ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ជាផ្លូវការ នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះថា កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណីទៀត នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ ដែលនៅក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល បានយកកំហាកមនុស្សសង្ស័យ ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណាហើយចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។ ប៉ុន្តែទោះយ៉ាងនេះក្តីមនុស្ស៣នាក់ក្នុងចំណោម៤នាក់នោះ ពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល នឹងតាមរយៈពេល១៤ថ្ងៃបន្តទៀត ដោយទុកពួកគេនៅស្ថិតនៅដាច់ដោយឡែក៕ស តារា