យន្តហោះឈ្លបយកការណ៍របស់រុស្ស៊ី Tu-142 ដែលជាយន្តហោះប្រឆាំងនាវាមុជទឹករយៈចម្ងាយឆ្ងាយនោះ បានចាប់ផ្តើមហោះហើរប្រតិបត្តិការនៅពីលើដែនសមុទ្រអាត្លង់ទិក មុនពេលដែលកងកម្លាំងយោធាសម្ពន្ធមិត្តណាតូ ធ្វើសមយុទ្ធចាប់ពីថ្ងៃចន្ទតទៅ ។
អ្នកនាំពាក្យកងនាវាចរភាគខាងជើងរបស់រុស្ស៊ីបានបញ្ជាក់ថា «ថ្ងៃនេះ, អាកាសយានិក២រូប នៃយន្តហោះឈ្លបការណ៍ Tu-142 ប្រឆាំងនាវាមុជទឹករយៈចម្ងាយឆ្ងាយ បានបញ្ចប់បេសកកម្មហោះហើររបស់ខ្លួននៅពីលើដែនទឹក អាត្លង់ទិក អីប៊ឺរាន» ។ ប្រភពបន្តថា យន្តហោះបានហោះពីលើដែនទឹកអព្យាក្រឹត្យមហាសមុទ្រអាត្លង់ទិក, ប្រទេសន័រវេស, បារ៉ែន និងសមុទ្រខាងជើង ។ អំឡុងពេលប្រតិបត្តិការហោះហើរនេះមានចំនួន១៥ម៉ោងគត់ ។
នៅពេលនេះដែឬ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហើបថា កាលពីថ្ងៃទី១៥ខែមីនា ឆ្នាំ២០២០ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ Tu-142 បានសំកាំងស្លាបឆ្លងកាត់មហាសមុទ្រ ក្បែររដ្ឋអាឡាស្កា ។
យន្តហោះទម្លាក់គ្រាប់បែកប្រកបដោយយុទ្ធសាស្ត្រ Tu-142 ចំនួន២គ្រឿង ដែលជាកម្មសិទ្ធិកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី បានហោះហើរប្រតិបត្តិការចម្ងាយ៥០០០គីឡូម៉ែត្រ ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក និងតំបន់អាក់ទិក ស្របទៅតាមច្បាប់អន្តរជាតិ ។
បណ្តាញទូរទស្សន៍រដ្ឋរុស្ស៊ី Zvezda បានផ្សាយព្វផ្សាយវីដេអូយន្តហោះចម្បាំង២គ្រឿងនេះកំពុងតែហោះហើរ ។ វីដេអូបង្ហាញទៀតថា យន្តហោះទម្លាក់គ្រាប់បែកប្រកបដោយយុទ្ធសាស្ត្ររបស់រុស្ស៊ីនោះបានហោះហើរក្នុងលំហាត់សមយុទ្ធលើអាកាសតាមការគ្រោងទុក នៅពីលើដែនទឹកអព្យាក្រឹត ហើយអមទៅដោយយន្តហោះចម្បាំង MiG-31BMផងដែរ ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការហោះហើរនេះជាផ្នែកមួយចូលរួមសមយុទ្ធប្រយុទ្ធក្នុងរដូវត្រជាក់ ។
ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ Tu-142 ស្ថិតនៅពីលើដែនទឹកអព្យាក្រឹត នៃសមុទ្រ Chukotsk និងសមុទ្រ Beaufort ។ ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ហោះហើរប្រហែល១២ម៉ោង ។
ប្រភពព័ត៌មាន sputnik បានផ្សាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-142 ខណៈហោះហើរនៅក្នុងតំបន់អាឡាស្កានោះ មានយន្តហោះចម្បាំងអាមេរិក F-22 និង F-18 ហោះទៅអមផងដែរ ៕