ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក Audi A8L បោះពួយលឿនដូចហោះ ទៅបុកម៉ូតូកង់បីខ្មែរមួយគ្រឿងកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យដាច់ជាពីរ និងធ្វើឲ្យម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យភ្លាមផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្ដែងមួយនេះ បានកើតឡើងកាលពីវេលាម៉ោង១២៖០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខឱសថស្ថានម៉ាកូសា តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បីខ្មែរមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1M-2535 ធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃបម្រុងត្រឡប់ក្រោយ ទើបនឹងបត់បានពាក់កណ្តាលផ្លូវ ក៏មានរថយន្តមួយគ្រឿង ម៉ាកអូរឌី (Audi A8L) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-2211 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកចំពាក់កណ្ដាលម៉ូតូកង់បីពេញទំហឹង បណ្តាលឲ្យដាច់ចេញជាពីរក្បាលម៉ូតូសណ្តោងរឺម៉កកង់បីប្លោងទៅផ្លូវម្ខាងទៀតជាច្រើនម៉ែត្រ ចំណែកឯម្ចាស់កង់បីរងរបួសធ្ងន់។ បន្ទាប់មកត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានប្រគល់អ្នកបើកបររថយន្តបង្ក ទៅឲ្យខាងសមត្ថកិច្ចជំនាញចរាចរណ៍ រាជធានីភ្នំពេញ និងធ្វើការវាស់វែងយកម៉ូតូកង់បី និងរថយន្តទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សហការី