អ៊ឺរ៉ុបជាតំបន់ដែលមានករណីឆ្លងវីរុសផ្លូវដង្ហើមទ្រង់ទ្រាយធំបំផុត បន្ទាប់ពីអាស៊ី ដោយក្នុងនោះមានប្រទេសអ៊ីតាលី ឈរលំដាប់ទីពីរបន្ទាប់ពីចិនពីចំនួនអ្នកឆ្លង និងអ្នកស្លាប់។ កតាទាំងនោះហើយបានជាប្រទេសនៅតំបន់អឺរ៉ុបបានចាត់វិធានការ ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពបំផុត ។
នៅពេលនេះតំណាងរាស្ត្រអឺរ៉ុបពីររូប មកពីប្រទេសអ៊ីតាលីបានរកឃើញផ្ទុកវីរុសផ្លូវដង្ហើមថ្មី កូវិដ-១៩ គឺលោក Alberto Cirio ត្រូវបានរកឃើញឆ្លងកាលពីថ្ងៃទី ៨ខែមីនា។ កាលពីថ្ងៃទី ៧ខែមីនា ក៏បានរកឃើញ ដំណាងរាស្ត្រក្នុងសភាអឺរ៉ុបម្នាក់គឺលោក Nicola Zingaretti បានរកឃើញឆ្លងវីរុសផ្លូវដង្ហើម ក៏ជាដំណាងរាស្ត្រមកពីអ៊ីតាលីផងដែរ។ មន្ត្រីទាំងពីររូប បានកាត់ផ្តាច់ឲ្យនៅដាច់ដោយឡែក មិនអនុញ្ញាតឲ្យទៅចូលរួមរាល់សកម្មភាពរបស់សភាអឺរ៉ុប នោះឡើយ ដោយធ្វើការពីចម្ងាយ។
ទាំងនោះហើយបានជាប្រទេសបារាំង ក្រសួងសុខាភិបាល បានសម្រេចចេញច្បាប់ហាមប្រាមពលរដ្ឋ ប្រមូលផ្តុំគ្នា លើសពី១ពាន់នាក់។ ការហាមប្រាមនោះបានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើនក្នុងប្រទេសបារាំង ពិសេសគឺបាលទាត់ ដែលមានអ្នកចូលទស្សនារាប់មឺនាក់ជារៀងរាល់ចុងសប្តាហ។ ការហាមប្រាមខាងលើក្នុងគោលដៅ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកាន់តែខ្លាំង ដូចប្រទេសអ៊ីតាលី។
សារព័ត៌មានស៊ីនហួនៅថ្ងៃទី ៩ខែមីនា បានផ្សាយថា មកទល់ពេលនេះបារាំង មានអ្នកឆ្លងវីរុសកូវីដ-១៩កើនឡើងដល់១១២៦នាក់ហើយ។ ក្នុងកិច្ចប្រជុំនៅវិមាន ប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Veran បានគូសបញ្ជាក់ឲ្យដឹងថា រាល់ព្រឹត្តិការណ៍ទាំងអស់ដែលរំពឹងថា នឹងអាចទាក់ទាញមនុស្សឲ្យចូលរួមច្រើន ១,០០០នាក់ នឹងត្រូវហាមឃាត់នៅទូទាំងប្រទេសបារាំង លើកលែងតែព្រឹត្តិការណ៍ ដែលត្រូវបានគេចាត់ទុកថា មានប្រយោជន៍សម្រាប់អាយុជីវិតជាតិប៉ុណ្ណោះ។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើ ពលរដ្ឋ ឈប់ស្វាគមន៍ តាមរយ ការចាប់ដៃ និងឱបជាដើម។ កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ ១៩នាក់ ក្នុងចំណោមតួលេខអ្នកឆ្លងសរុប ១,១២៦ករណីហើយនៅទូទាំងប្រទេសបារាំង៕ ម៉ែវ សាធី