ថៃ៖មកទល់ពេលនេះថៃមានករណីឆ្លង កូវីដ-១៩ជាង ១២០០នាក់ហើយ និងស្លាប់៦ នាក់ ចំណែកអ្នកព្យាបាលជាសះស្បើយកើនឡើង១០០នាក់ផងដែរ ។ ប៉ុន្តែរដ្ឋាភិបាលបារម្ភយ៉ាងខ្លាំង ក្នុងពេលបុណ្យចូលឆ្នាំខាងមុខនេះ៕
នៅរដូវបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ កាន់តែខិតចូលមកដល់ ពលរដ្ឋថៃតែងតែធ្វើដំណើរ ចាកចេញពីទីក្រុង ឆ្ពោះទៅកាន់ផ្ទះសម្បែង និងស្រុកកំណើតរបស់ពួកគេ នៅតាមខេត្តនានា ទើប ធ្វើឲ្យអ្នកជំនាញខាងសុខាភិបាលព្រួយបារម្ភ ហើយព្យាករថា នៅក្នុងប្រទេសថៃ អាចនឹងមានករណីឆ្លងថ្មី នៃវីរុសរលាកផ្លូវដង្ហើម ឬវីរុសកូរ៉ណា ហៅកាត់ កូវីដ១៩ (Coronavirus disease 2019 ហៅកាត់ COVID-19) កើនឡើងដល់២០០០នាក់។
អ្នកជំនាញសុខាភិបាល បានព្យាករថា ប្រទេសថៃអាចនឹងមានករណីថ្មី នៃការឆ្លងកូវីដ១៩ ចំនួន២០០០នាក់ ក្នុងរយៈពេលត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ។ ការកើនឡើងចំនួនអ្នកឆ្លងថ្មីនេះ ក៏ដោយសារតែប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់ផ្ទះសម្បែង និងស្រុកកំណើតរបស់ពួកគេ នៅតាមបណ្ដាខេត្តនានា ខណៈមានក្រឹត្យប្រកាសអាសន្ន។
លោកវេជ្ជបណ្ឌិត Prasit Watanapa ព្រឹទ្ធបុរស នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យ Siriraj នៃសាកលវិទ្យាល័យ Mahidol បានមានប្រសាសន៍ កាលពីថ្ងៃសុក្រ ទី២៧ ខែមីនា ថាការឆ្លងថ្មីអាចនឹងកើនឡើង ក្នុងរយៈពេល២សប្តាហ៍ទៀត ខណៈពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត នៅតាមបណ្ដាខេត្តនានា។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា បើទោះជាពាក់ម៉ាសបាំងមុខក៏ដោយ ក៏ពួកគេនៅតែប្រឈមនឹងហានិភ័យ នៃការរីករាលដាល និងឆ្លងមេរោគដែរ ខណៈពួកគេធ្វើដំណើរទៅកាន់ចំណតរថយន្តក្រុង ហើយនៅទីមានមនុស្សច្រើន ក្នុងអស់រយៈពេលជាច្រើនម៉ោង។
ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃថៃ បានស្នើឲ្យមានវិធានការយ៉ាងតឹងរឹង ដើម្បីគ្រប់គ្រងការរីករាលដាល នៃវីរុសកូវីដ១៩ នៅក្នុងទីក្រុងបាងកក និងតាមបណ្ដាខេត្តនានា ជាកន្លែងដែលមានអត្រាឆ្លងខ្ពស់បំផុត។
រហូតមកដល់ពេលនេះ ក្រុមវេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាយិកា ចំនួន៥នាក់ បម្រើការងារ ក្នុងមន្ទីរពេទ្យថាក់ស៊ីន ស្ថិតក្នុងទីក្រុងបាងកក បានឆ្លងវីរុសកូវីដ១៩ ពីអ្នកជំងឺ។ ករណីនេះធ្វើឲ្យគេមានការព្រួយបារម្ភ អំពីការឆ្លងវីរុសដល់បុគ្គលិកពេទ្យ ចំនួន១១នាក់ផ្សេងទៀត។ ប៉ុន្ដែវេជ្ជបណ្ឌិតទាំង២នាក់ និងគិលានុប្បដ្ឋាក២នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីព្យាបាល។
បើគិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ប្រទេសថៃ មានអ្នកឆ្លងវីរុសកូវី១៩ កើនឡើងជា១ពាន់នាក់ ក្នុងនោះស្លាប់៥នាក់ និងជាសះស្បើយចំនួន៩៧នាក់៕ ធីរីណា