កូវីដ-១៩ បានវាយប្រហារ ១២០ប្រទេសពេញពិភពលោក ដោយមានអ្នកឆ្លងទាំងអស់ជាង១៣៤ពាន់នាក់ ស្លាប់ជិត៥ពាន់នាក់ និងព្យាបានជាសះស្បើយជាង ៧ម៉ឺននាក់។ ការឆ្លងរាលដាលបានប៉ះពាល់នៅគ្រប់វិស័យទាំងអស់ មិនតែប៉ុណ្ណោះបានធ្វើឲ្យតម្លៃប្រេងធ្លាក់ថ្លៃមិនធ្លាប់មានក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមក ។
តម្លៃប្រេងបានធ្លាក់ថ្លៃនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ គឺជាថ្ងៃទី៣ហើយដែលតម្លៃបានធ្លាក់ចុះជាប់ៗគ្នា ។ តម្លៃប្រេងឆៅរបស់ Brentក៏បានធ្លាក់ចុះប្រចាំសប្តាហ៍ដ៏ខ្លាំងបំផុតផងដែរ ចាប់តាំងពីឆ្នាំ១៩៩១រហូតមក ហើយប្រេងឆៅអាមេរិកវិញ បាននិងកំពុងដាំក្បាលចុះដ៏អាក្រក់បំផុតនៅក្នុងសប្តាហ៍ចាប់តាំងពីឆ្នាំ២០០៨ រៀងរហូតមក ។ ការធ្លាក់ចុះតម្លៃប្រេងបែបនេះ ដោយសារតែការបញ្ជាទិញនៅលើទីផ្សារ មានការធ្លាក់ចុះខ្លាំង មកពីការឆ្លងរាតត្បាតពីជំងឺ COVID-19 ។
ប្រភពព័ត៌មាន fistpost បានបញ្ជាក់ថា ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ៦៧ សេន ឬ២ភាគរយ, នៅត្រឹម ៣២, ៥៥ ដុល្លារក្នុងមួយធុងបារ៉ែល នៅថ្ងៃសុក្រ បន្ទាប់ពីវាបានធ្លាក់ចុះជាង៧ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ ។ ក្នុងរយៈពេលក្នុងសប្តាហ៍ Brent បានព្យាករថា នឹងធ្លាក់ថ្លៃប្រហែល២៨ភាគរយ ជាការធ្លាក់ចុះបំផុតប្រចាំសប្តាហ៍ចាប់តាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៩១រហូតមក ដែលកាលនោះ មានការផ្ទុះឡើងសង្គ្រាមនៅឈូងសមុទ្រ ហើយបានបណ្តាលឲ្យតម្លៃប្រេងរបស់ Brent ធ្លាក់ថ្លៃចំនួន២៩ភាគរយនោះ ។
តម្លៃប្រេងឆៅអាមេរិក US West Texas Intermediate (WTI)វិញ បានធ្លាក់ចុះ៦៦សេន ឬ២,១ភាគរយ នៅត្រឹម ៣០,៨៤ដុល្លារ ក្នុងមួយធុងបារ៉ែល ក្រោយពីវាធ្លាក់ជាង១ដុល្លារកាលពីពេលមុននេះ ។ កិច្ចសន្យារបស់ WTI បានធ្លាក់ចុះ៤,៥ភាគរយ ប្រៀបធៀបកិច្ចសន្យាកាលពីគ្រាមុន ។ ក្រុមហ៊ុន WTI ព្យាករការធ្លាក់ចុះនេះរហូតដល់២៥ភាគរយក្នុងសប្តាហ៍ ជាការធ្លាក់ចុះប្រចាំសប្តាហ៍បំផុត ចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៨ នៅពេលដែលក្រុមហ៊ុន WTIនេះ បានធ្លាក់ចុះ២៧ភាគរយ ពេលដែលវិបត្តិសេដ្ឋកិច្ចសកលកំពុងកើតឡើង ។
លំហូរតម្លៃប្រេងទាបចូលទៅក្នុងទីផ្សារ របស់អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បាននិងកំពុងធ្វើឲ្យមានសម្ពាធលើតម្លៃប្រេងកាន់តែខ្លាំងបន្ថែមទៀត ក្រោយអារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ីបរាជ័យកិច្ចព្រមព្រៀងមួយកាលពីសប្តាហ៍មុន ។
ក្រុមជំនាញបានលើកឡើងថា «ដោយសារជំងឺ COVID-19 បាននំាឲ្យការបញ្ជាទិញប្រេងពិភពលោកធ្លាក់ចុះលើកដំបូងក្នុងឆ្នាំនេះ, ការបង្កើនផលិតប្រេងរបស់អារាប៊ីសាអ៊ូឌីតនិងរុស្ស៊ី បាននាំឲ្យការផ្គត់ផ្គង់លើសចំណុះពី៤លានធុងបារ៉ែលក្នុងមួយថ្ងៃ»។
៤លានធុងបារ៉ែលគឺប្រហែល៤ភាគរយការប្រើប្រាស់ប្រេងប្រចាំថ្ងៃនៅលើពិភពលោក មុនពេលជំងឺ COVID-19 ឆ្លងរាលដាល ។ ជំងឺនេះចាប់ផ្តើមដំបូងគេនៅប្រទេសចិន ។
តម្លៃប្រេងក៏បានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះទីផ្សារមូលបត្រជប៉ុន Kikkei 225 ធ្លាក់ចុះ១០ភាគរយ នៅថ្ងៃទី១៣ ខែមីនា បន្ទាប់ពីទីផ្សារភាគហ៊ុនអាមេរិក កាលពីថ្ងៃទី១២ ខែមីនា ធ្លាក់ចុះបំផុតមិនធ្លាប់មានតាំងពីវិបត្តិ Black Monday ឆ្នាំ១៩៨៧ ។
ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសផែនការរារាំង ការធ្វើដំណើរពីសហគមន៍អឺរ៉ុបចូលទឹកដីអាមេរិកនោះ បានធ្វើឲ្យទីផ្សារទាំងឡាយដួលដាំក្បាលចុះ ខណៈដែលអ្វីគ្រប់យ៉ាង រាប់ទាំងព្រឹត្តិការណ៍កីឡា រហូតដល់ពិធីអាពាហ៍ពិពាហ៍ ត្រូវលុបចោលនៅពាសពេញពិភពលោក ដោយសារតែជំងឺ COVID-19 កំពុងវាយលុកលឿនរហ័សនៅប្រទេសនានាជុំវិញពិភពលោក ៕ ម៉ែវ សាធី