ព័ត៌មានទាន់ហេតុការណ៍៖

មើលវីដេអូឃ្លីប ទើបដឹងថា សកម្មភាពទាហាន១ក្រុមប្រមាណ១០នាក់ មកប្រើហិង្សាលើជនពិការតែម្នាក់ បង្ហាញពីភាពសហាវឃោឃៅបំផុត(មានវីដេអូ)

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមវីដេអូឃ្លីបជាច្រើន អាចជាភ័ស្តុតាងដល់មន្ត្រីនគរបាលយុត្តិធម៍ កងរាជអាវុធហត្ថខេត្តប៉ៃលិន ធ្វើកំណត់ហេតុស្តាប់ចម្លើយ សំយោគបទល្មើស កសាងសំណុំរឿងបញ្ជូនខ្លួន ក្រុមជនសង្ស័យដែលបានប្រព្រឹត្តក្នុងបទល្មើសជាក់ស្តែង ទៅសាលាដំបូងតាមនីតិវិធី។
សូមបញ្ជាក់ថា៖ មានមន្រ្តីយោធាមួយក្រុម អាចស្រវឹងស្រាផង គ្នាប្រហែល១០នាក់ បានបើករថយន្តចំនួន ២គ្រឿង ចូលវាយបុគ្គលិកអគ្គិសនី ជាជនពិការជើង តែម្នាក់ឯង កំពុងធ្វើការ ដល់បន្ទប់ធ្វើការ ខណ:ខឹងក្រុមហ៊ុនផ្តាច់ភ្លើងអគ្គិសនី ដោយសារអង្គភាពយោធានោះ អត់បានបង់ប្រាក់៦ខែ។
បុគ្គលិកក្រុមហ៊ុន អគ្គិសនីនៅស្រុកសាលាក្រៅ ជាជនពិការជើងទាំងសងខាង របស់ក្រុមហ៊ុនអគ្គិសនី ឯកជនមួយយី ហោ « អឹម.អេស.ភី» បានរៀបរាប់ប្រាប់អង្គភាព នគរដ្រេហ្គន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ មីនា ២០២០ ក្នុងការិយាល័យអគ្គិសនីតែម្តងថា៖ រូបគាត់ត្រូវបានមន្រ្តីយោធាស្រវឹងស្រា១ក្រុម មានគ្នាប្រហែល១០នាក់ បានបើករថយន្តចំនួន២គ្រឿង ចូលទៅអុកឡុកពេញក្នុងការិយាល័យ និងវាយដំលើរូបគាត់ព្រមទាំងជេរប្រមាថគ្រប់បែបយ៉ាង វាយម្តងហើយ ម្តងទៀត និងអូសគាត់មកក្រៅ ទាំងគាត់គ្មានកម្លាំងទប់ទល់ក្នុងចំណោមជនបង្កដ៏ច្រើនបែបនេះ។ គាត់ខឹងគោ វ៉ៃរទេះ ខណៈក្រុមហ៊ុនអគ្គិសនី ផ្តាច់ប្រព័ន្ធភ្លើងប្រើប្រាស់ដោយសារតែអត់បង់ប្រាក់ឱ្យក្រុមហ៊ុនអស់រយ:ពេល៦ខែកន្លងមក បែជាមកវ៉ៃ និងសំឡុតគាត់ទៅវិញ។

សូមបញ្ជាក់ថា៖ ហេតុការណ៍ ដែលក្រុមមន្រ្តីយោធា បើករថយន្តលើកគ្នាទៅវាយជនរងគ្រោះ ជាជនពិការម្នាក់ ដល់ក្នុងបន្ទប់ធ្វើការនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៥០នាទីរសៀលថ្ងៃទី២៥ មីនា ២០២០ ស្ថិតក្នុងភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះ មាន ឈ្មោះ សុខ ទិត្យា ភេទប្រុសអាយុ៣៦ឆ្នាំ ជាជនពិការជើងទាំងពីរ មានស្រុកកំណើត នៅភូមិទួលតាឯង សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងបច្ចុប្បន្នស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

បើតាមការបញ្ជាក់ពីលោក សុខ ទិត្យា ជាជនរងគ្រោះបានឱ្យដឹងថា៖ មូលហេតុដែលបង្កឱ្យមានរឿងរ៉ាវបែបនេះ គឺម្ចាស់ក្រុមហ៊ុនអគ្គីសនី ខាងលើ បានចេញគោលការណ៍មួយ ឱ្យបុគ្គលិក ដើរស្រង់បញ្ជីឈ្មោះអតិថិជនដែលជំពាក់បំណុល ថ្លៃប្រើប្រាស់ភ្លើងអគ្គីសនីយូរខែ ។ ក្រោយមកខាងក្រុមហ៊ុនអគ្គីសនី បានពិនិត្យឃើញបន្ទាយយោធា វរ:សេនាតូចការពារព្រំដែនលេខ៥០៤ ជំពាក់ថ្លៃភ្លើងរហូតដល់៦ខែ សរុបចំនួន៣ ១៦៣ ១០០រៀល ក៏បញ្ជាឱ្យបុគ្គលិកចុះទៅបិទភ្លើង មិនឱ្យបន្តប្រើប្រាស់ទៀត ។
គាត់បន្តថា៖ លុះបិទនៅពេលព្រឹកថ្ងៃទី២៤ ខែមីនា ដល់ពេលយប់ជ្រៅស្រាប់តែគេលួចតភ្ជាប់ប្រើប្រាស់វិញ ដោយព្រឹកឡើងថ្ងៃទី២៥ មីនា គេសន្យាថា ដល់រសៀលថ្ងៃកើតហេតុ នឹងធ្វើការបង់ប្រាក់ថ្លៃភ្លើង ។ តែខាងមន្រ្តីយោធានោះអត់ធ្វើតាមការសន្យារបស់ខ្លួននោះទេ ទើបខាងក្រុមហ៊ុន បញ្ជាឱ្យបុគ្គលិកទៅបិទភ្លើងម្តងទៀត ។ លុះផ្តាច់បានត្រឹមតែប្រហែល២ម៉ោងប៉ុណ្ណោះ រហូតដល់វេលាម៉ោង ៤ និង៥០នាទីរសៀលស្រាប់តែមានមន្ត្រីយោធាប្រហែល១០នាក់បានចុះពីលើរថយន្តចូលទៅក្នុងបន្ទប់ការិយាល័យស្រែកជេរបញ្ចោរនិងមើលងាយខាងបុគ្គលិក ជាជនពិការ សព្វគ្រប់បែបយ៉ាង ថែមទាំងប្រមាថជីវិតលោកទៀតផង ហើយចោទថា គាត់បញ្ជាបុគ្គលិកឱ្យចុះទៅបិទភ្លើងអគ្គិសនី តាមពិតគឺក្រុមហ៊ុនតម្រូវឱ្យបិទ ព្រោះលោកគ្មានសិទ្ធិនោះទេ ។
លោកបញ្ជាក់ទៀតថា៖ ក្រុមមន្រ្តីយោធាទាំងនោះមានអ្នកខ្លះយកកុងទ័រភ្លើងទៅអុកក្បាលលោកម្តងហើយម្តងទៀត ខ្លះទះកំផ្លៀងនិងអុសរទេះរុញលោកពីក្នុងបន្ទប់ចេញក្រៅរួចធាក់២ជើងស្ទើរតែធ្លាក់ពីលើរទេះរុញផងដែរ ។
ជនពិការរូបនេះបានបន្តថា៖ លោកបានដាក់ពាក្យបណ្តឹងទៅខាងអាវុធហត្ថស្រុកសាលាក្រៅហើយ ដោយសុំប្តឹងចំពោះលោក វរ:សេនីយឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនគោកលេខ៥០៤ដែលបានដឹកនាំកម្លាំងមន្រ្តីយោធាចំនួន៨ទៅ១០នាក់ចូលទៅធ្វើសកម្មភាពវាយ និងប្រើអំពើហិង្សាលើរូបលោក ដែលជាជនពិការខណ:កំពុងធ្វើការក្នុងក្រុមហ៊ុនអគ្គិនី គ្មានអ្វីតតាំងនឹងគេវិញឡើយ ។

លោកក៏បានសំពះសុំឱ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេច ទៀ បាញ់ ព្រមទាំង នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេរភូមិន្ទ , លោកឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក និងលោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តុលាការ និងក្រសួងយុត្តិធម៌ ជួយផ្តល់យុត្តិធម៍ដល់រូបគាត់ជារងគ្រោះផង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនជើងគោកលេខ៥០៤បានឱ្យដឹងកាលពីវេលាម៉ោង១២ និង០១ នាទីថ្ងៃត្រង់ទី២៨ មីនា នេះថា ខាងលោកអត់បានដឹកនាំកម្លាំងមន្រ្តីទៅវាយធ្វើបាបបុគ្គលិកអគ្គិសនីខាងលើនោះឡើយ គឺលោកចូលទៅបង់ប្រាក់ថ្លៃជំពាក់បំណុល ជូនក្រុមហ៊ុនប៉ុណ្ណោះ ។ រីឯអ្នកផ្សេងទៀតលោកមិនដឹងឡើយ គឺគេប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះ ដោយសារខឹងនឹងបុគ្គលិកអគ្គិសនីដោះយកកុងទ័រភ្លើងចេញមិនឱ្យប្រើប្រាស់ ។ ចំណែក អ្នកដែលវាយទៅលើជនរងគ្រោះ មានចំនួន២នាក់ ទី១. ឈិន ណុប ភេទប្រុស ទី២. ឈ្មោះ អុិន ខ្លឹង ភេទប្រុសត្រូវបានខាងកងរាជអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅតុលាការ ។ ចំពោះការដែលលោកចូលទៅកន្លែងការិយាល័យអគ្គិសនីទាំងស្រវឹងស្រា លោកបញ្ជាក់ថាពេលរសៀលខាងលោកតែងតែមានការផឹកស្រាតិចតួចហើយ។
សូមជម្រាបថា៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ អង្គភាពយោធភូមិភាគទី៥ បានប្រគល់ខ្លួនជនបង្កជាទាហាន២នាក់ អោយទៅមន្ត្រីនគរបាលយុត្តិធម៍ កងរាជអាវុធហត្ថខេត្តប៉ៃលិន អនុវត្តតាមនីតិវិធី។
បើតាមរបាយការណ៍មន្ត្រីនគរបាលយុត្តិធម៍ កងរាជអាវុធហត្ថ ជម្រាបជូនលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅល្ងាចថ្ងៃទី២៨ ខែមីនា បានអោយដឹងថា៖ មានជនសង្ស័យ៣រូបត្រូវជាប់ក្នុងបទល្មើសហិង្សា គឺទី១-ឈ្មោះ យ៉យ សុីដូ ភេទប្រុស អាយុ៥៤ឆ្នាំ ទីកន្លែងកំណើតភូមិកោះសយ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានទីលំនៅសព្វថ្ងៃ ភូមិភ្នំស្តង់ ឃុំ-ស្រុក សាលាក្រៅ ខេត្តប៉ៃលិន មានតួនាទីជាយោធា ឋានវរសេនីយ៍ឯក មុខងារជាមេបញ្ជាការកងការពារព្រំដែនគោកលេខ៥០៤ អង្គភាពយោធភូមិភាគទី៥។ ទី២-ឈ្មោះ ឈិន ណុប ភេទប្រុស អាយុ៤៦ ឆ្នាំ ទីកន្លែងកំណើត ភូមិត្រពាំងទាប ឃុំកក់ ស្រុកបរសេដ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នរស់នៅ ភូមិភ្នំស្តង់ ឃុំ-ស្រុក សាលាក្រៅ ខេត្តប៉ៃលិន មុខរបរជាយោធា ឋានវរសេនីយ៍ត្រី មុខងារជាមេបញ្ជាការកងល្បាតទី៦ កងការពារព្រំដែនគោកលេខ៥០៤ អង្គភាពយោធភូមិភាគទី៥ ។ ទី៣-ឈ្មោះ អុិន ខ្លឹង ភេទប្រុស អាយុ៥៣ឆ្នាំ មានស្រុកកំណើត ភូមិ-ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ ភូមិបរឌិននៀវ សង្កាត់-ក្រុង-ខេត្តប៉ៃលិន មុខរបរជាយោធា ឋានៈអនុសេនីយ៍ទោ មុខងារជាមេបញ្ជាការរង កងល្បាតទី៣ កងការពារព្រំដែនគោកលេខ៥០៤ អង្គភាពយោធភូមិភាគទី៥។
សូមជម្រាបថា៖ ក្នុងរូបភាព ការប្រព្រឹត្តរបស់ក្រុមជនសង្ស័យ បង្ហាញអោយឃើញយ៉ាងច្បាស់ថា៖ ជនបង្កបានប្រព្រឹត្តមានគ្នាច្រើន ចូលទៅរំលោភទីតាំងកន្លែងធ្វើការរបស់គេ ការប្រព្រឹត្តវ៉ៃហើយ វ៉ៃទៀត ដែលជាអំពើហឹង្សាធ្ងន់ធ្ងរ បំផុត ។
មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា៖ គុណសម្បត្តិការពារជាតិគឺមានហើយ ព្រោះជាមេបញ្ជាការ ប៉ុន្តែករណីនេះ វារិតតែធ្វើឱ្យប្រជាជនខ្លាចលោកមេបញ្ជាការ ថ្ងៃក្រោយយកពាក្យគុណសម្បត្តិការពារព្រំដែន រួចធ្វើអំពើស្រេចតែចិត្ត នោះរិតតែប៉ះពាល់ដល់ស្ថាប័នយោធា ថ្នាក់លើបែបណា.? សម័យ អភិក្រម ទី៥ អ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលទោស ហែកអោយដាច់ពីតួនាទី និងការប្រព្រឹត្តផ្ទុយពីច្បាប់ ខណៈប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់។
ពាក់ព័ន្ធក្នុងអំពើហិង្សានេះ គេទទួលស្គាល់ថា ភាគីបង្កមានឆន្ទៈដោះស្រាយ ហើយការសម្របសម្រួលនេះក៏ស្ថិតក្នុងកម្រិតលាក់បាំង ឈានដល់មិនចុះសម្រុងគ្នា ក៏បែកធ្លាុយមកក្រៅ ទើបនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ តំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ស្នើឱ្យសមត្ថកិច្ចចាត់វិធានការ លើជនដៃដល់ប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីខេត្តប៉ៃលិន ។ ជាក់ស្តែងសាមុីអង្គភាពបានប្រគល់ខ្លួនជនបង្កទៅអោយខាងមន្ត្រីនគរបាលយុត្តិធម៍ កងរាជអាវុធហត្ថ នៅរសៀលថ្ងៃខែដដែល។
សូមបញ្ជាក់ថា៖ មុនការឃាត់ខ្លួនក្រុមជនបង្ក
លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវឱ្យសមត្ថកិច្ចនិងអាជ្ញាធរខេត្តប៉ៃលិន ចាត់វិធានការលើជនដៃដល់ប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោក ឯម ច័ន្ទមករាបានបញ្ជាក់ក្នុងពេលនេះ បានធ្វើឡើងបន្ទាប់ពីលោកទទួលបានព័ត៌មាននៃការប្រើអំពើហិង្សានេះ ពីការចែកចាយនូវវីដេអូមួយ ដែលបានបង្ហាញពី សកម្មភាពប្រើអំពើហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ចមួយក្រុមទៅលើជនមានពិការភាពម្នាក់ ដែលជាបុគ្គលិកបម្រើការងារ នៅអគ្គីសនីខេត្តប៉ៃលិន។

បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា «យើងខ្ញុំកំពុងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត ហើយបានផ្តល់ព័ត៌មាននេះទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីរៀបចំនីតិវិធីតាមផ្លូវច្បាប់រួចហើយ»។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ជនមានពិការភាព ត្រូវបានការពារដោយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ យោងតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ករណីនេះលោក ឯម ច័ន្ទមករា បានស្នើឱ្យអាជ្ញាធរស្វែងរកមូលហេតុពិតប្រាកដនិងរកយុត្តិធម៌ដល់ជនរងគ្រោះដែលមានពិការភាព។ លោកអគ្គលេខាធិការរូបនេះបាន បន្តទៀតថា «ប្រសិនបើបុគ្គលិកមានពិការភាពរូបនោះប្រើពាក្យសម្តីឬកាយវិការមិនសមរម្យចំពោះអតិថិជន គម្បីដាក់ពាក្យរិះគន់ដើម្បីស្ថាបនា ទៅប្រធានសាខាអគ្គីសនីនៅទីនោះ មិនគួរប្រើអំពើហិង្សា ដែលផ្ទុយពីច្បាប់ទេ»៕

ដោយ៖ សារ៉េត


ចែករំលែក៖