ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួនបុរសជនជាតិចិន ម្នាក់និងភ្លើងខ្លី១ដើម ម៉ាកK54 រួមនិងឧបករណ៍ សំរាប់ជក់គ្រឿងញៀន មួយកំប្លេរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ខណៈឈ្លោះប្រកែកជាមួយជនជាតិចិនដូចគ្នាគេបានសំញែងកាំភ្លើងខ្លីមួយដើមហាក់ចង់គម្រាមដល់គូរទំនាស់របស់ខ្លួនតែចៃដន្យក្រុមសន្ដិសុខនិងពលរដ្ឋនៅទីតាំងកើតហេតុនោះឃើញទាន់ក៏លួចរាយការណ៍ប្រាប់កម្លាំងនគរបាលឲ្យចុះទៅធ្វើការបង្រ្កាបឆែកឆេរភ្លាមៗទៅលើជនសង្ស័យ តែជនសង្ស័យបានយកកាំភ្លើងលាក់នៅបន្ទប់ទឹករហូតដល់ឃាត់ខ្លួនទើបនាំទៅយកកាំភ្លើងចេញពីកន្លែងលាក់នោះមានទាំងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយកំប្លេរតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចអគារព្រីមផ្លាហ្សា តាមផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យក្នុងហេតុការណ៍នេះឈ្មោះ XIE YENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះលេខ១៧ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមេការរោងចក្រ (គ្មានលិខិតឆ្លងដែន)។ វត្ថុតាងដកហូតមាន កាំភ្លើងខ្លី១ដើម, ម៉ាកK54 ពណ៌ខ្មៅ បង់១ គ្រាប់៤គ្រាប់ រួមនិងឧបករណ៍ សំរាប់ជក់គ្រឿងញៀន មួយកំប្លេរ។
ប៉ូលិសបានឲ្យដឹងថា មុនកើតហេតុកម្លាំងនគរបាល ទទួលព័ត៌មានពីប្រជាពលរដ្ឋថា ជនសង្ស័យជនជាតិចិនម្នាក់នេះគេសង្ស័យ មានអាវុធខ្លី ក្រោយមក ក៏កម្លាំងនគរបាលព្រហ្មទណ្ឌ សហការនគរបាលប៉ុស្តិ៍ ក៏ចុះទៅឃាត់បុរសជនសង្ស័យ នោះនៅអាគារកើតហេតុខាងលើ។
លោក ផន អូន អធិការរងខណ្ឌចំការមន បានឲ្យដឹងថា ក្រោយពីការចុះធ្វើការឃាត់ខ្លួន ជនសង្ស័យយកទៅសួររកអាវុធខ្លីមុនដំបូងជនសង្ស័យឆ្លើយថា មិនបានដឹងរឿងអ្វីទេ តែសាក្សីសន្តិសុខ បានប្រាប់ថា បុរសជនជាតិចិន បង្កហិង្សាម្នាក់នេះ បានដកអាវុធខ្លីគំរាម ទៅលើជនជាតិចិនដូចគ្នាដែលជាគូរទំនាស់របស់ខ្លួន។
ក្រោយមកដោយដឹងច្បាស់ហើយនោះទើបឲ្យជនសង្ស័យជូនទៅមើលកន្លែងកើតហេតុ ដែលជនជាតិចិន រត់ចូលបន្ទប់ទឹក រួចយកជននោះទៅឆែកឆេរ ទើបឃើញថង់ខ្មៅ មានកាំភ្លើងខ្លីម៉ាក K54 ចំនួន១ដើម និងឧបករណ៍ សំរាប់ជក់គ្រឿងញៀន១កំប្លេរ ហើយក៏នាំខ្លួនមកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ស រស្មី

ចែករំលែក៖