ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បញ្ជាបន្ទាន់ក្នុងថ្ងៃនេះឲ្យអភិបាលខេត្តទាំងអស់ជួលទីតាំងសណ្ឋាគារ ផ្ទះសំណាក់ សម្រាប់កន្លែងព្យាបាលអ្នកជំងឺ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាភ្លាមៗឲ្យអាជ្ញាធរខេត្ត ត្រូវមានវិធានការបន្ទាន់ និងចាំបាច់ ទទួលយកបទបញ្ជាពីសម្តេច រកវិធីជួលសណ្ឋាគារ ផ្ទះសំណាក់ ជាកន្លែងសម្រាប់ព្យាបាលអ្នកដែលសង្ស័យថាមានការឆ្លងជំងឺវីរុសកូវីដ-១៩ ចាប់ពី៦០បន្ទប់ ឬ១០០បន្ទប់ ។ ដោយសារសណ្ឋាគារ និងផ្ទះសំណាក់ខ្លះ ត្រូវបានផ្អាកអាជីវ កម្ម ។ ដូច្នេះអាចធ្វើការទំនាក់ទំនងជួលម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ ចាត់ទុកជាជួយការធ្វើអាជីវ កម្មពួកគាត់ក៏អាចថាបាន ។
នៅក្នុងបទបញ្ជារបស់សម្តេចបានធ្វើឡើងជាបន្ទាន់មួយនៅក្នុងថ្ងៃនេះ ជម្រាបជូនទៅអភិបាលខេត្ត ទាំងអស់ថា ៖ មិនមែនសំដៅតែទៅលើសាលារៀនប៉ុណ្ណោះទេ ដែលចាំបាច់រៀបចំធ្វើជាកន្លែងទីតាំងព្យាបាល ។ ប៉ុន្តែបច្ចុប្បន្នឃើញថា សណ្ឋាគារជាច្រើននៅតាមបណ្តាខេត្ត គឺមិនសូវមានភ្ញៀវស្នាក់ នៅនោះទេ ហើយក៏មានអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ក៏អាចមានអគារខ្លះដែរ តែបើ មានសណ្ឋាគារ ឬមជ្ឈមណ្ឌលណាដែលវាល្អ យើងអាចយកទីតាំងហ្នឹង ដោយមិនចាំបាច់យកសាលារៀនទេ ។ សម្តេចលើកឡើងថា ដូចជានៅខេត្តសៀមរាប , ព្រះសីហនុ , កំពង់ចាម ឬខេត្តដទៃទៀត ដែលមានសណ្ឋាគារស្រាប់ យើងជួលយកសណ្ឋាគារហ្នឹងតែម្តង ព្រោះមានប្រព័ន្ធទឹក ប្រព័ន្ធ ភ្លើង មានម៉ាស៊ីនត្រជាក់ កង្ហារ គ្រប់គ្រាន់តែម្តង ។ ដូច្នេះយើងត្រូវជួលយក និងគ្រប់គ្រង ដោយសារ មានគ្រែ បន្ទប់មានហើយស្រេច ជាការងាយស្រួល ។
សម្តេចបានថ្លែងបន្តថា បើខេត្តធ្វើការមិនទាន់ ទៅលើបញ្ហាហ្នឹង គឺសាលារៀន យើងយក យើងធ្វើការតែពេលណា ដែលយើងមិនអាចរកសណ្ឋាគារបាន ទើបយើងយកទីតាំងសាលារៀន នោះជាកន្លែងសម្រាប់ព្យាបាល ។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារយើងមានសណ្ឋាគារច្រើន ហើយត្រូវបានបិទ ដោយសារគ្មានភ្ញៀវ ចឹងយើងយកសណ្ឋាគារតែម្តង ដោយជួលគេ ត្រូវចំណាយលុយរបស់យើង ដើម្បីជួល ហើយប៉ះប៉ូវឲ្យគេ ដូចជាជួយរកស៊ីឲ្យគេដែរ ។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីការព្យាបាលទៅអាចនឹងរកទិញសម្ភារៈមកប៉ះប៉ូវយ៉ាងម៉េចសម្រាប់សម្លាប់មេរោគ ប្រើប្រាស់ឲ្យបានល្អនៅទីតាំងនោះ ដូច្នេះយើងយកសណ្ឋាគារឲ្យដាច់ណាមួយ មាន៥០-៦០បន្ទប់ ឬក៏១០០បន្ទប់ យើងត្រូវរកទុកដើម្បីត្រៀមគ្រប់គ្រងសភាពការណ៍ហ្នឹង ។ ដោយឡែកសាលារៀន គ្រាន់តែការបម្រុងទុកមើល តែបើរកសណ្ឋាគារបាននោះជាការល្អ ។ សម្តេចបានថ្លែងបន្តថា សូមលោក ម៉ម ប៊ុនហេង រដ្ឋ មន្ត្រីក្រសួងសុខាភិបាលគិតឡើងវិញ នៅក្នុងក្រុមយុទ្ធនាការ ក៏ត្រូវធ្វើការរៀបចំឡើងវិញ ដែលខ្ញុំ មើលឃើញសណ្ឋាគារមានលទ្ធភាពច្រើន ដែលគេមិនប្រើប្រាស់ ។ អគារខ្លះជាខុនដូនៅតាមកន្លែងខ្លះ ក៏អាចធ្វើបានដែរ ព្រមទាំងផ្ទះសំណាក់ក៏អាចធ្វើបាន តែវារាយប៉ាយពេកក៏ពិបាក និងមិនល្អដែរ ។ សម្តេចចេញបទបញ្ជាទៀតថា ត្រូវបានគិតគូឲ្យបានម៉ត់ចត់ ដោយមានកន្លែងខ្លះ បណ្តុះបណ្តាវិជ្ជា ជីវៈ មានមូលដ្ឋានសមរម្យ អាចយកជាសាលាបណ្តុះបណ្តាវិជ្ជាជីវៈ ។ ប៉ុន្តែដំបូងយើងយកសណ្ឋាគារសិន ដូច្នេះត្រូវខិតខំរកសណ្ឋាគារ ជាអគារយកមកប្រើ ដើម្បីជាមូលដ្ឋានមានសម្ភារៈគ្រប់គ្រាន់ និង សូមចាត់ចែងពីអភិបាលខេត្តជាបន្ទាន់ពីរឿងនេះ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញវិជ្ជមានកូវីដ១៩ចំនួន២នាក់ថ្មីបន្ថែមទៀត កើនដល់៨៦នាក់នៅក្នុងប្រទេសកម្ពុជា ។ ក្នុងនោះទាំងប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាជ្ញាធររាជធានី-ខេត្ត ជំនាញពាក់ព័ន្ធបានយកចិត្តទុកដាក់ ពីការរាលដាល បង្ការ ទប់ស្កាត់ ពីសេសកម្ពុជាបានទទួលនូវក្រុមគ្រូពេទ្យជំនាញពីរដ្ឋាភិបាលប្រទេសចិន ចំនួន៧រូបមកដល់ប្រទេសកម្ពុជាហើយ រួមជាមួយឧបករណ៍សម្ភារៈ ដែលពួកគាត់អាចផ្តល់ជាបទ ពិសោធន៍ជំនាញ លើវិធានការណ៍ការពារ ការរាលដាលនៃជំងឺកូវីដ-១៩នេះ នៅកម្ពុជា៕ សុខខេមរា


ចែករំលែក៖