ព័ត៌មានទាន់ហេតុការណ៍៖

បើកបរ​ម៉ូតូ​ត្រឡប់​ពីកន្លែងធ្វើការប្តី ដល់ពាក់កណ្តាលផ្លូវជួបគ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​កិន​ស្លាប់​

ចែករំលែក៖

ភ្នំពេញ៖ស្ត្រីម្នាក់បានស្លាប់ចោលកូនឲ្យនៅកំព្រាចំនួន​២នាក់យ៉ាងកណ្តោចកន្តែងខណៈជិះម៉ូតូមួយគ្រឿងទើបត្រឡប់មកពីសួរសុខទុក្ខប្តីនៅកន្លែងធ្វើការនៅឯកំបូលត្រូវរថយន្តបើកបុកនិងកិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌នៅលើផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦​នឹង៣៥នាទីយប់ថ្ងៃទី០៩ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះនៅចំណុចក្បែរនឹងស្ថានីយ៍ទូរទស្សន៍PNNស្ថិតនៅក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៉ោ ចន្ថា ភេទស្រី អាយុ៤១ឆ្នាំស្នាក់នៅភូមិភ្នំដិលឃុំតាំងក្រាំងស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺស្ត្រីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកZoomerXពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1FB-8106បើកបរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតបំណងត្រឡប់ទៅផ្ទះដោយមានទិញរបស់របរផ្ញើរកូននៅឯផ្ទះផងតែជាអកុសលត្រូវរថយន្តមិនចាំម៉ាកបុកនិងកិនបណ្តាលឲ្យស្លាប់តែម្តង ក្រោយបង្កហេតុរួចដោយសភាពផ្លូវងងឹតនិងស្ងាត់ផងនោះរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង។
ប្រភពដដែលបានបន្តថាក្រោយមានគ្រោះថ្នាក់បណ្តាលឲ្យមានមនុស្សស្លាប់រួចមក ស្រាប់តែមានជនខិលខូចមកលួចដោះយកគ្រឿងអល័ង្កាពីខ្លួនជនរងគ្រោះអស់ថែមទៀត។

តាមសំដីសាច់ញាតិបានប្រាប់ថាជនរងគ្រោះទើបត្រឡប់មកពីលេងនៅកន្លែងធ្វើការប្តីនៅឯកំបូលពេលត្រឡប់មកផ្ទះវិញទើបជួបគ្រោះថ្នាក់បែបនេះ។

ក្រោយពេលកើតហេតុខាងលើនេះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយសាច់ញ្ញាតិដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើត៕ធឿនព្រែកជ័យ


ចែករំលែក៖