អាមេរិកបានដាក់គំនាបដល់ប្រទេស នៅក្នុងតំបន់អឺរ៉ុប ដែលមានបារាំង អង់គ្លេស អាល្លឺម៉ង់ជាដើម ។ ប៉ុន្តែប្រទេសទាំងនោះមិនស្តាប់តាមអាមេរិក ទៀតឡើយ ដោយបន្តអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំបំផុតរបស់ចិនចូលរួម កសាងបណ្តាញសេវាអត់ខ្សែ ជំនន់ទី៥ 5G ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនហួវាយបានចំណាយប្រាក់រាប់រយលានដុល្លារកសាងរោងចក្រផលិតឧបករណ៍ចាំបាច់សម្រាប់ប្រើប្រាស់នៅលើទឹកដីអឺរ៉ុបតែម្តងគឺនៅក្នុងប្រទេសបារាំង ។ ទាំងនោះហើយប្រទេសក្នុងតំបន់អឺរ៉ុប មិនមានអ្វីដែលត្រូវ សង្ស័យ ថាក្រុមហ៊ុនហួវាយ ជាចារកិច្ចស៊ើបការណ៍សំងាត់ទៀតនោះឡើយ។
ដោយអឺរ៉ុបមិនស្តាប់តាម នៅថ្ងៃទី១២ខែមីនា(ពេលវេលាអាមេរិក) ប្រធានាធិបតីដូណាល់ ត្រាម បានចុះហត្ថលេខាលើច្បាប់ «បណ្តាញទូរគមនាគមន៍សុវត្ថិភាព និងទំនុកចិត្ត» ដែលរដ្ឋសភាបានអនុម័តនាពេលកន្លងមក។
នៅក្នុងច្បាប់ថ្មីនេះ បានហាមប្រាមបណ្តាក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ទាំងអស់ទិញសម្ភារ ឧបករណ៍បច្ចេកវិទ្យារបស់ ក្រុមហ៊ុន Huawei ។ អាមេរិកបានចាត់ទុកក្រុមហ៊ុនចិនជាការគំរាមកំហែងដល់សន្តិសុខជាតិ ។
ច្បាប់ថ្មីរបស់អាមេរិក អនុញ្ញាតឲ្យគណៈកម្មការទូរគមនាគមន៍ អាមេរិកFCC បង្កើតកម្មវិធីផ្តល់ជំនួយដល់ ក្រុមហ៊ុនតូច របស់អាមេរិក លុបចោលនៅឧបករណ៍ទាំងឡាយរបស់ Huawei ។
កន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន គឺ Huawei និង ZTE មានទំនាក់ទំនងរកស៊ីយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ។ គោលដៅរបស់អាមេរិក គឺដើម្បីកម្ចាត់ក្រុមហ៊ុនចិន ចេញពីអាមេរិកតែប៉ុណ្ណោះ ។
ចំណែកក្រុមហ៊ុនចិនវិញបានច្រានចោលរាល់ការចោទប្រកាន់ ទាំងឡាយរបស់អាមេរិក។ មិនតែប៉ុណ្ណោះតុលាការអាមេរិក ក៏បានច្រានចោលពាក្យបណ្តឹងរបស់ក្រុមហ៊ុន បច្ចេកវិទ្យា Huawei ផងដែរ។
ដោយឡែកប្រទេសនៅក្នុងតំបន់អឺរ៉ុបវិញ មិនស្តាប់តាមអាមេរិកនោះឡើយ ដោយបន្តប្រើប្រាស់បច្ចេកវិទ្យារបស់ Huawei ដដែល៕ ម៉ែវ សាធី