ខេត្តកំពត៖ សមយុទ្ធ «នាគមាស ឆ្នាំ២០២០» រវាងកងទ័ពកម្ពុជា-ចិន នៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរ ជើងលេខ៧០ បានប្រព្រឹត្តនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបើក ពីនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក វ៉ាង វិន ធៀន (Wang Wen Tian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅទី១៥ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
ប្រធានក្រុមការងារដឹកនាំធ្វើសមយុទ្ធប្រទេសទាំងពីរ បានបញ្ជាក់ក្នុងសេចក្តីរាយការណ៍ឱ្យដឹងថា៖ សមយុទ្ធឆ្នាំនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះរថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វយប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌» ។
ឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិន ធៀន បានចាត់ទុកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាយុទ្ធការជាក់ស្តែងមួយក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀតនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់សមត្ថភាពនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត។
នាយឧត្ដមសេនីយ៍ វង្ស ពិសេនក៏ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ គូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធរួមគ្នា ដែលសមយុទ្ធនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ចំណងសាមគ្គីភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ ការចេះសម្របសម្រួលរស់នៅ និងចេះធ្វើការរួមជាមួយជាតិសាសន៍ជាច្រើនទៀត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា៖ សមយុទ្ធក៏មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញគឺជាការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាភារកិច្ចរួម ហើយដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវរួមគ្នាសហការទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសុខសុវត្តិភាពក្នុងតំបន់ និងក្នុងក្របខណ្ឌពិភពលោក។
នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការបានរំលេចនូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបាននាំមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ធ្វើឲ្យកម្ពុជាមានឱកាសស្តារ និងអភិវឌ្ឍប្រទេសឲ្យមានសន្ទុះរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ។ ដូច្នេះកត្តាសន្តិភាពមានតម្លៃដ៏មហាសាលមិនអាចកាត់ថ្លៃបាន បើគ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់ កុំថាឡើយលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍ។ តាមនាយឧត្ដមសេនីយ៍ «អរគុណសន្តិភាព ដោយសារនយោបាយឈ្នះឈ្នះទើបបានបញ្ចប់សង្រ្គាម មានសន្តិភាព ។ ដឹងគុណអ្នកស្ថាបនិកនយោបាយឈ្នះឈ្នះ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ។
នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់យោធិនគ្រប់រូបនៃកងយោធពលខេមរភូមិន្ទ ត្រូវគោរពប្រតិបត្តិឱ្យបានម៉ឹងម៉ាត់នូវបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះត្រូវរួមសហការស្អិតល្មួតជាមួយកងទ័ពមិត្ត ហើយត្រូវបង្កើនកិច្ចសហការក្នុងនាមជាម្ចាស់ផ្ទះ មានតួនាទីឈានមុខក្នុងការបង្កឱ្យមានភាពស្និទ្ធស្នាល បង្កើតនូវបរិយាកាសរីករាយ សំដៅធ្វើយ៉ាងណាឱ្យភាគីមិត្តបានយល់ និងជ្រួតជ្រាបកាន់តែស៊ីជម្រៅថែមទៀត អំពើតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិយើង។ ក្នុងករណីចាំបាច់ត្រូវចេះជួយសម្របសម្រួលដល់កម្លាំងភាគីមិត្ត ផ្តល់បទពិសោធន៍ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកដោយក្តីស្មោះត្រង់ ជ្រះថ្លា ក្នុងនាមសហការីរួមវិជ្ជាជីវៈ។ ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ចំណេះធ្វើថ្មីៗ ល្អៗ សម្រាប់បំពេញភារកិច្ចការពារជាតិ និងកសាងមាតុភូមិ ក៏ដូចជាការចូលរួមចំណែកថែរក្សាការពារសន្តិភាព ស្ថេរភាពពិភពលោកឱ្យស្ថិតស្ថេរគង់វង្ស៕
សូមបញ្ជាក់ថា៖ ចិន និងកម្ពុជា ជានយោបាយតែមួយ និងមានទំនាក់ទំនងល្អបំផុត លើគ្រប់វិស័យ ប្រកបដោយជាមិត្តអមតៈ៕សហការី