ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន​មនុស្ស៧នាក់ ពាក់ព័ន្ធករណីលេងល្បែងបញ្ជល់មាន់​ និងអាប៉ោង​ នៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ​ ៖​ គណៈបញ្ចាការឯកភាពខណ្ឌជ្រោយចង្វា បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមនុស្សមួយក្រុមដែលនាំគ្នាបើកល្បែងបញ្ជល់មាន់​ និងអាប៉ោង ខុសច្បាប់​នៅខណ្ឌជ្រោយចង្វា ជាក់ស្តែងចាប់ខ្លួនមនុស្ស៧នាក់ និងដកហូតបានម៉ូតូជាច្រើនគ្រឿង ព្រមទាំងសត្វមាន់ជល់ផងដែរ ។

ករណី​ឆ្មក់បង្ក្រាបទីតាំងបញ្ជល់មាន់ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ​២០២០ ត្រង់ចំណុចខាងក្រោយ​ឡឥដ្ឋ​ ក្នុងភូមិសំបកមាស​ សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

​ យោងតាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌជ្រោយចង្វា បានឲ្យដឹងថា​ ដោយមានប្រជាពលរដ្ឋល្អ បានរាយការណ៍មកថា​ ទីតាំងខាងលេី កំពុងតែមានមនុស្សមួយក្រុមនាំគ្នាបេីកសង្វៀនបញ្ជល់មាន់​ និងអាប៉ោង លេងយ៉ាងគគ្រឹកគគ្រេងនិងហ៊ោកញ្ជ្រៀវ​​ ដោយមិនខ្លាចសមត្ថកិច្ចឬអាជ្ញាធរណាហ៊ានចុះបង្ក្រាបនោះទេ ។ បន្ទាប់ពីទទួលព័ត៍មានភ្លាម អាជ្ញាធរខណ្ឌជ្រោយចង្វា​ ដោយការសហការចូលរួមពីកម្លាំងនគបាល​ខណ្ឌ និងកម្លាំងកងអាវុធហត្ថខណ្ឌ​ ទើបឈានដល់ការឆ្មក់បង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ខាងលេីជាក់ស្តែង សមត្ថកិច្ចជំនាញបានឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៧នាក់​ ម៉ូតូជាច្រេីនគ្រឿង​ និងសត្វមាន់អាគកជាច្រើនក្បាល រួមនឹងសម្ភារវត្ថុតាងមួយចំនួនទៀត​ ។

​ ក្រោយប្រតិបត្តិការរួចរាល់​ កម្លាំងជំនាញ​បានធ្វេីការរុះរេីទីតាំងខាងលេី​ចោលតែម្ដង​ ។ បច្ចុប្បន្នមនុស្សចំនួន៧នាក់​ និងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា​ ដេីម្បីអនុវត្តន៍​តាមនីតិវិធីច្បាប់ ៕ជ្រោយពេជ្រ


ចែករំលែក៖