គេហទំព័រ Dailymail បានផ្សាយថា ក្លិបក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសPremier League ប្រឈមនឹងការពិន័យជាប្រាក់៧៥០លានផោន(៨៨៨លានដុល្លារអាមេរិក) ពី ក្រុមហ៊ុនដែលបានទិញសិទ្ធិផ្សាយរួមទាំងទូរទស្សន៍ Sky Sports និងទូរទស្សន៍ BT Sport ប្រសិនលីកមួយនេះគេមិនអាចលេងបង្ហើយការប្រកួតនៅសល់ក្នុងរដូវកាល២០១៩–២០២០មុនថ្ងៃទី៣១ ខែកក្កដា ទេនោះ។
ក្នុងនោះ ទូរទស្សន៍ Sky Sports បានទិញសិទ្ធិផ្សាយ Premier League ៣រដូវកាលដែលមានតម្លៃសរុប៣ពាន់លានផោន ផ្សាយផ្ទាល់១២៨ប្រកួតខណៈដែលទូរទស្សន៍ BT Sport ទិញសិទ្ធិផ្សាយផ្សាយ៥២ប្រកួត។ប៉ុន្តែការពន្យារពេល និងភាពមិនច្បាស់លាស់ជុំវិញរដូវកាល២០១៩–២០២០នេះថា តើអាចបន្តវិញទាន់ពេលវេលាកំណត់ណាមួយឬអត់នោះ កំពុងប្រឈមនឹងលទ្ធភាពនៃការបំពានកិច្ចព្រមព្រៀងសិទ្ធិផ្សាយ។
ចំណែកក្រុមហ៊ុនដែលបានទិញសិទ្ធិផ្សាយប្រឈមនឹងការតាំងផ្លូវច្បាប់ទល់នឹងក្របខ័ណ្ឌ Premier League ដើម្បីបានចំណែកលុយមកវិញដែលក្លិបនីមួយៗអាចចំណាយប្រហែល៣៧លានផោន ប្រសិនពួកគេមិនបានផ្សាយការប្រកួតគ្រប់តាមចំនួនដែលបានទិញ។
យ៉ាងណាក្ដី Sky Sports និង BT Sport នៅសល់កិច្ចសន្យាដល់ឆ្នាំ២០២២ជាមួយលីកកំពូលអង់គ្លេស ។
ដូច្នេះពួកគេត្រូវរក្សាទំនាក់ទំនងល្អជាមួយគ្នាមុនពេលការចរចាណាមួយធ្វើឡើងក្រោយស្ថានភាពការរីករាលនៃវីរុសកូរ៉ួណាស្ងប់ស្ងាត់ ៕ ដោយ៖ ភិរក្ស