ភ្នំពេញ៖ ម្ចាស់បទ”ចាបយំល្វើយៗ” លោក ចាន់ មករា ទទួលបានការពេញចិត្តខ្លាំងពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមហាជនជាច្រើនក្រោយពីអ្នកចម្រៀងរូបនេះច្រៀងបទចម្រៀងយ៉ាងពិរោះរណ្តំចិត្តជាច្រើន។ ថ្មីៗនេះលោកបានបញ្ចេញបទចម្រៀងថ្មីបង្កប់ដោយទស្សនៈអប់ឲ្យប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្ន ចំពោះជំងឺCovid–19។
បទថ្មីមានចំណងជើងថា “Covid–19អង្រួនពិភពលោក” ដែលជាបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរ បាននឹងកំពុងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងព្រោះតែបង្កប់ដោយអត្ថន័យស៊ីជម្រៅ និងដាស់តឿនប្រជាជនខ្មែរឲ្យមានការស្វែងយល់ ប្រុងប្រយ័ត្ន ចូលរួមថែរក្សាអនាម័យ ដើម្បីបញ្ចៀសពីជំងឺ Covid–19។ បទចម្រៀងនេះក៏បានជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្រមាដើម្បីប្រើប្រាស់ការពារ ជំនួសម៉ាសផងដែរ។ បទចម្រៀងនេះត្រូវបាននិពន្ធដោយ លោក ជិន វឌ្ឍនា និងនិពន្ធបទភ្លេងដោយលោក រិន ធិរិទ្ធ និងរៀបចំផលិតដោយការិយាល័យសិល្បៈសម័យ នាយកដ្ឋានផលិតកម្មវិធីវិទ្យ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។
គួរបញ្ជាក់ដែរថា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានសម្ដែងការពេញចិត្តរហូតផ្ដល់កិត្តិយសឡើងជូនបាច់ផ្កានៅលើឆាកដោយផ្ទាល់អំឡុងពេលលោកកំពុងច្រៀងបទ ព្រះឥន្ទទាត់សី។ក្នុងឱកាសចូលរួមអបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ។ លោកគឺជាតារាចម្រៀងកន្ទ្រឹមដ៏មានប្រជាប្រិយ ហើយបទចម្រៀងរបស់លោកជាច្រើនត្រូវបានប្រជាជនខ្មែរនិយមស្តាប់ពិសេសបទចម្រៀងបែបប្រជាប្រិយខ្មែរ៕ ដោយ វឌ្ឍនា