ព័ត៌មានទាន់ហេតុការណ៍៖

ពល​រដ្ឋ​រិះគន់​ អាជ្ញាធរសង្កាត់នគរធំថាបានសហការជាមួយក្រុមហ៊ុនឯកជន ជីក​យកអាចម៍ដី​«ត្រពាំង​ខ្មោច​» លក់​

ចែករំលែក៖

សៀមរាប​៖ ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ ភូមិ​ស្រះស្រង់​ខាង​ត្បូង​ សង្កាត់​នគរធំ​ ក្រុង​សៀមរាប​ខេត្ត​សៀមរាប​ បានសម្តែង​ការ​មិន​ពេញចិត្ត​ នៅពេល​ឃើញ​ក្រុមហ៊ុន​ឯក​ជន​ យក​គ្រឿងចក្រ​ធ្វើសកម្មភាព​ជី​កកាយ​ដី​ត្រពាំង​បុរាណ​ឈ្មោះ «ត្រពាំង​ខ្មោច​» ដែល​ស្ថិត​ក្នុង​តំបន់ការពារ​ទី​១នៃ​ឧទ្យាន​អង្គរ​ យកអាចម៍ដី​លក់​ ក្រោម​កិច្ច​សហការជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ។
 លោក​ ង៉ា​ ចុង​ ចៅសង្កាត់​នគរធំ​ បាន​ប្រាប់​ ថា​ ត្រពាំង​ខ្មោច​ មាន​ទំហំ​ជាង​ ៦ហិកតា​ ត្រូវ​បានប្រជា​ពល​រដ្ឋ​ ចំនួន​ ៧គ្រួសារ​ អាស្រ័យផល​ធ្វើស្រែជា​យូរឆ្នាំមកហើយ។ ក្រោយ​មកលោក​ បាន​ទិញ​បាត​ត្រពាំង​នោះ​ជាង​ ៦ហិកតា​ ពីប្រជា​ពល​រដ្ឋ​ទាំង​ ៧គ្រួសារ​ ក្នុង​តម្លៃ​ ៧ម៉ឺន​ដុល្លារ​ (ជាលុយ​របស់​ក្រុមហ៊ុន​ឯក​ជន​) ដើម្បី​ស្តារ​ជម្រៅ​ ១,៥០ម៉ែត្រ​ដើម្បីស្តុក​ទឹក​ប្រើ​ប្រាស់​ផ្សេង​ៗ។
លោក​បន្តថា ការ​ជីក​ស្ដារ​«ត្រពាំង​ខ្មោច​» គឺយោងទៅតាម​លិខិត​ចុះថ្ងៃ​ទី​០១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ដោយ​ចុះហត្ថលេខា​លោក​ហង្ស​ ពៅ​ អគ្គ​នាយក​ស្តីទី​ អគ្គ​នាយក​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា។
ជុំវិញ​រឿងរ៉ាវ​នេះ​ លោក​ សុខ​ រិទ្ធី​ ទទួល​បន្ទុក​ត្រពាំង​បុរាណ​ដ្ឋាន​តំបន់ការពារ​ទី​១ ក្នុង​ឧទ្យាន​អង្គរ​បាន​ប្រាប់​ ថា​ដោយសារ​លោកទើប​តែចូល​មកកាន់​ក្នុង​តំបន់​នេះ​ បានត្រឹម​ ២ខែ​ ដូច្នេះ​កិច្ចការ​ងារ​គេ​ធ្វើអា​ជី​កម្ម​ជីក​យកអាចម៍ដី​លក់​ក្នុង​ ត្រពាំង​ខ្មោច​ លោកមិនដឹងច្បាស់ទេ។
លោក​ សុខ​ រិទ្ធី​ បាន​ប្រាប់​ឲសួរលោក ឡុង​ កុសល់ ទើបដឹង​ច្បាស់​ដោយ​លោកមាន​តួ​រ​នាទី​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​ផង​ និង​នាយក​ នៃ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ផង។
សូម​បញ្ជាក់​ថា​ អាជ្ញាធរ​អប្សរា​ កាល​ពីពេល​កន្លង​ទៅ​ បានចេញ​សេចក្តី​ជូនដំណឹង​ ហាមឃាត់​រថយន្ត​ធន់​ធំ​ធ្វើអាជីវកម្ម​លើ​ផ្លូវជាតិ​តំបន់​ឧទ្យាន​អង្គរ​ និង​មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​នៅពេល​ថ្ងៃនោះ​ឡើយ​ ព្រោះ​វាអាចបង្ក​ផលប៉ះពាល់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ។
អាជ្ញាធរ​អប្សរា​ បានកំណត់​ឲ្យ​រថយន្ត​ប្រភេទ​ខាង​លេី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​នៅ​ម៉ោង​ ៨យប់​ដល់ម៉ោង​ ១១យប់​ដោយ​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​ក្នុង​ការ​សំអាត​តាម​ដងផ្លូវ។
ប៉ុន្តែឥឡូវនេះ​ គេឃើញ​ក្រុមហ៊ុន​ជី​កកាយ​ដី​ ត្រពាំង​ខ្មោច​ បាន​ធ្វើសកម្មភាព​ដឹកដីចាក់​តាម​ក្រុមហ៊ុន​ពុះ​ដី​ឡូត៍​ ជា​ច្រើន​ទីតាំង​ទាំង​កណ្ដាល​ថ្ងៃ​ ដោយ​ពុំ​គោរព​តាមការ​ណែនាំ​របស់​អាជ្ញាធរ​អប្សរា​ឡើយ។
 បើតាមប្រភពពីប្រជាពលរដ្ឋរដ្ឋ​ បានឲ្យដឹង​ថាអាជ្ញាធរ​ធ្លាប់​បាន​ប្រាប់​ពួកគាត់​ថា​ ការ​ស្តារ​ត្រពាំង​ខ្មោច​នេះ​ គឺ​យកអាចម៍ដី​ចាក់​ធ្វើ​ផ្លូវ​ក្នុង​ឃុំ​ និង​ធ្វើ​ជាទំនប់​ជុំវិញ​ត្រពាំង​ ប៉ុន្តែបច្ចុប្បន្ន​ គឺ​ក្រុមហ៊ុន​កាយ​យកអាចម៍ដី​លក់​ឲ្យ​ក្រុមហ៊ុន​ពុះ​ដី​ឡូត៍​ទាំងអស់​ មិន​បានធ្វើ​តាមអ្វី​ដែល​អាជ្ញាធរ​ធ្លាប់​លើក​ឡើង​នោះ​ទេ​៕ ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖