ខេត្តបាត់ដំបង៖ នៅថ្ងៃទី ១៤ ខែ មីនា ២០២០ នាពិធីបុណ្យទន្លេលើកទី ៦ នៅឯខេត្តបាត់ដំបង សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធនានាខិតខំសិក្សា និងរក្សាឲ្យបាននូវព្រលានយន្តហោះបែកចាន។
សម្តេចក៏បានបញ្ជាក់ថា ទោះបីនៅពេលនេះមិនទាន់ត្រូវការប្រើប្រាស់ ប៉ុន្តែនៅពេលខាងមុខគឺពិតជាត្រូវការមិនខាន។ សម្តេចក៏បានស្នើអភិបាលខេត្ត និង សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជូនដំណឹងដល់ពលរដ្ឋកុំឲ្យសាងសំណង់ខ្ពស់ៗនៅទីតំបន់ព្រលានចាស់នោះ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះនាពេលអនាគតខាងមុខ។
សម្ដេចបន្តថាពិតណាស់ ពេលប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ គឺនៅពេលនោះតម្រូវការកសាងព្រលានយន្តហោះគឺត្រូវតែមាន ដើម្បីពលរដ្ឋមានជម្រើសមធ្យោបាយធ្វើដំណើរតាមឡាន ឬតាមរថភ្លើង ឬតាមយន្តហោះ ឬឧទ្ធម្ភាគចក្រ ជាដើម៕