ភ្នំពេញ ៖ ពិធីមង្គលការជិតបញ្ចប់ទៅហើយស្រាប់តែផ្ទុះហឹង្សាវាយគ្នាផ្អើលពេញរោងការបណ្តាលអោយកូនកម្លោះរងរបួសប៉ោងមុខប៉ោងមាត់ ចំណែកភាគីខាងក្រុមគ្រួសារកូនក្រមុំរងរបួសស្រាលៗ ធ្វើអោយរាត្រីក្រេបទឹកឃ្មុំឥតន័យ ក្លាយជារាត្រីទឹកខ្មេះ កូនកម្លោះគេចខ្លួនទៅដេកផ្ទះម្តាយ ព្រោះខ្លាចបងប្អូនខាងកូនក្រមុំតាមវាយដល់ក្នុងបន្ទប់ផ្សំដំណេក ។
ហេតុការណ៍ផ្ទុះហឹង្សាក្នុងពិធីមង្គលការនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ នៅចំណុចគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ក្នុងហេតុការណ៍នេះដែរបណ្តាលអោយភាគីខាងកូនកម្លោះបានរងរបួសមធ្យមចំនួន២នាក់ គឺកូនកម្លោះនិងបងប្រុសរបស់កូនកម្លោះ ចំណែកភាគីខាងបងប្អូនកូនក្រមុំរងរបួសស្រាលចំនួន៣នាក់ ។
ពិធីមង្គលការមួយជិតបានបញ្ចប់ និងដល់រាត្រីផ្សំដំណេកទៅហើយ ស្រាប់តែផ្ទុះហិង្សាកើតឡើងរវាងអ្នកជិតខាង និងខាងកូនកំលោះ បណ្តាលឱ្យកូនកម្លោះរងរបួសបែកមាត់ និងបាក់ធ្មេញផងដែរ ។
លោកទេព បូរ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានអោយដឹងថា មុនពេលផ្ទុះហឹង្សាក្នុងពិធី ភាគីខាងកូនកំលោះនិងកូនក្រមុំបានរាំលេងយ៉ាងសប្បាយ ។ មួយសន្ទុះក្រោយមកស្រាប់តែភាគីទាំង២ឈ្លោះគ្នារឿងចាក់ភ្លេងរាំលេង ដោយភាគីខាងកូនក្រមុំសុំអោយបន្ថយសម្លេងធុងបាស់ព្រោះយប់ជ្រៅហើយរំខានដំណេកអ្នកជិតខាង ចំណែកភាគីខាងកូនប្រុសសុំរាំលេងបន្តទៅទៀត ។ ដោយសារខ្វែងគំនិតគ្នារឿងចាក់ភ្លេងរាំលេង បានធ្វើអោយភាគីទាំង២ ផ្ទុះហឹង្សាវាយគ្នាទៅវិញទៅមក បណ្តាលអោយភាគីខាងកូនកម្លោះរងរបួសចំនួន២នាក់ គឺកូនកម្លោះនិងបងប្រុសរបស់កូនកម្លោះ ចំណែកភាគីខាងបងប្អូនកូនក្រមុំរងរបួសស្រាលចំនួន៣នាក់ ។ ក្រោយកើតហឹង្សាខាងកូនកម្លោះបានគេចទៅដេកនៅផ្ទះម្តាយ មិនបានផ្សំដំណេកនៅក្នុងផ្ទះរបស់កូនក្រមុំទេ ព្រោះខ្លាចគូជម្លោះតាមរករឿងដល់ក្នុងបន្ទប់ ។
លោកនាយប៉ុស្តិ៍បានបន្តថា បន្ទាប់ពីកើតហេតុភាគីទាំង២បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើម្បីរកខុសត្រូវរៀងខ្លួន ។ ពេលមកដល់ប៉ុស្តិ៍ភាគីទាំងធំក្លិនស្រាហួង និយាយឡើងស្អិតមាត់ ដល់ពេលសមត្ថកិច្ចសុំគូជម្លោះទាំង២ ផ្លុំជាតិអាកុលស្រាប់តែមិនព្រមផ្លុំហើយសុំទៅផ្ទះរៀងៗខ្លួន ចាំព្រឹកឡើងមកដាក់ពាក្យបណ្តឹងម្តងទៀត ។ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ សមត្ថកិច្ចចាំរកដំណោះស្រាយអោយគូជម្លោះទាំង២ តែមិនទាន់ឃើញមកដាក់ពាក្យបណ្តឹងនៅឡើយទេ ។ ទោះជាយ៉ាងណាក៍ដោយនៅរសៀលថ្ងៃនេះសមត្ថកិច្ចនិងហៅឳពុកម្តាយទាំងសង្ខាងមកសម្រុះសម្រួលគ្នាដើម្បីបញ្ចប់បញ្ហាកុំអោយគុំគួនគ្នាតទៅទៀត ។ ករណីកើតហឹង្សាក្នុងពិធីមង្គលការនិគមជនវៀតណាមនេះកើតឡើងដោយសារជម្លោះរឿងចាក់ភ្លេងរាំលេង ៕ សណ្តោស