ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃនេះ បានណែនាំ និងកំណត់ដល់ភាគីពាក់ព័ន្ធ ដូចជាកម្មករនិយោជិត ត្រូវផ្តល់លេខទូរស័ព្ទដែលអាចទំនាក់ទំនងបានចំនួន ១ខ្សែ ដើម្បីងាយស្រួលទំនាក់ទំនងនិងផ្តល់ព័តមាន។
យោងតាមសេចក្តីជូនដំណឹង ស្ដីពីការតម្រូវឱ្យធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទទំនាក់ទំនងរបស់កម្មករនិយោជិត របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ថា ដើម្បីធានាដល់ការផ្តល់ព័តមានចាំបាច់នានាជូនកម្មករនិយោជិត ក្រសួងការងារសូមណែនាំ និងកំណត់ដល់ភាគីពាក់ព័ន្ធដូចជា ចំពោះកម្មករនិយោជិត ត្រូវផ្តល់លេខទូរស័ព្ទដែលអាចទំនាក់ទំនងបានចំនួន ១ខ្សែ ទៅអ្នកទទួលបន្ទុករដ្ឋបាល ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសណ្ឋាគារ ដែលខ្លួនកំពុងធ្វើការ ដោយសរសេរឱ្យបានច្បាស់ៗ និងត្រឹមត្រូវដើម្បីឱ្យបានច្បាស់ៗ និងត្រឹមត្រូវ ដើម្បីឱ្យទទួលបន្ទុករដ្ឋបាលធ្វើបច្ចុប្បន្នភាពតារាងបញ្ជីឈ្មោះ និងប្រគល់ឱ្យអធិការងារមុនថ្ងៃទី២៦ ខែមីនានេះ។
ប្រភពដដែលបន្តទៀតថា ត្រូវរក្សាលេខទូរស័ព្ទដែលបានផ្តល់ឱ្យអ្នកទទួលបន្ទុករដ្ឋបាលនេះជាដាច់ខាតក្នុងអំឡុងខែមីនា មេសា និងឧសភា ឆ្នាំ២០២០នេះ។ ក្រោយខែឧសភា ឆ្នាំ២០២០ ប្រសិនជាមានការផ្លាស់ប្តូរលេខទូរស័ព្ទជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នកទទួលបន្ទុករដ្ឋបាលជាបន្ទាន់។
សាមីជនត្រូវទទួលខុសត្រូវខ្លួនឯងក្នុងការខាតបង់ផលប្រយោជន៍ផ្សេងៗ ដែលបណ្តាលមកពីការខកខានផ្តល់លេខទូរស័ព្ទជូនដល់អ្នករដ្ឋបាលមុនថ្ងៃទី២៦ ខែមីនា។
សេចក្តីជូនដំណឹងនេះបានបញ្ជាក់ទៀតថា ដោយឡែក ចំពោះម្ចាស់ ឬនាយក ឬប្រធានរដ្ឋបាល របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសណ្ឋាគារ ត្រូវចាត់ឱ្យអ្នកទទួលបន្ទុករដ្ឋបាល និងគណនេយ្យរបស់ខ្លួនធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទទំនាក់ទំនងរបស់កម្មករ និយោជិត នៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស និងសណ្ឋាគាររបស់ខ្លួន។
ត្រូវធ្វបញ្ជីឈ្មោះកម្មករនិយោជិត ដោយឈរលើទម្រង់ឯកសារស្វ័យប្រកាសប្រចាំខែរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដោយបន្ថែមកូឡោនលេខទូរស័ព្ទរបស់កម្មករនិយោជិតម្នាក់ៗ តាមគំរូដូចមានជូនភ្ជាប់ជាមួយ។
ត្រូវធ្វើបញ្ជីឈ្មោះនេះជា អ៊ិចសែល ហ្វាល (Excel File) មកអ៊ីម៉ែល (Email: info@.nea.gov.kh) និងត្រូវផ្ញើរច្បាប់ដើមដែលមានវាយត្រានៅគ្រប់ទំព័រ មកនាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ រាជធានី ខេត្ត សម្រាប់សហគ្រាសដែលស្ថិតនៅក្នុងដែលរាជធានី ខេត្ត ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២០ជាកំហិត។
ក្រសួងការងារបានបញ្ជាក់ជូនម្ចាស់ ឬនាយកក្រុមហ៊ុន រោងចក្រ សហគ្រាស និងសណ្ឋាគារទាំងឡាយណាដែលខកខានក្នុងការចាត់ចែងការធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទទំនាក់ទំនងរបស់កម្មករនិយោជិត ត្រូវទទួលការពិន័យទៅតាមច្បាប់ស្តីពីការងារដោយអធិការការងារ និងត្រូវទទួលទោសទណ្ឌផ្សេងទៀតតាមច្បាប់ជាធរមាន៕