ខេត្តរតនគិរី៖ ដំរីឈ្មោលមួយក្បាលចុះប្រេងមានសភាពកាចសាហាវយ៉ាងខ្លាំង ក៏បានទាញបោកក្មេងប្រុសម្នាក់ផ្ទុបនិងគល់ឈើ បណ្ដាលឲ្យស្លាប់ភ្លាៗ នៅនិងកន្លែងកើតហេតុតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩និង១១នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ត្រង់ចំណុចភ្នំក្រូច ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ខេត្តរតនគិរី។
ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំល្បាំង២ ក៏បានចុះទៅដល់កន្លែងហើយក្មេងរងគ្រោះនោះ ក៏ត្រូវម័រដំរីដឹកយកទៅពេទ្យដើម្បីសង្គ្រោះដែរ តែដោយសាររបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានក៏ដាច់ខ្យល់ស្លាប់ភ្លាមទៅ។
ប្រភពពីនគរបាលប៉ស្តិ៍រដ្ឋបាលឃុំល្បាំង២ បានឲ្យដឹងថា៖ ដំរីឈ្មោលដែលចុះប្រេងនោះឈ្មោះ ប៉ុក ម៉ាយ អាយុ៣២ឆ្នាំ មានម្ចាស់ឈ្មោះ ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ នៅក្រុងបានលុង ខេត្តរតនគិរី។
រីឯម័រដំរីឈ្មោះ ប៊ុន រឿង ផ្លាល អាយុ៣១ឆ្នាំ ជនជាតិព្រៅ បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។
ឯក្មេងរងគ្រោះ ឈ្មោះ ហៀក ជៀវ អាយុ១០ឆ្នាំ ជនជាតិព្រៅ ជាសិស្សថ្នាក់ទី១០ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ក្រោយមកសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ក៏បានប្រគល់សាកសពក្មេងរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណីបងប្អូនជនជាតិផងដែរ។
ទាក់ទិននឹងករណីខាងលើនេះ លោក នូ ថេ អភិបាលស្រុកលំផាត់ បានឲ្យដឹងនៅរសៀល ថ្ងៃដដែលនេះថា៖ ដំរីឈ្មោលខាងលើ កន្លងមកធ្លាប់ចុះប្រេងម្តងរួចមកហើយដែរ ហើយរហូតមកដល់ថ្ងៃនេះ ដំរីឈ្មោលនេះ ចុះប្រេងម្តងទៀត មានសភាពកាចសាហាវណាស់ សូម្បីតែម័រដំរី មើលថែទាំរាល់ថ្ងៃនោះ ក៏វាមិនស្តាប់បង្គាប់ផងទើបបណ្តាលឲ្យចាប់ក្មេងសិស្ស សាលាម្នាក់បោកផ្ទុបគល់ឈើរហូតដល់ស្លាប់យ៉ាងអណោចអធ៌មបែបនេះតែម្តង៕
ដោយជីវ័ន្ត