វិភាគអន្តរជាតិ៖ អ្វីគ្រប់យ៉ាងដែលរងផលប៉ះពាល់នាពេលនេះជាប់ពាក់ព័ន្ធនិង កូវីដ-១៩ ទាំងអស់។ ទាំងតម្លៃប្រេង ផ្សារមូលបត្រ…។ ពាក់ព័ន្ធនិងផ្សារមូលបត្រនៅអាស៊ី ពិសេសគឺសន្ទស្សន៍ហ៊ុនគោលជប៉ុន Nikkei បានធ្លាក់ជាង៣ភាគរយ នៅព្រឹកព្រលឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅពេលបើកទ្វារចាប់ផ្តើមលក់ដំបូង ។
ការធ្លាក់ចុះនេះក្រោយមានការធ្លាក់ចុះផ្សារហ៊ុនសហរដ្ឋអាមេរិក ដោយសារការព្រួយបារម្ភផ្សេងៗទាក់ទងបញ្ហាតម្លៃប្រេង ហើយនិងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ មកពីការភ័យខ្លាចឆ្លងរាលដាលជំងឺ COVID-19 ។
យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មានស៊ីនហួ នៅព្រឹកថ្ងៃទី១០ ខែមីនា បានបញ្ជាក់ថា សន្ទស្សន៍ហ៊ុន Nikkei 225 របស់ទីក្រុងតូក្យូបានធ្លាក់ចុះនៅពេលបើកទ្វារ គឺ ៣,០៨ ភាគរយ ឬ ៦០៧,១៧ពិន្ទុ មកនៅត្រឹម ១៩ ០៩១,៥៩ពិន្ទុ ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ផ្សារហ៊ុនជប៉ុននេះ បានធ្លាក់ចុះបំផុតមិនធ្លាប់មានចាប់តាំងពីរយៈពេល១៤ខែកន្លងមក ។ វាបានធ្លាក់ចុះ ១ ០៥០,៩៩ពិន្ទុ ឬ៥,០៧ភាគរយ បន្ទាប់ពីការបិទទ្វារកាលពីសៅរ៍ សប្តាហ៍មុន ដែលមាន ១៩ ៦៩៨,៧៦ពិន្ទុ ។ នោះគឺជាការធ្លាក់ចុះហ៊ុនរបស់ជប៉ុនបំផុតចាប់តាំងពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ មកទល់ពេលនេះ ។
ចំណែក តម្លៃប្រេងឆៅនៅអាស៊ី បានធ្លាក់ថ្លៃ៣០% នៅថ្ងៃ ចន្ទទី ៩ មីនា ២០២០។ ជាការធ្លាក់ថ្លៃដ៏គំហុក និងខ្លាំងបំផុតមិនធ្លាប់មាន គិតចាប់តាំងពីសង្គ្រាមនៅឈូងសមុទ្ទពែក្សឆ្នាំ១៩៩១មក។ ដើមហេតុ គឺបណ្តាលមកពីការផ្ទុះជំងឺរាតត្បាតកូវីដ-១៩នៅប្រទេសចិនផង និងបណ្តាលមកពីអារ៉ាប៊ីសាអូឌីត សម្រេចជាឯកតោភាគី បញ្ចុះតម្លៃប្រេងនាំចេញទៅអាស៊ីផង។ ប្រេងធ្លាក់ថ្លៃ បានអូសទីផ្សារភាគហ៊ុនឱ្យដាំក្បាលចុះតាមតម្លៃប្រេងដែរ។ ហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីតធ្វើបែបនេះ ?
តម្លៃប្រេងឆៅនៅលើទីផ្សារអាស៊ីបានដាំក្បាលចុះ យ៉ាងខ្លាំង ប្រមាណ៣០% នៅថ្ងៃចន្ទនេះ ពោលគឺប្រេងមួយធុងបារីល របស់ក្រុមហ៊ុន Brent មានតម្លៃតែ ៣៣ដុល្លារ ឯក្រុមហ៊ុនWTI (West Tewas Intermediate) ថ្លៃតែ២៩ដុល្លារប៉ុណ្ណោះក្នុងមួយធុងបារីល។ ហើយតម្លៃប្រេងឆៅ ទំនងជាបន្តធ្លាក់ចុះទៀត។
នេះជាផលវិបាកមួយបង្កឡើងដោយវិបត្តិកូរ៉ូណាវីរុស។ ជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅក្រុងវូហាន បានធ្វើឱ្យដំណើរការសេដ្ឋកិច្ចនៅក្នុងប្រទេសចិនបន្ថយល្បឿន។ ចិនជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោកដែលស៊ីប្រេងខ្លាំងណាស់។ ចិនត្រូវការប្រេង ១៤លានធុងបារីលក្នុងមួយថ្ងៃៗ ពោលគឺស្មើនឹង១៤%នៃសេចក្តីត្រូវការរបស់ពិភពលោក។ ជាពិសេសទៅទៀត សេដ្ឋកិច្ចចិនកាន់តែត្រូវការឡើងៗប្រេង ៖ ចិនជាប្រទេសនាំចូលប្រេងលំដាប់លេខមួយពិភពលោក ហើយចិនតែម្នាក់ឯងគត់នេះ មានកំណើនសេចក្តីត្រូវការផ្នែកប្រេងដល់៨០%នៅឆ្នាំ២០១៩កន្លងទៅ។
ដូច្នេះបើសេដ្ឋកិច្ចចិនបន្ថយល្បឿន បូកផ្សំនឹងការដាក់កំហិតមិនឱ្យធ្វើដំណើរមិនចាំបាច់ទៀត ប្រេងត្រូវតែធ្លាក់ថ្លៃ។ នៅដើមខែមករា ប្រេងមួយធុងថ្លៃ៧០ដុល្លារ ធ្លាក់មកនៅត្រឹមតែ៥០ដុល្លារនៅដើមខែមីនា។ ប៉ុន្តែមានកត្តាមួយទៀត ដែលមកធាក់រុញតម្លៃប្រេងឱ្យដាំក្បាលចុះថ្លៃជាគំហុក គឺល្បែងសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយរបស់ក្រុមប្រទេសជាអ្នកផលិតប្រេងធំជាងគេនៅលើពិភពលោកទាំងបី គឺសហរដ្ឋអាមេរិក រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត។
អារ៉ាប៊ីសាអូឌីត មានប្រវត្តិជាប្រទេសផលិតប្រេងលំដាប់លេខមួយពិភពលោក ដែលអាចធ្វើព្យុះធ្វើភ្លៀងលើតម្លៃប្រេងបានស្រេចនឹងចិត្ត។ ប៉ុន្តែអ្វីៗបានប្តូរផ្លាស់ នៅឆ្នាំ២០១៥។ សហរដ្ឋអាមេរិកបានអភិវឌ្ឍការបូមប្រេង ប្រភេទឧស្ម័នSchistes។ ដើម្បីផ្តួលអាមេរិកកុំឱ្យមកប្រកួតប្រជែងលើទីផ្សារប្រេងបាន អារ៉ាប៊ីសាអូឌីត ក៏បញ្ចុះតម្លៃប្រេង នៅឆ្នាំ២០១៦។ តែអាមេរិកមិនដួល និងផលិតប្រេងកាន់តែច្រើនឡើងៗជាលំដាប់។
សង្គ្រាមបញ្ចុះតម្លៃប្រេងបានធ្វើឱ្យសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតខ្លួនឯង ខ្សោះខ្សោយ ក្រុងរីយ៉ាដ ក៏សម្រេចងាកទៅចងសម្ព័ន្ធភាពជាមួយនឹងរុស្ស៊ី ដែលគ្មានប្រវត្តិជាមិត្តនឹងគ្នាពីមុនមកទេ (ព្រោះរុស្ស៊ីគាំទ្រស៊ីរី និងអ៊ីរ៉ង់ជាសត្រូវសួរពូជរបស់រីយ៉ាដ)។ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើលសម្ព័ន្ធភាពរុស្ស៊ី-អារ៉ាប៊ីសាអូឌីត បានលូតលាស់ល្អ និងមានទំនុកលើគ្នាកាន់ខ្លាំងៗឡើង។ បន្ទាប់ពីបានចុះហត្ថលេខាធ្វើដៃគូអារ៉ាប៊ីសាអូឌីត នៅឆ្នាំ២០១៧ រុស្ស៊ីក៏បានភ្ជាប់ខ្លួនជាមួយក្រុមប្រទេសអ្នកផលិតប្រេងOPEPដែលមានជាង១០ប្រទេសទៀត ឬហៅថា ក្រុម OPEP+។ OPEP+ មានកម្មវត្ថុទប់ឥទ្ធិពលប្រេងអាមេរិក ដោយកំណត់កូតានៃការបូមប្រេង។
ប៉ុន្តែបញ្ហានៅត្រង់ថា រុស្ស៊ីក៏ដូច អារ៉ាប៊ីសាអូឌីត សុទ្ធតែមានអំណាចគ្រប់គ្រាន់ក្នុងការបញ្ជាឱ្យដៃគូផ្សេងទៀតៗគោរពច្បាប់រួម។ នៅក្នុងជំនួបប្រជុំOPEP+ កាលពីថ្ងៃសុក្រទី ៦មីនា ដើម្បីស្វែងរកកិច្ចព្រមព្រៀង កាត់បន្ថយការផលិតប្រេងមួយរយៈដើម្បីទ្រងទ្រង់តម្លៃប្រេងលើទីផ្សារពិភពលោកដែលកំពុងរងផលប៉ះពាល់ពីវិបត្តិកូរ៉ូណាវីរុស រីយ៉ាដនិងម៉ូស្គូនិយាយមិនត្រូវគ្នា។ រុស្ស៊ីប្រឆាំងនឹងគំនិតចង់បញ្ចុះកូតាបូមប្រេង។
ខឹងរុស្ស៊ី និងដោយចង់ដាក់ទណ្ឌកម្មរុស្ស៊ី អារ៉ាប៊ីសាអូឌីត ក៏សម្រេចជាឯកតោភាគី បញ្ចុះតម្លៃប្រេងនាំចេញទៅអាស៊ី យ៉ាងខ្លាំងបំផុត មិនធ្លាប់មានទេគិតក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។ បើតាមBloomberg News អារ៉ាប៊ីសាអូឌីតបញ្ចុះថ្លៃប្រេង ៤ទៅ៦ដុល្លារក្នុងមួយធុងបារីល។ ឃើញដូច្នេះ អាមេរិក ដែលបានក្លាយជាប្រទេសផលិតប្រេងលំដាប់ទី១ពិភពលោក នៅឆ្នាំ២០១៨ ក៏បញ្ចុះតម្លៃដែរ (៧ដុល្លារក្នុងធុង)។
បើអ្នកប្រើប្រាស់ប្រេងមិនសូវបានប្រយោជន៍ពីការចុះថ្លៃនេះ តែផលវិបាកទូទៅ មានលក្ខណៈធ្ងន់ធ្ងរណាស់ ! ភាពធ្ងន់ធ្ងរត្រូវបានឆ្លុះបញ្ចាំងតាមរយៈទីផ្សារហិរញ្ញវត្ថុតែម្តង។ ទីផ្សារដែលប៉ះពាល់ខ្លាំងជាងគេ គឺទីផ្សារភាគហ៊ុនអាស៊ីនិងតំបន់ឈូងសមុទ្ទពែក្ស ៖ កូវ៉ែតព្យួរទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន បន្ទាប់ពីមានការធ្លាក់ចុះខ្លាំងអស់ ៩,៥% នៅពេលបើកទ្វារនាព្រឹកថ្ងៃចន្ទទី ៩មីនានេះ ចំណែកភាគហ៊ុននៅឌូបៃដាំក្បាលចុះអស់៩% និង៧,១% នៅអាប៊ូដាប៊ី។ ភាគហ៊ុនប្រេងនៅហុងកុង ធ្លាក់អស់១៦% ចិន១០%៕ ម៉ែវសាធី