នៅថ្ងៃសៅរ៍ទី១៤ ខែមីនា ថ្លែងក្នុងសុន្ទរកថាលោកÉdouard Philippe នាយករដ្ឋមន្រ្ដីបានប្រកាសថា បារ ភោជនីយដ្ឋាន ហាងកាហ្វេ រោងកុននិងសូម្បីតែក្លឹបរាត្រីនឹងត្រូវបិទចាប់ពីពាក់កណ្ដាលអធ្រាត្រយប់នេះ។ លើកលែងតែហាងលក់ម្ហូបអាហារ ឱសថស្ថាន ធនាគារ ឫស្ថានីយ៍ប្រេងឥន្ធនៈនៅតែអាចបើកដំណើរការបាន។ លោកបានបន្ដទៀតថា កន្លែងទាំងអស់ដែលទទួលសាធារណៈជនដែលមិនចាំបាច់ដោយអំពាវនាវឲ្យពលរដ្ឋបារាំងទាំងអស់អនុវត្ដវិធានការណ៍ឲ្យកាន់តែសុីជម្រៅ។ យើងត្រូវចៀសវាងការប្រមូលផ្ដុំតាមដែលអាចធ្វើទៅបានកំណត់ការជួបជុំមិត្តនិងក្រុមគ្រួសារ ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈដើម្បីទៅធ្វើការ ចាកចេញពីផ្ទះសម្រាប់តែការដើរទិញឥវ៉ាន់ចាំបាច់ប៉ុណ្ណោះ។ វាជាការចាំបាច់ក្នុងការកំណត់ការធ្វើដំណើរការប្រជុំទំនាក់ទំនងលោកក៍បានអំពាវនាវដល់អាជីវកម្មនិងរដ្ឋបាលអភិវឌ្ឍវិស័យទូរគមនាគមន៍ដើម្បីអនុញ្ញាតឲ្យមនុស្សជាច្រើនអាចធ្វើការងារបាននៅតាមផ្ទះ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ទន្ទឹមបឹងការបោះឆ្នោតអភិបាលក្រុងជុំទី១នឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ។ ខ្ញុំដឹងថាប្រជាជនបារាំងនឹងបង្ហាញភាពស្ងប់ស្ងាត់គោរពយ៉ងខ្ជាប់ខ្ជួននូវការណែនាំសម្រាប់ការឃ្លាតឆ្ងាយនិងផ្ដល់អាទិភាពដល់មនុស្សចាស់និងជនទន់ខ្សោយនិងភាពជាពលរដ្ឋល្អនៅក្នុងឱកាសនេះ។
ខ្ញុំដឹងពីការលះបង់និងការខិតខំប្រឹងប្រែងដែលទាមទារប៉ុន្ដែខ្ញុំជឿជាក់ថា ប្រជាជនបារាំងយល់ពីស្ថានភាពធ្ងន់ធ្ងរនៅពេលនេះ ដែលយើងត្រូវរួបរួមគ្នាដើម្បីយកឈ្នះលើ
វិបត្ដិនេះ។ លោក Jérôme Salomon អគ្គនាយកសុខាភិបាលបានប្រកាសថា នៅពេលនេះប្រទេសបារាំងកំពុងស្ថិតក្នុងដំណាក់កាលទី៣នៃការរីករាលដាលនៃវីរុស Covid-19។ សូមបញ្ជាក់ថា នៅប្រទេសបារាំងករណីអ្នកឆ្លងវីរុសCovid-19កើនឡើងដល់៤៥០០ចាប់តាំងពីការចាប់ផ្ដើមនៃការរីករាលដាលរហូតមកដល់ពេលនេះបានសម្លាប់មនុស្ស៩១នាក់នៅក្នុងប្រទេសនេះ៕ ដោយ៖ម្លិះ