ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្នងការរងជាច្រើនរូប បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការ និងត្រួតពិនិត្យដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ១៩ (COVID19) និងចាត់វិធានការត្រួតពិនិត្យតាមដានជាប្រចាំច្រកទ្វារព្រំដែន អញ្ជើញដឹកនាំដោយ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅបរិវេនស្នាក់ការ ការិយាល័យ គយ និងរដ្ឋាករជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ដោយមានការពីលោកអភិបាលរងខេត្ត មន្ត្រីរាជការ ប្រធានមន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ។
បន្ទាប់ពីប្រកាសបិទច្រកព្រំដែនចំនួន០៤ ក្នុងភូមិសាស្ត្រស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្តាលរួចមក លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅតាមច្រកព្រំដែននីមួយៗ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងមិនអនុញ្ញាតអោយប្រជាពលរដ្ឋ នៃប្រទេសទាំង២(កម្ពុជា-វៀតណាម)ធ្វើដំណើរឆ្លងកាត់ ក្នុងគោលបំណងទប់ស្កាត់ការរីចរាលដាលជម្ងឺកូវីដ១៩ (COVID19) ។ ដោយឡែករាល់ការដោះដូរទំនិញនៅអនុញ្ញាតិឲ្យឆ្លងកាត់ជាធម្មតា មិនត្រូវបានបិទនោះទេ ។
សូមបញ្ជាក់ថា ច្រកចំនួន០៤ដែលត្រូវបានបិទ មិនអនុញ្ញាតិអោយប្រជាពលរដ្ឋ នៃប្រទេសទាំង២ធ្វើដំណើរឆ្លងកាត់នោះរួមមាន៖ ទី១-ច្រកទ្វារព្រំដែនអន្តរជាតិក្អមសណរ ស្ថិតក្នុងស្រុកលើកដែក ទី២-ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ទី៣-ច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា និងទី៤-ច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះធំ ៕ ស្អាងជយ័