ភ្នំពេញ៖ ថ្ងៃច័ន្ទទី ២៣ ខែមីនាឆ្នាំ ២០២០នៅថ្ងៃនេះដែរ ក្រុមហ៊ុនសែលកាតបានប្រគល់ជូននូវគ្រឿងបរិក្ខារការពារសុវត្ថិភាព ជូនដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជួយការពារបុគ្គលិករបស់នាយកដ្ឋានក្នុងអំឡុងពេលដែលពួកគាត់បន្តប្រតិបត្តិការការងាររបស់ខ្លួន។ គ្រឿងបរិក្ខាររួមមានដូចជាម៉ាសការពារចំនួន៥០០០ ទឹកលាងដៃសំលាប់មេរោគចំនួន៣០០ដប និង ឧបករណ៍វាស់កម្តៅចំនួន៣៥គ្រឿងដែលបានបរិច្ចាគដោយផ្ទាលពីសំណាក់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប។
លោកអៀន វ៉ាតសុន (Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានប្រគល់អំណោយនេះដោយផ្ទាល់ជូនដល់ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលធ្វើឡើងនៅទីស្នាក់ការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ទង្វើទាំងនេះបង្ហាញបន្ថែមអោយឃើញពីយុទ្ធនាការគម្រោងថ្មីពីសែលកាតដែលមានឈ្មោះថា Cellcard 4U ហើយក៏បង្ហាញថាក្រុមហ៊ុនសែលកាតដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តតែមួយគត់ គ្រប់គ្រងដោយជនជាតិខ្មែរ និងបង្កើនកម្រិតសេវាកម្មរបស់ខ្លួននៅទូទាំងប្រទេស។
ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាលក់រាយរបស់សែលកាត នឹងពន្យារម៉ោងបំរើសេវាកម្មសម្រាប់អតិថិជននៅថ្ងៃធ្វើការ និងថ្ងៃសៅរ៍រហូតដល់ម៉ោង6:30ល្ងាច ហើយនឹងផ្តល់ជូនសេវាដឹកជញ្ជូនស៊ីមកាតដោយឥតគិតថ្លៃដល់អ្នកដែលមិនអាចទៅដល់ហាង ឬភ្នាក់ងារចែកចាយដោយផ្ទាល់បាន។
គម្រោង Cellcard 4U ក៏ភ្ជាប់មកជាមួយនូវគម្រោងតំលៃថ្មីដែលផ្តល់លទ្ធភាពដល់អតិថិជនរក្សាទុកសមតុល្យទឹកប្រាក់ដែលមិនទាន់បានប្រើអស់ ទៅគម្រោងបន្ទាប់ និងការភ្ជាប់គម្រោងរៀងរាល់សប្តាហ៍ទី ៤ ដោយឥតគិតថ្លៃ ។
នាយកប្រតិបត្តិលោក Ian Watson បានមានប្រសាសន៍ថា“ សែលកាតកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីខិតខំបន្តគាំទ្រប្រជាជនកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ” ។
“ ខណៈពេលដែលយើងផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់បន្ថែមទៀតដល់អតិថិជនរបស់យើង យើងក៏កំពុងតែការពារបុគ្គលិករបស់យើងផងដែរ ជាមួយនឹងវិធានការ និងនីតិវិធីសុវត្ថិភាពបន្ថែម។
សហសេវិករបស់យើងនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺជាផ្នែកមួយនៃទំនួលខុសត្រូវរបស់យើងផងដែរ
ក្រុមហ៊ុនសែលកាតគឺនៅទីនេះសម្រាប់រដ្ឋមន្រ្តី និងនាយកដ្ឋានរបស់លោកខណះពេលដែលយើងរួមគ្នាធ្វើការងារដើម្បីរក្សាទំនាក់ទំនងជូនដល់ប្រទេសកម្ពុជា ។លោក Watson បានមានប្រសាសន៍បន្តទៀតថា កិច្ចការប្រតិបត្តិការបន្តរបស់ក្រសួងពេលនេះគឺជាបញ្ហាសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាហើយក្រុមហ៊ុន ប្តេជ្ញាចិត្តបម្រើក្រសួង និងជួយការពារនិយោជិកឲ្យបន្តប្រតិបត្តិការនេះ” ។ “យើងត្រូវតែឈររួមគ្នា និងរឹងមាំ ដើម្បីធ្វើការនិងប្រឈមមុខរាល់បញ្ហាដែលកើតឡើង។
សម្រាប់ប្រជាជនកម្ពុជា រួមទាំងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងរដ្ឋាភិបាលទាំងមូល Cellcard 4U គឺសម្រាប់មនុស្សគ្រប់រូប សម្រាប់គ្រប់អតិថិជន និយោជិក អ្នកពាក់ព័ន្ធ និងដៃគូសំខាន់ៗរបស់យើង” ។