ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញមួយទំហឹងបណ្ដាលឲ្យម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

កណ្ដាល ៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញមួយទំហឹង នៅវេលាម៉ោង២១និង៥០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងជើងផ្ទះសំណាក់រស្មីអង្គរ ប្រហែល១៥ម៉ែត្រ លើផ្លូវលេខ២០១ ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ សុខ ណារិន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ នគរបាល1-6655 ។ ចំណែកជនរងគ្រោះភាគីម្ខាងទៀតឈ្មោះ សារិ ភូមិន្ទ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសធ្ងន់) បើកបរម៉ូតូម៉ាក SUZUKI LETS ពណ៌ស ពាក់ស្លាកលេខ កណ្ដាល1V-4779 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកបរម៉ូតូម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ នគរបាល1-6655 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក SUZUKI LETS ពណ៌ស ពាក់ស្លាកលេខ កណ្ដាល1V-4779 បើកក្នុងទិសដៅច្រាស់ទិសគ្នា ដោយល្បឿនលឿន បានរេចង្កូតមកឆ្វេងចូលក្នុងគន្លងផ្លូវម្ខាងទៀត បានបុកម៉ូតូម៉ាក HONDA SCOOPYពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូ HONDA SCOOPYស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាក SUZUKI LETSរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះធ្វើការពិនិត្យវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងចាត់ការតាមនីតិវិធីច្បាប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាកSUZUKI LETS បើកចូលចំណែកផ្លូវ(មិនប្រកាន់ស្ដាំ)ម៉ូតូម៉ាកHONDA SCOOPY ទើបបានជាមានរឿងហេតុបែបនេះកើតឡើង ៕ ស្អាង ជ័យ


ចែករំលែក៖