ព័ត៌មានទាន់ហេតុការណ៍៖

មកពីកាប់អុសផឹកស្រាបៀរមួយកំប៉ុងប្រកាច់ស្លាប់គ្រូពេទ្យថាមកពីដាច់សរសៃឈាមខួរក្បាល

ចែករំលែក៖

ខេត្តសៀមរាប ៖  បុរសម្នាក់ខណៈផឹកស្រាបៀរអស់១កំប៉ុងស្រាប់តែប្រកាច់ដួលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅក្នុងភូមិខ្ចាស់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

មន្រ្តីនគរបាលស្រុកអង្គរជុំបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រ៉ម ចាយ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ជនរងគ្រោះបន្ទាប់ពីកាប់អុសរួច បានត្រឡប់មកដល់ផ្ទះមិនស្រួលខ្លួន រួចបានផឹកស្រាបៀរ អស់១កំប៉ុង ស្រាប់តែដួលស្លាប់នៅហ្នឹងផ្ទះតែម្តង។ពេលនោះ ក្រុមគ្រួសារមិនអស់ចិត្តក៏បានដឹកយកទៅមន្ទីរពេទ្យបង្អែកនៅស្រុកអង្គរជុំ តែក្រោយមកបានបាត់បង់ជីវិត ខណៈក្រុមគ្រួសារនិយាយថា ជនរងគ្រោះ តែងផឹកស្រាជាប្រចាំសោះ មិនគួរណាថ្ងៃនេះគាត់ស្លាប់ដោយសារផឹកស្រាបៀរមួយកំប៉ុង(មិនបញ្ជាក់ថាស្រាបៀរម៉ាកអី)

យោងតាមការចុះពិនិត្យជាក់ស្តែងរបស់មន្ត្រីនគរបាលជំនាញ និងក្រុមគ្រូពេទ្យបានឲ្យដឹងថា ករណីនេះពុំមានស្លាកស្នាម ឬចំណុចណាមួយដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ ហើយក្រុមគ្រូពេទ្យក៏បានបញ្ជាក់ដែរថា ជនរងគ្រោះស្លាប់ដោយសារដាច់សសៃឈាមខួរក្បាល និងមានជំងឺលើសឈាម ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖