ព័ត៌មានទាន់ហេតុការណ៍៖

សែលកាតក្លាយជាដៃគូសហការក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ ២០២០

ចែករំលែក៖

ភ្នំពេញ៖ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២០៖ក្រុមហ៊ុន សែលកាត បានបង្ហាញឆន្ទៈដ៏រឹងមាំរបស់ខ្លួនជាថ្មីម្ដងទៀត ក្នុងការអបអរ និងគាំទ្រទេពកោសល្យ ស្នាដៃ របស់កូនខ្មែរក្នុងស្រុក ដោយបានសម្រេចធ្វើជា​ម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃមហោស្រព ភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២០ នេះ។

ក្រុមហ៊ុន សែលកាត ពិតជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការ​គាំទ្រការប្រារព្ធខួបទី១០​ របស់ មហោស្រព ភាពយន្តអន្តរជាតិកម្ពុជា​ជាមួយនឹងការចាក់បញ្ចាំងភាពយន្តជាង ១៥០រឿង នៅទីតាំងចំនួន ៦កន្លែងក្នុង រាជធានីភ្នំពេញ។

មហោស្រពនេះ ត្រូវបានសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថត ភាពយន្តបរទេសនៅកម្ពុជា និងមជ្ឈមណ្ឌលបុប្ផាណា នឹងមានការចាក់បញ្ចាំងភាពយន្ត​ ​ពីថ្ងៃសៅរ៍ ទី១៤​​​រហូតដល់ថ្ងៃអាទិត្យ ទី២២ ខែមីនានេះ។

ទីតាំងចាក់បញ្ចាំងភាពយន្តទាំង ៦កន្លែង រួមមានដូចជា សាលសន្និសីទចតុម្មុខ,​ សាលមហោស្រព Rosewood​, មជ្ឈមណ្ឌលបុប្ផាណា, រោងភាពយន្ដMajor Cineplex, លេជេន (Legend Cinemas) និងការបញ្ចាំងក្រៅមហោស្រពនៅ “The Village by Cellcard” ។

“The Village by Cellcard” គឺជាទីតាំងចម្បងនៃសកម្មភាពផ្សេងៗនៅក្នុងព្រឹត្តិការណ៍នេះ ដែលនឹងមាន សកម្មភាពជាច្រើនដូចជា៖ ការបញ្ចាំងភាពយន្តក្រៅមហោស្រព, កម្មវិធីផ្សេងៗរបស់ក្រុមហ៊ុនឧបត្ថម្ភ និង ដៃគូរួមវិស័យផ្សេងៗ បូករួមទាំងបទបង្ហាញរបស់សមិទ្ធិករភាពយន្តសិក្ខាសាលា និងការសម្ដែងនានា។ ក្រុមហ៊ុន សែលកាត នឹងមានបង្ហាញនៅក្នុងស្តង់​ដាក់អោយសាកល្បង VR (Virtual Reality) មួយទៀតសម្រាប់ការតាំងបង្ហាញខ្លឹមសាររឿង និង បទពិសោធន៍ឌីជីថលថ្មីៗ។

មហោស្រពភាពយន្តឆ្នាំនេះបានបង្កើតពានរង្វាន់ថ្មីមួយប្រភេទ ដែលមានឈ្មោះថា «ពានរង្វាន់ជម្រើសមហាជន» People’s Choice Awardsដែលអាចឱ្យសាធារណជនទូទៅជ្រើសរើសរឿងដែលខ្លួនចូលចិត្ត ១ពីភាពយន្តចំនួន១០ ដែលមហោស្រព បានសម្រាំងទុក។

សាធារណជន អាចទស្សនាភាពយន្តហើយធ្វើការបោះឆ្នោតលើភាពយន្តដែលពួកគេចូលចិត្តនៅលើ គេហទំព័រ របស់សែលកាត រហូតដល់ថ្ងៃទី២១ ខែមីនា។ ភាពយន្តដែលទទួលបានការគាំទ្រច្រើននឹងត្រូវបានប្រកាសទទួលពានរង្វាន់នៅ ថ្ងៃទី២២ ខែមីនា នៅឯសាលសន្និសីទចតុមុខ​។

លោក Cedric Eloy ជាប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា​មានប្រសាសន៍ថា៖ “​ពានរង្វាន់ជម្រើស មហាជននេះ People’s Choice Awards គឺជាពានរង្វាន់ល្អមួយក្នុងការជួយជំរុញឱ្យសាធារណជនបង្កើនការចូលរួមរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ​ ហើយ​ក៏ជាការលើកស្ទួយ និងអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅកម្ពុជាយើងផងដែរ។​”

លោក Ian Watson នាយកប្រតិបត្តរបស់សែលកាតបានលើកឡើងថា៖“ពួកយើងបានមើលឃើញពី សក្តានុពលរបស់យុវជនកម្ពុជា ដូចនេះហើយក្នុងនាមប្រតិបត្តិករដែលមានម្ចាស់ជាខ្មែរ ក្រុមហ៊ុន សែលកាត សូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមទាំងឡាយដែលផ្តោតទៅលើការ​ស្វែងរក ការបណ្ដុះបណ្តាល និងការទទួលស្គាល់នូវទេពកោសល្យក្នុងស្រុក។ លោក Ian Watson បានបន្តទៀតថា៖ “​មហោស្រពភាពយន្តអន្តរជាតិបានបង្ហាញខ្លឹមសាររឿងដ៏អស្ចារ្យជាច្រើន ព្រមទាំងទាក់ទាញដល់គ្រប់ផ្នែកទាំងអស់យ៉ាងទូលំទូលាយ។​”

លោក Ian Watson បានបន្ថែមថា៖ “ខ្លឹមសាររឿងនឹងក្លាយទៅជាចំណុចចម្បងនៃយុទ្ធសាស្ត្រកម្សាន្ត សម្រាប់ ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទក្រុមហ៊ុនផ្សព្វផ្សាយ និងក្រុមហ៊ុនដែលផ្តល់វេទិកាឌីជីថល នៅពេល​ដែលពួកយើងឈាន​ទៅរកសម័យកាលឌីជីថលរួចហើយ។”

“ក្នុងនាមប្រតិបត្តិករតែមួយគត់ដែលមានម្ចាស់ជាខ្មែរ និងជាបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប យើងគ្រោងនឹងគាំទ្រ យ៉ាងពេញទំហឹងចំពោះការរីកចម្រើននៃបណ្តាខ្លឹមសាររឿងដែលបង្កើតក្នុងស្រុកនៅពេលអនាគតហើយ យើងទន្ទឹងរង់ចាំការមកដល់នៃមហោស្រពនេះ និងឃើញអនាគតផលិតករខ្សែភាពយន្តក្នុងស្រុកទាំងអស់ បានរះចែងចាំងផង។”

ពិធីបើកមហោស្រពភាពយន្តនេះ នៅឆ្នាំ ២០២០ ​បានប្រព្រឹត្តឡើងនៅថ្ងៃទី​១៣​​ ខែមីនានេះ នៅសាលសន្និសីទ ចតុមុខ។ នៅក្នុងមហោស្រពនេះ ទូតតំណាងរបស់សែលកាត អ្នកមានឰឥទ្ធិពលក្នុងបណ្តាញសង្គម និងសិល្បករជាច្រើនរូប នឹងទៅ ទស្សនា“ The Village by Cellcard” ផងដែរ។ សូមរង់ចាំតាមដានតារាងកម្មវិធីនៃការបញ្ចាំងខ្សែភាពយន្ត និងសកម្មភាពនានានៅលើទំព័រហ្វេសប៊ុករបស់សែលកាត។


ចែករំលែក៖