ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ក្រោយពេលពួកគេធ្វើសកម្មភាពលួចដឹកយកខោអាវរោងចក្ររាប់រយឈុត បម្រុងយកទៅលក់តាមទីផ្សារ។
ក្រោយពីទទួលពាក្យបណ្តឹងពីថៅរោងចក្រកាត់ដេរ របស់ក្រុមហ៊ុន TRCA ដែលមានទីតាំងនៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចដឹកតាមរថយន្តមួយគ្រឿង កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ទេីបនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ដង្កោ សហការជាមួយកម្លាំងជំនាញអធិការខណ្ឌដង្កោ ឃាត់ខ្លួនបានជនសង្ស័យ១នាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេមានបក្ខពួករួមគំនិតលួចបន្ថែមទៀត ទើបសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យនៅខណ្ឌពោធិសែនជ័យម្នាក់ និងបន្តទៅឃាត់ខ្លួនជនសង្ស័យនៅខេត្តកណ្តាលចំនួន ២នាក់ទៀត សរុប ៤នាក់។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤នាក់ខាងលេី ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕ដោយ៖ ភារ៉ា ដង្កោ








