ខេត្តកំពង់ធំ៖ មានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួនបានសម្រេច បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នៅ ភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ គុច សុផាន់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែ មុខរបរ ធ្វើស្រែ នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
តាមការ បំភ្លឺរបស់ ឈ្មោះ គូវ ភី ត្រូវជាម្ដាយជនរងគ្រោះ បានបញ្ជាក់ថា កូនប្រុសរបស់គាត់តែងទៅជួយធ្វើការងារគាត់នៅចម្ការកៅ ស៊ូ បៀន ហៀក រាល់ថ្ងៃ ហើយប៉ុន្មានថ្ងៃមកនេះ ក្រុមហ៊ុនតម្រូវឲ្យឈប់សម្រាក ៤ថ្ងៃ។ ក្រោយពីសម្រាកពីការងារកូនប្រុសរបស់គាត់ដូចជាមានចរឹតប្លែកៗដោយវាមិនសូវនិយាយស្ដីជាមួយបង ប្អូននោះទេ។ លុះ នៅថ្ងៃកើតហេតុម៉ោងប្រហែល ៧ព្រឹកវាបានទៅជួយរែកទឹកត្នោតឲ្យគេ រហូតដល់ម៉ោងប្រហែល ៨ ព្រឹក វាបានត្រឡប់មកវិញ ពេលនោះគាត់បានស្ដីបន្ទោសឲ្យវាថា កូនឯងទើបមកពីណា គេមកពីថៃច្រើនណាស់ ប្រយ័ត្នឆ្លងជំងឺស្អីគេនោះ(កូវីដ-១៩)។ ចាំ១៤ថ្ងៃចាំទៅលេងជាមួយពួកអស់នឹងបានទេ? វាតបវិញថា ខ្លាចអីទេម៉ែ មនុស្សដូចតែគ្នា គាត់ក៏តបវិញថា អឺ! បើអាមិនស្ដាប់អញ អាឯងចង់ទៅនៅជាមួយអ្នកណា ក៏ទៅៗ នៅជាមួយម៉ែ ម៉ែប្រើឯងណាស់។ បន្ទាប់មកវាក៏ដើរចេញបាត់ទៅ ។ លុះដល់ម៉ោងប្រហែល ១០ ព្រឹកថ្ងៃដដែលស្រាប់តែមានបងប្អូនក្នុងភូមិផ្អើលឆោឡោ ហើយរត់មកប្រាប់គាត់ថា កូនប្រុសគាត់ ចងកនឹងដើមស្វាយចន្ទីក្រោយផ្ទះស្លាប់បាត់ហើយ មិនដឹងពីពេលណាទេ ។
ចំណែកការបំភ្លឺរបស់ឈ្មោះ គូវ ភាក់ ភេទស្រី ត្រូវជាម្ដាយមីងជនរងគ្រោះវិញបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១០ គាត់បានទៅបេះផ្លែស្វាយចន្ទី ពេលកំពុងរើសគ្រាប់ចន្ទី ក្រឡេកមើល ទៅទិសខាងត្បូងស្រាប់តែឃើញក្មួយប្រុសគាត់ ចងក និងដើមស្វាយចន្ទី មិនដឹងស្លាប់ពីពេលណាទេ គាត់ក៏ស្រែកហៅបងប្អូនឲ្យមកជួយ។ពេលនោះក៏មានបងប្អូនមកជួយ ហើយស្រាយទម្លាក់សពដាក់មកដីធ្វចលនាសង្រ្គោះបឋមតែក្មួយប្រុសស្លាប់បាត់ទៅហើយ ។
បន្ទាប់មកសមត្ថកិច្ចជំនាញ សហការជាមួយ លោកមេភូមិ ប៉ុស្ដិ៍រដ្ឋបាលសាគ្រាម និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសពនិងទីកន្លែងកើតហេតុ ហើយពិនិត្យនៅដងខ្លួនសាកសពពុំឃើញមានស្លាកស្នាមគួរកត់សម្គាល់ឡើយ រួចក៏ធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញអះអាងថា ក្មេងរងគ្រោះនេះពិតជាបានស្លាប់ដោយសារចងក(ធ្វើអត្តឃាត) ដោយសារខឹងម្ដាយស្ដីបន្ទោសមិនឲ្យដើរលេង៕ ប៊ុន រិទ្ធី