ក្រុមជំនាញសុខាភិបាលវៀតណាមបានរកឃើញមួយករណីទៀតហើយ អ្នកឆ្លងវីរុសកូវីដ-១៩ នៅទីក្រុងហាណូយ ។ អ្នកជំងឺថ្មីធ្លាប់បានទៅកាន់ប្រទេសអ៊ីតាលី អង់គ្លេស និងបារាំង ក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈនេះ ។
នៅវេលាម៉ោង២២ ថ្ងៃទី៦ ខែមីនា គណៈកម្មការប្រយុទ្ធប្រឆាំង Covid-19 បានកោះប្រជុំជាបន្ទាប់ ក្រោយរកឃើញករណីថ្មីឆ្លងវីរុសដ៏កាចសាហាវនេះ ។ អ្នកជំងឺមានឈ្មោះ N H N អាយុ២៦ឆ្នាំ រស់នៅសង្គាត់ជ្រុកបាច (Truc Bach) ខណ្ឌបាឌីង រដ្ឋធានីហាណូយ។
តាមការលើកឡើងរបស់ក្រសួងសុខាភិបាលវៀតណាម អ្នកឆ្លងវីរុសថ្មីធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីសួរសុខទុក្ខបងស្រី ។ ជាមួយគ្នានោះ ក៏បានទៅទស្សនកិច្ច ប្រទេសអ៊ីតាលីនិងបារាំង ដែលជាជង្រុកនៃវីរុស Covid-19នៅអឺរ៉ុប។
នាងN H N បានចាកចេញពីទីក្រុងហាណូយទៅកាន់ទីក្រុងឡុងដុង នៅថ្ងៃទី១៥ខែកុម្ភៈ ។នៅថ្ងៃទី១៨ខែកុម្ភៈ បានទៅទស្សនកិច្ចនៅអីតាលី និងស្នាក់នៅទីក្រុង មីឡាន ចំនួន២ថ្ងៃ។ នៅថ្ងៃទី២០ខែកុម្ភៈបានវិលត្រឡប់មកទីក្រុងឡុងដ៍វិញ។ ដល់ថ្ងៃទី២៥ខែមីនា បានបន្តទៅកម្សាន្តនៅទីក្រុងប៉ារីសប្រទេសបារាំង រយៈពេលមួយថ្ងៃ។
នៅថ្ងៃទី២៨ នាង N H N មានអការៈក្អក តែមិនបានទៅត្រួតពិនិត្យមន្ទីរពេទ្យនោះឡើយ ដោយនៅក្នុងផ្ទះជាមួយបងប្អូនក្នុងទីក្រុងឡុងដ៏ ។ នៅអឺរ៉ុបនាងក៏បានជួបជាមួយមនុស្សជាច្រើនទៀត ។ រហូតដល់វិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី៦ខែមីនា ទើបរកឃើញមានផ្ទុកវីរុសកូវីដ។
បច្ចុប្ចុប្បន្ន នាងនិងក្រុមគ្រួសារត្រូវបានកាត់ផ្តាច់ឲ្យនៅដោយឡែក ដើម្បីតាមដាននិងព្យាបាលឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា វៀតណាមរកឃើញករណីឆ្លងវីរុស កូវីដ-១៩ មាន១៦នាក់ ប៉ុន្តែបានព្យាបាលជាសះស្បើយទាំង១៦ នឹងត្រឡប់ទៅផ្ទះវិញហើយដែរ ៕ ម៉ែវ សាធី