ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណាបានធ្វើឲ្យពិភពលោកព្រួយបារម្ភស្ទើរគ្រប់វិស័យ។ ក្នុងនោះវាក៏ប៉ះពាល់យ៉ាងខ្លាំងក្លាដែរដល់ការប្រកួតកីឡាបាល់ទាត់ស្ទើរគ្រប់ប្រទេស។
នៅអឺរ៉ុបវិញអ៊ីតាលីកំពុងឈរលេខ១មានអ្នកឆ្លងជាង១ម៉ឺនករណី និងអត្រាអ្នកស្លាប់៦៣១នាក់។ បណ្ដាប្រទេសជាមហាអំណាចបាល់ទាត់លីកកំពូលៗនៅអឺរ៉ុបមានដូចជា បារាំង, អាល្លឺម៉ង់ និងអេស្ប៉ាញសុទ្ធមានអ្នកកើតជាង១ពាន់ករណីទាំងអស់មានតែលីកកំពូលអង់គ្លេសប៉ុណ្ណោះដែលធូរស្រាលជាងគេ។
យ៉ាងណាក្របខ័ណ្ឌធំៗទាំងនោះបានចេញវិធានការរួចស្រេចហើយក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា៖
១. លីកកំពូលអង់គ្លេស (Premier League) ៖ ហាមមិនឲ្យកីឡាករ ចាប់ដៃគ្នាមុនការប្រកួតដើម្បីការពារការឆ្លង។
២. លីកកំពូលអេស្ប៉ាញ (LaLiga)៖ លេងការប្រកួតទាំងអស់ដោយបិទទ្វារមិនឲ្យមានអ្នកគាំទ្រ។
៣. លីកកំពូលបារាំង (Ligue 1)៖ អនុញ្ញាតឲ្យមានអ្នកគាំទ្រចូលមើលត្រឹម១ពាន់នាក់ប៉ុណ្ណោះ។
៤. លីកកំពូលអាល្លឺម៉ង់ (Bundesliga)៖ ការប្រកួតមួយចំនួនត្រូវលេងដោយបិទទ្វារមិនឲ្យមានអ្នកគាំទ្រ ។
៥. លីកកំពូលអ៊ីតាលី (Serie A)៖ ផ្អាកការប្រកួតទាំងស្រុងរហូតដល់ថ្ងៃទី៣ ខែមេសា ។
ក្រៅពីការព្រួយបារម្ភរបស់លីកកំពូលទាំងនេះការប្រកួតជម្រុះ World Cup 2022 ក៏ទំនងជានឹងផ្អាកបណ្តោះអាសន្នដែរ ដោយសារប្រទេសជាម្ចាស់ផ្ទះការប្រកួតមួយចំនួនមាន ករណីផ្ទុះវីរុសកូរ៉ូណាច្រើន ៕ដោយ៖ ភារៈ