ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ បានកោះអញ្ជើញអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត មកប្រជុំ ដើម្បីមានវិធានការ លើការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីកិច្ចប្រជុំអាស៊ី អឺរ៉ុបដែលកិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅ ពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ ដោយមានការ ចូលរួមមកពី៥២ប្រទេសមកពីបណ្តាលប្រទេសនៅអាស៊ីនិងអឺរ៉ុប។ កិច្ចប្រជុំបានប្រព្រឹត្ដទៅកាលពីថ្ងៃ ទី០៤ មីនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញនៅក្នុងកិច្ចប្រជុំនោះបានបង្ហាញពីផែនការនៃការរៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីនៃកិច្ចប្រជុំអាស៊ី អឺរ៉ុបនេះ ដោយលោកបានបញ្ជាក់ថាកិច្ចប្រជុំអាស៊ី អឺរ៉ុបនេះ នឹងធ្វើឡើងនៅថ្ងៃទី១៦និងទី ១៧ខែវិច្ឆិកាឆ្នាំ២០២០ ដោយធ្វើឡើងនៅ អាគារពិពណ៌ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានប្រតិភូចំនួន ៥២ប្រទេស មកចូលរួម មានទាំងនាយករដ្ឋមន្ត្រីនិងប្រមុខរដ្ឋនៃបណ្តាលប្រទេសទាំងនោះ ហើយ ក្រុមប្រតិភូនឹងត្រូវសម្រាកនៅតាមបណ្ដាលសណ្ឋាគារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ដែល មានចំនួនរហូតដល់២០ សណ្ឋាគារ ដែលយើងត្រូវតែ រៀបចំនូវសន្តិសុខ សុវត្ថិភាពជូនពួកគាត់ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកមានចាន់ យ៉ាដា ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលយើងត្រូវ
គិតគូរ ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងកិច្ចប្រជុំអាស៊ីអឺរ៉ុបឈានមកដល់ ដោយយើងបានគិតទាំងពីរការប្រមូលផ្ដុំ ការបំពុលនៅព័ត៌មានក្លែងក្លាយ ការបង្កអោយមានភេរវកម្មជាដើម។នេះជាបញ្ហាមួយដែលយើងក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញត្រូវតែយកចិត្តទុកដាក់និងបង្ការទុកជាមុន។
ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនគណៈប្រតិភូគឺជាកាតព្វកិច្ចរបស់អាជ្ញាធររាជធានីភ្នំពេញ ខណៈដែលកិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ ហើយកម្លាំងដែលបានការពារក្នុងកិច្ចប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញក៏បានត្រៀមរួចរាល់ហើយដែរ។
លោក មាន ចាន់យ៉ាដា ក៏បានបញ្ជាក់ទៀតថា មុននៃកិច្ចប្រជុំនេះក៏មានកម្មវិធីអាស៊ីដេផងដែរ ដែលក្នុងនាមអាជ្ញាធរត្រូវតែរៀបចំទាំងសន្តិសុខទាំងសុវត្ថិភាពជាមួយនឹងសណ្ដាប់ធ្នាប់សាធារណៈ។
លោក ឃួង ស្រេង.អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ បានឯកភាពទាំងស្រុងចំពោះផែនការនៃការរៀបចំសុវត្ថិភាពសន្តិសុខជូនគណៈប្រតិភូក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុប ខាងលើនេះបន្ថែមលើនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌ ទាំង១៤ ត្រូវពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អ ពិសេសជាងនេះទៀត គឺការរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យបានស្អាតល្អ ដោយ សារថានេះគឺជាមុខមាត់ដ៏ធំធេងមួយសម្រាប់រាជធានីភ្នំពេញ ខណៈដែរប្រតិភូ គេមកស្នាក់នៅនិងដើរកំសាន្តនៅក្នុងរាជធានីភ្នំពេញរបស់យើង។
លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមានការបែងចែកនៅការងារឲ្យបានល្អប្រសើរ ជាមួយនិងការទទួលខុសត្រូវខ្ពស់។ ពាក់ព័ន្ធនឹងបញ្ហានេះ ការធ្វើឱ្យបាត់បង់នូវសណ្ដាប់ផងតាមដងទន្លេ ក៏ជាបញ្ហាមួយដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនោះដែរ ដោយបែរត្រី ទូក កាណូតស្នាក់នៅមួយចំនួន បានចតអនាធិប តេយ្យនៅតាមដងទន្លេសាប។ ជុំវិញបញ្ហានេះលោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យសំអាតនិងរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេអោយបានស្អាត
ដោយ ត្រូវបង្កើតក្រុមការងារ មានទាំងអាជ្ញាធរ កម្លាំងប៉ូលីស ប៉េអ៊ឹម យកបែរត្រី ទូក និងកាណូត ទាំងនេះចេញ ដោយអនុវត្តអោយបានសម្រេចរួចរាល់ក្នុងរយៈពេល៣ខែ ដែលមាននៅក្នុងខណ្ឌព្រែកព្នៅ ឬស្សីកែវនិងខណ្ឌជ្រោយចង្វា ៕ ដោយ៖ សំរិត