន្ទប់របស់នាងដើម្បីសួរនាំ និងសុំរស់នៅជាមួយគ្នាវិញ ស្រាប់តែស្រ្តីជាប្រពន្ធចូលទៅរករឿង និងចាប់បោចសក់មិនសួររកហេតុផលទល់តែសោះ ហើយនាងបានបញ្ជាក់ថា រូបនាងមិនបានដេករួមរ័ក្សជាមួយប្ដីរបស់គេទេ ។

ក្រោយកើតហេតុនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ជួយធ្វើការសម្របសម្រួលគ្នា ដោយឲ្យភាគីទាំងសងខាងធ្វើកិច្ចសន្យាមិនឲ្យមានការលួចទាក់ទងស្នេហាគ្នាទៀតឡើយ រួចក៏ឲ្យទៅបន្ទប់ជួលរៀងៗខ្លួន ៕ ស រស្មី


ចែករំលែក៖