ភ្នំពេញ៖ បុរស២នាក់ ខណៈដែលស្រវឹងស្រារៀងៗខ្លួនក៏បានប៉ះសម្តីគ្នា ដោយខឹងភាគីបង្ករោទ៍សំឡេងម៉ូតូលឺ បណ្ដាលឲ្យជាផ្ទុះហិង្សាកើតឡើងរងរបួសរៀងៗខ្លួន បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាចុះមកឃាត់ខ្លួនទាំងសងខាងយកមកសាកសួរ ។
ករណីហិង្សាខាងលើនេះ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នៅតាមផ្លូវបេតុង ក្រុម៨ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ភាគីបង្កហេតុមានឈ្មោះ គឹម ភារុណ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ ។ ចំណែកភាគីរងគ្រោះឈ្មោះ លុយ សេងឃាងភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ បើកបររថយន្តក្រុមហ៊ុនបារី ម៉ាបូរ៉ូ ស្នាក់នៅក្រោយផ្សារសាំហាន់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺបុរសបង្កឈ្មោះ គឹម ភារុណ បានជិះម៉ូតូវិលមកពីផឹកស៊ីហើយមានសភាពស្រវឹងជោគជាំ មកឈប់ពីមុខផ្ទះជួលរបស់ខ្លួន ហើយពេលនោះបានរោទ៍សំឡេងម៉ូតូខ្លាំងៗ ស្របពេលដែលបុរសរងគ្រោះឈ្មោះ លុយ សេងឃាង ជិះម៉ូតូឌុបសង្សារ វិលមកពីផឹកស៊ីដែរ ដោយសភាពស្រវឹងដូចគ្នាផងនោះ ក៏ទាស់ពាក្យសម្តីគ្នាទៅវិញទៅមក រហូតឈានទៅដល់ហិង្សាវាយគ្នាមួយប្រាវ បណ្ដាលឲ្យរបួសរៀងៗខ្លួន គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ តែផ្អើលអស់ពលរដ្ឋក្នុងភូមិ ព្រមទាំងសមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ ហៅនាំភាគីទាំង២នាក់ចូលប៉ុស្តិ៍ទឹកថ្លាតែម្តង ។
ក្រោយកើតហេតុ ភាគីទាំងសងខាង មិនចង់មានរឿងវែងឆ្ងាយក៏សុំនគរបាលប៉ុស្តិ៍ទឹកថ្លាសម្របសម្រួលគ្នាបញ្ចប់រឿងត្រឹមសងថ្លៃព្យាបាលទៅឲ្យជនរងគ្រោះឈ្មោះ លុយសេងឃាង ចំនួន១០០ដុល្លារ ដើម្បីទិញថ្នាំព្យាបាលរបួស ៕ចន្ទ លីហ្សា