ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបង្ហោះព័ត៌មានបំពុលសង្គម ពាក់ព័ន្ធកូវីដ១៩ ទោះនៅក្រៅប្រទេសក៏ដោយ ក្រសួងមហាផ្ទៃ និងវិធានការច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសពីវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីឈានទៅចាត់វិធានការតាមផ្លូវច្បាប់ និងចាប់ខ្លួនជនអគតិទាំងឡាយណា ដែលបង្ហោះចែកចាយព័ត៌មានបំពុលតាមបណ្ដាញសង្គម ពាក់ព័ន្ធវីរុសកូវីដ១៩ ទោះនៅក្រៅប្រទេសក៏ដោយ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ហើយ ដែលបង្ហោះព័ត៌មានបំពុលតាមបណ្ដាញសង្គម ខណៈ២នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងម្នាក់ទៀតត្រូវអប់រំណែនាំ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើគណនី Facebook នោះក្លែងក្លាយយ៉ាងមិចក៏ដោយ ឲ្យតែនៅក្នុងប្រទេសកម្ពុជា ស្ថិតក្រោមច្បាប់របស់កម្ពុជាមិនអាចគេចផុតពីសមត្ថកិច្ចយើងទេ អ្នកឯងចង់បង្កើតក្លែងក្លាយយ៉ាងណាក៏ដោយ គឺសមត្ថកិច្ចកម្ពុជាមានបច្ចេករកឃើញទាំងអស់ លើកលែងតែករណីខ្លះនៅក្រៅប្រទេសប៉ុណ្ណោះ»។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា សមត្ថកិច្ចជួបការលំបាកក្នុងការស៊ើបអង្កេតបន្ដិច ចំពោះគណនី Facebook ដែលនៅក្រៅប្រទេស ដែលជួនកាលប្រទេសដែលបុគ្គលនោះតាំងនៅហាក់មិនសហការជាមួយសមត្ថកិច្ចកម្ពុជា។ នាយឧត្តមសេនីយ៍ បានបន្ថែមថា បុគ្គលដែលតែងបង្ហោះព័ត៌មានបំពុលទាំងអស់នោះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចរាល់អស់ហើយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅបានស្រុកនៅក្រៅប្រទេស កុំព្យាយាមបំផ្លាញប្រទេសកំណើតរបស់ខ្លួនឯងអី ពោលសូមគិតប្រយោជន៍ជាតិជាធំ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកត់សម្គាល់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត គឺមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សង្គមជាតិ ៕ ស តារា


ចែករំលែក៖