ព័ត៌មានទាន់ហេតុការណ៍៖

ស៊ុន ស្រីពេជ្រ និងយុគ ចិន្តា ឃុំខ្លួនឯងដាច់ដោយឡែក១៤ថ្ងៃក្រោយវិលពីសម្តែងនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង ស៊ុន ស្រីពេជ្រ និងពិធីការិនីអ្នកនាង យុគ ចិន្តា បានវិលពីការច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិកហើយកាលពីថ្មីៗនេះ។ អ្នកទាំងពីរសម្រេចចិត្តសំងំនៅតែក្នុងផ្ទះ កាត់ផ្តាច់ភាពស្និទ្ធិស្នាលជាមួយសមាជិកគ្រួសាររយៈពេល១៤​ថ្ងៃដើម្បីរក្សាសុវត្ថិភាពពីការរីករាលដាលនៃជំងឺCovid-19។

អស់រយៈពេលជាងមួយសប្តាហ៍ហើយដែលតារាចម្រៀង ស៊ុន ស្រីពេជ្រ  និងអ្នកនាង យុគ ចិន្តា បានវិលត្រឡប់មកពីការច្រៀងរាំនៅក្នុងរដ្ឋមួយចំនួន នៃសហរដ្ឋអាមេ​រិក។ ទោះបីជាមានមានការព្រួយបារម្ភខ្លះមែន ប៉ុន្តែការច្រៀងរយៈពេលជាច្រើនសប្តាហ៍នៅទីនោះទទួលបានជោគជ័យ។ ក្រោយពីវិលត្រឡប់មកដល់កម្ពុជា ក៏ស្របពេលដែលជំងឺនេះបាននឹងកំពុងតែធ្វើឲ្យមានការព្រួយបារម្ភពីមនុស្សនៅជុំវិញពិភពលោក។ នៅសហរដ្ឋអាមេរកក៏បានការផ្ទុះនូវករណីជំងឺ Covid -19 ផងដែរ ដែលធ្វើឲ្យសិល្បករទាំងពីរបានសម្រេចចិត្តដាក់ខ្លួនឯងនៅដាច់ដោយឡែកពីអ្នកដទៃ ពិសេសក្រុមគ្រួសាររយៈពេល១៤ថ្ងៃ។

ស៊ុន ស្រីពេជ្រ ថា ជាការប្រុងប្រយ័ត្ន ទាំងអស់គ្នាសូម្បីការជួបជុំស្និទ្ធស្នាលបងប្អូន កូនប្តី ក៏មិនហ៊ាននៅក្បែរគ្នាផង។ នាងចាត់ទុកថាជំងឺCovid-19  បាននឹងកំពុងបំផ្លាញក្តីសុខនាង និងមនុស្សគ្រប់គ្នា។ នាងថានាងសំងំនៅតែក្នុងផ្ទះទទួលទានតែអាហារក្តៅៗដូចជាបបរជាដើម ហើយនាងស្នើឲ្យប្រជាជនខ្មែរផ្អាកការជួបជុំផឹកស៊ី ឬជុំគ្នាបន្តទៀត​ព្រោះវាស្មើនឹងការយកជីវិតក្រុមគ្រួសារទាំងមូលមកលេងសើច ហើយនាងស្នើកុំឲ្យមើលងាយស្ថានភាពជំងឺមួយនេះផងដែរ។

ងាកមកពិធីការិនី យុគ ចិន្តា វិញក៏បានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីសមាជិគ្រួសារផងដែរ ដែលសូម្បីតែថ្ងៃទី២៣ ខែមីនា ដែលជាថ្ងៃខួបកំណើតរបស់នាងក៏មិនមានពិធីជួបជុំណាមួយនោះដែរ។ ក៏មិនមានមិត្តរួមការងារសិល្បៈមកអបអរសាទរផ្ទាល់ថ្ងៃខួបកំណើតនាងដែរ គឺមានតែការផ្ញើសារជូនពរ ដែលក្នុងនោះពិធីករលោក តាប៊ុយ បានផ្ញើសារ និងកាត់នំពីចម្ងាយសម្រាប់នាងផងដែរ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់រសៀលថ្ងៃទី២៤ ខែមីនា នេះ កម្ពុជា មានករណីឆ្លងវីរុសCOVID-19 ចំនួន៨៧នាក់ហើយ ៕ដោយ ៖ វឌ្ឍនា


ចែករំលែក៖