ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បត៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិនា ឆ្នាំ ២០២០ ឯកឧត្តមឡូយសុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង បានដឹកនាំក្រុមការងាររួមទាំងគណៈកម្មាធិការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានានៅក្នុងវត្តធម្មរង្សីហៅវត្តបាចុង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំទីតាំងសម្រាប់ពិធីសម្ពោធ និងពិនិត្យនូវកិច្ចការងារមួយចំនួនដែលមានការពាក់ព័ន្ធនិងវិស័យព្រះពុទ្ធសាសនា ធ្វើយ៉ាងណាក្នុងការសម្ពោធ ដាក់ឲ្យប្រើប្រាស់នូវព្រះវិហារថ្មីរួមទាំងសមិទ្ធិផលនានាក្នុងវត្តធម្មរង្សីនេះឲ្យមានរបៀបរៀបរយ ត្រឹមត្រូវនិងស្របទៅតាមទំនៀមទម្លាប់របស់ប្រពៃណីរបស់ព្រះពុទ្ធសាសនា។
លើកឡើងនាឱកាសនោះឯកឧត្តម ឡូយ សុផាតអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងបានមានប្រសាសន៍ថា ការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ព្រះវិហារថ្មីនិងសមិទ្ធិផលនានាក្នុងវត្តធម្មរង្សីនេះ ត្រូវធ្វើឡើងដោយមានរបៀបរៀបរយល្អ ហ្មត់ចត់ ពិសេសលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទ្ធិមកពីគ្រប់ទឹសទីដែលអញ្ជើញចូលរួម។
ឯកឧត្តម ឡូយ សុផាត បន្តថា ពិនិត្យមើលលើការរៀបចំទីធ្លា ទីតាំងការសម្ពោធមានលក្ខណៈល្អប្រសើរ និងមានភាពធំទូលាយ សមស្របអាចដំណើរការសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិថ្មីៗ នៅក្នុងវត្តធម្មរង្សីនេះ ដែលនិងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។
ជាមួយគ្នានេះឯកឧត្តម ឡូយ សុផាត បានណែនាំដល់គណៈកម្មការរៀបចំពិធីសម្ពោធនិងអាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំ ឲ្យបានល្អប្រសើរឡើងវិញនូវកិច្ចការងារមួយចំនួន ដែលមិនទាន់បានរៀបចំនិងមិនទាន់មានភាពល្អប្រសើរ ព្រមទាំងត្រូវជួបប្រជុំពិភាក្សាគ្នាឡើងវិញ រវាងគណៈកម្មការរៀបចំពិធិនិងព្រះចៅអធិការវត្ត ដើម្បីដោះស្រាយនិងសម្រេចជៀសវាងមានកំហុសឆ្គងក្នុងការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលថ្មីនេះ។
បើតាមការបញ្ជាក់ពីពុទ្ធបរិស័ទ្ធនិងគណៈកម្មាការអាចារ្យវត្តបានឲ្យដឹងថា: ព្រះវិហារួមទាំងសមិទ្ធិផលមួយចំនួននៅក្នងវត្តធម្មរង្សីហៅវត្តបាចុង ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានបុកគ្រឹះសាងសង់ តាំងពីឆ្នាំ២០០១ និងស្ថាបនារួចរាល់នៅ ដើមឆ្នាំ២០២០ ដែលមានរយៈពេល១៩ ឆ្នាំ។
សូមបញ្ជាក់ផងដែរថាការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហានិងសមិទ្ធផលនានាក្នុងវត្តធម្មរង្សីនេះ និងប្រព្រិត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧-២៨-២៩ និង៣០ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង រួមទាំងថ្នាក់ដឹកនាំជុំវិញខេត្ត ជាច្រើនរូបផងដែរ។ ដោយ៖មាស សុផាត