ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ស្នើឱ្យសមត្ថកិច្ចចាត់វិធានការ លើជនដៃដល់ប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីខេត្តប៉ៃលិន

ចែករំលែក៖

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវឱ្យសមត្ថកិច្ចនិងអាជ្ញាធរខេត្តប៉ៃលិន ចាត់វិធានការលើជនដៃដល់ប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោក ឯម ច័ន្ទមករាបានបញ្ជាក់ក្នុងពេលនេះ បានធ្វើឡើងបន្ទាប់ពីលោកទទួលបានព័ត៌មាននៃការប្រើអំពើហិង្សានេះ ពីការចែកចាយនូវវីដេអូមួយ ដែលបានបង្ហាញពី សកម្មភាពប្រើអំពើហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ចមួយក្រុមទៅលើជនមានពិការភាពម្នាក់ ដែលជាបុគ្គលិកបម្រើការងារ នៅអគ្គីសនីខេត្តប៉ៃលិន។

បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា «យើងខ្ញុំកំពុងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត ហើយបានផ្តល់ព័ត៌មាននេះទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីរៀបចំនីតិវិធីតាមផ្លូវច្បាប់រួចហើយ»។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ជនមានពិការភាព ត្រូវបានការពារដោយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ យោងតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ករណីនេះលោក ឯម ច័ន្ទមករា បានស្នើឱ្យអាជ្ញាធរស្វែងរកមូលហេតុពិតប្រាកដនិងរកយុត្តិធម៌ដល់ជនរងគ្រោះដែលមានពិការភាព។ លោកអគ្គលេខាធិការរូបនេះបាន បន្តទៀតថា «ប្រសិនបើបុគ្គលិកមានពិការភាពរូបនោះប្រើពាក្យសម្តីឬកាយវិការមិនសមរម្យចំពោះអតិថិជន គម្បីដាក់ពាក្យរិះគន់ដើម្បីស្ថាបនា ទៅប្រធានសាខាអគ្គីសនីនៅទីនោះ មិនគួរប្រើអំពើហិង្សា ដែលផ្ទុយពីច្បាប់ទេ»។

បើតាមការបង្ហើបឲ្យដឹងពីមន្ទីរសង្គមកិច្ចខេត្តប៉ៃលិន បានឲ្យដឹងថា ករណីនេះ បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ និងកំពុងតែដំណើរការ ទៅតាមនីតិវិធីច្បាប់។ តែយ៉ាងណាក៏ដោយ មកដល់ពេលនេះ នៅមិនទាន់មានការសម្រេចតាមផ្លូវច្បាប់ នៅឡើយទេ។

គួរបញ្ជាក់ថា បើយោងតាមការបង្ហោះនៅក្នុងវីដេអូ បានបង្ហាញថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មេកងការពារព្រំដែនលេខ៥០៤ បានដឹកនាំកម្លាំង វាយបុគ្គលិកអគ្គិសនី ដែលជាជនមានពិការភាព។ បើតាមការបញ្ជាក់បន្ថែម ការប្រើហិង្សាលើបុគ្គលិកមានពិការភាព ដោយសារក្រុមបញ្ជាការពារព្រំដែនលេខ៥០៤ មិនបានទូរទាត់ថ្លៃអគ្គីសនីរយៈពេល៦ខែ ទើបខាងអគ្គិសនីគេផ្តាច់អគ្គិសនី ដែលជាហេតុធ្វើឱ្យកងកម្លាំងនៅបញ្ជាការពារ ៥០៤ មានការខឹងសម្បារ បង្ករជាកំហឹង ទើបនាំបក្សពួកទៅបង្កហេតុ នឹងអុកឡុកប្រើហិង្សារទៅបុគ្គលិក អគ្គិសនីបែបនេះ។ បើតាមឲ្យដឹងពីប្រជាពលរដ្ឋ ហេតុផលដែលមេ កងការពារព្រំដែនលេខ៥០៤ បង់លុយយឺត ទៅខាងអគ្គីសនី ក៏ព្រោះលង់ខ្លួនចាញ់ល្បែងកាស៊ីណូ៕ដោយ៖ សុខ ខេមរា

 


ចែករំលែក៖